ប្រទេសអូស្ត្រាលី៖ ក្រុមបាតុករប្រឆាំងនឹងវិធានការបិទខ្ទប់បានប៉ះទង្គិចគ្នាជាមួយប៉ូលិសនៅក្នុងទីក្រុងមែលប៊ន(Melbourne) នៅថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសអូស្ត្រាលីបានរាយការណ៍ពីការកើនឡើងនៃករណីឆ្លងប្រចាំថ្ងៃនៃជំងឺកូវីដ-១៩ច្រើនបំផុតមិនធ្លាប់មាន។
រូបថតពីលើអាកាសបានបង្ហាញឲ្យឃើញក្រុមបាតុករបាននាំគ្នារត់បំបុកប៉ូលិសដែលឈរជាជួរដើម្បីរារាំងពួកគេ ហើយត្រូវបានប៉ូលិសបាញ់ម្សៅម្រេចដាក់នៅពេលដែលពួកគេបន្តដើរក្បួនតាមដងផ្លូវក្នុងទីក្រុងនេះ។
នៅថ្ងៃសៅរ៍នេះ នាយករដ្ឋមន្ត្រីនៃរដ្ឋវីកតូរៀ (Victoria) លោក ដានីញែល អេនឌ្រូ (Daniel Andrew) បានពង្រីកវិធានការបិទខ្ទប់ដែលត្រូវបានអនុវត្តនៅក្នុងទីក្រុងមែលប៊ន (Melbourne) ទៅទូទាំងរដ្ឋ ខណៈដែលលោកបានរាយការណ៍ពីករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ក្នុងរដ្ឋនេះចំនួន ៦១នាក់។
ករណីឆ្លងជំងឺកូវីដ-១៩នៅក្នុងរដ្ឋវីកតូរៀបានបង្កឲ្យមានការព្រួយបារម្ភជុំវិញលទ្ធភាពរបស់អាជ្ញាធរក្នុងការគ្រប់គ្រងការឆ្លងរាលដាលនេះ ខណៈដែលបច្ចុប្បន្នអ្នកជំងឺចំនួន១៨នាក់កំពុងងសម្រាកព្យាបាលនៅមន្ទីរពេទ្យ, ៨នាក់ស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់ និង៦នាក់ត្រូវបានបំពាក់ម៉ាស៊ីនជំនួយការដកដង្ហើម។
ចំនួនអ្នកឆ្លងជំងឺកូវីដ-១៩នៅក្នុងប្រទេសអូស្ត្រាលីនៅមានកម្រិតទាបនៅឡើយបើធៀបនឹងប្រទេសអ្នកមានផ្សេងទៀតដោយមកទល់ពេលនេះមានអ្នកឆ្លងសរុបជាង៤៣,០០០នាក់និងមានអ្នកបាត់បង់ជីវិតសរុបចំនួន៩៧៨នាក់ប៉ុណ្ណោះ ប៉ុន្តែការផ្ទុះឡើងកាលពីពេលថ្មីនេះបានធ្វើឲ្យចំនួនអ្នកឆ្លងកើនឡើងគួរឲ្យកត់សម្គាល់៕
អត្ថបទ និងរូបភាពដោយ កណ្តាប់ដៃដែក