កាលពីថ្ងៃច័ន្ទ ទី២ ខែ ឧសភា ឆ្នាំ២០២២ កម្មវិធីមហោស្រព មេត ហ្គាឡា (Met Gala) បានចាប់ផ្តើមប្រារព្ភកម្មវិធីកំរាលព្រំក្រហមប្រចាំឆ្នាំរបស់ខ្លួនដូចជារៀងរាល់ដង ជាមួយនឹងការចូលរួមយ៉ាងកុះករពីសំណាក់តារាល្បីៗជាច្រើនមកចូលរួម។
មានប្រធានបទ២នៅក្នុងកម្មវិធីនេះ គឺប្រធានបទ Gala ២០២១ បង្ហាញអំពី “A Lexicon of Fashion” ហើយប្រធានបទឆ្នាំ ២០២២ មានគោលបំណងផ្តោតទៅលើ “Anthology of Fashion”។ ដូច្នេះតើអ្វីទៅជា កម្មវិធីកំរាលព្រំក្រហម Met Gala ហើយតើ Theme “Anthology of Fashion”។ Met Gala ឬ Met Ball ដែលមានឈ្មោះជាផ្លូវការថា Costume Institute Gala ឬ Costume Institute Benefitគឺជាកម្មវិធីរៃអង្គាថវិកាប្រចាំឆ្នាំដែលធ្វើឡើងសម្រាប់ជាប្រយោជន៍ដល់វិទ្យាស្ថានសំលៀកបំពាក់របស់សារមន្ទីរសិល្បៈ Metropolitan ក្នុងទីក្រុងញូ៉យក។ វាត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ម៉ូដសំលៀកបំពាក់ដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក។
មានតារាល្បីៗមកពីវិស័យផ្សេងៗជាច្រើនត្រូវបានគេអញ្ជើញឲ្យចូលរួមដូចក្នុងកម្មវិធីនេះដែលរៀបចំដោយទស្សនាវដ្តីម៉ូដ Vogue របស់អាមេរិក មានដូចជា តារាបង្ហាញម៉ូដ ភាពយន្ត ទូរទស្សន៍ តន្រ្តី កីឡា និងប្រព័ន្ធផ្សព្វផ្សាយសង្គមជាដើម។ ជាទូទៅកម្មវិធីនេះ តែងតែត្រូវបានគេប្រារព្ភធ្វើឡើងជារៀងរាល់ឆ្នាំនៅថ្ងៃច័ន្ទទីមួយនៃខែឧសភា។
អ្នកស្រី អែនណា វីនតួ (Anna Wintour) ដែលជាអ្នកកាសែតអាមេរិក និងជានិពន្ធនាយករបស់ទស្សនាវដ្តី Vogue បានធ្វើជាប្រធាន ឬ សហប្រធាន របស់ Met Gala ចាប់តាំងពីឆ្នាំ ១៩៩៥ មកម្ល៉េះ។ “Anthology of Fashion” មានន័យថា ការស្វែងយល់ពីប្រភពដើមនៃម៉ូដរបស់អាមេរិក ហើយប្រធានបទរបស់ Met Gala ឆ្នាំនេះគឺ “Gilded Glamour and White Tie”។ ប្រធានបទនេះរំលឹកអំពីរយៈពេលនៃកំណើនសេដ្ធកិច្ចនៅសហរដ្ធអាមេរិកពីឆ្នាំ ១៨៧០ ដល់១៨៩០។
សម្រាប់ព្រឹត្តិការណ៍ក្នុងឆ្នាំ ២០២២នេះ គេឃើញមានតារាកំពូលៗ និងអ្នកនយោបាយជាច្រើនផងដែរបានចូលរួម មានដូចជា Blake Lively និង លោក Ryan Reynolds ដែលត្រូវជាស្វាមីរបស់នាង អ្នកស្រី រីជីណា ឃីង (Regina King) និង លោក លីន ម៉ានុយអែល មីរែ៉ណដា (Lin-Manuel Miranda) ហើយពួកគេគឺសុទ្ធតែជាតារាសម្តែងនៅក្នុងខ្សែរភាពយន្តល្បីៗជាច្រើន ហើយនៅក្នុងកម្មវិធី Met Gala ២០២២ នេះ ពួកគេគឺជា ក្រុមម្ចាស់ផ្ទះ និងជាសហប្រធាន។ ចំណែកឯភ្ញៀវកិត្តិយសដ៏ស្រស់ស្អាតផ្សេងៗទៀតរួមមាន ច្លូ បៃលេ (Chloe Bailey) មីហ្គែន ធី ស្តាលៀន (Megan Thee Stallion) កាឌី ប៊ី (Cardi B) ការី មូលីហ្គែន (Carey Mulligan) និង លោក ម៉ាកូស មុមហ្វដ (Marcus Mumford) ហើយអ្វីដែលកាន់តែពិសេសទៀតនោះ អ្នកស្រី ហុីឡារី ឃ្លីនតុន (Hillary Clinton) ក៏បានចូលរួមដែរ។
បកប្រែដោយ៖ ម៉ៅ គុយដង់