Reuters-
កងកម្លាំងអ៊ុយក្រែននិងរុស្សីបានប្រយុទ្ធគ្នានៅទីក្រុងកំពង់ផែ Mariupol យ៉ាងខ្លាំងក្លាកាលពីថ្ងៃអាទិត្យ ជាកន្លែងដែលពលរដ្ឋបានជាប់គាំង ដោយមានម្ហូបអាហារ និងទឹកភ្លើងបន្តិចបន្តួច ខណៈដែលលោកប្រធានាធិបតីបានអំពាវនាវឲ្យអុីស្រាអែលជួយ ដើម្បីរុញច្រានការវាយលុករបស់រុស្សីត្រឡប់ទៅក្រោយវិញ។ នៅក្នុងរដ្ឋធានី Kyiv គ្រាប់ផ្លោងបានធ្លាក់ចំផ្ទះសម្បែង និងហាងលក់ទំនិញជាច្រើននៅក្នុងស្រុក Podil កាលពីល្ងាចថ្ងៃអាទិត្យ បានសម្លាប់ជីវិតមនុស្សយ៉ាងហោចណាស់ក៏ម្នាក់ ចៅហ្វាយក្រុងបាននិយាយ។
នៅក្នុងការអំពាវនាវជាចុងក្រោយរបស់លោកដើម្បីជំនួយពីក្រៅប្រទេស លោកប្រធានាធិបតី Volodymyr Zelensky បានថ្លែងទៅកាន់សភាអុីស្រាអែលតាមវីឌីអូ និងបានសួរអំពីការស្ទាក់ស្ទើរក្នុងការលក់ ប្រព័ន្ធមីស៊ីលការពារ Iron Dome ទៅឲ្យអ៊ុយក្រែន។ “អ្នកផងទាំងឡាយបានដឹងថា ប្រព័ន្ធការពារមីស៊ីលរបស់អ្នកល្អណាស់ ហើយអ្នកនឹងអាចជួយប្រជាពលរដ្ឋយើង ក្នុងការសង្រ្គោះជីវិតរបស់ពលរដ្ឋអ៊ុយក្រែន និងជ្វីបអ៊ុយក្រែន” Zelensky បាននិយាយ ដែលមានដូនតាជាជនជាតិជ្វីប។
នាយករដ្ឋមន្ត្រីអុីស្រាអែល Naftali Bennet បានទូរស័ព្ទទៅកាន់លោកប្រធានាធិបតី Vladimir Putin និង Voldimyr Zelensky ជាច្រើនដងក្នុងការព្យាយាមដើម្បីបញ្ចប់ទំនាស់។ ទីក្រុង Mariupol បានរងគ្រោះដោយសារការទម្លាក់គ្រាប់បែកយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីរុស្សីបានចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ដែលពលរដ្ឋប្រមាណប្រហែលជា ៤០០,០០០នាក់ នៅជាប់នៅក្នុងទីក្រុងនោះជាមួយនឹងម្ហូបអាហារនិងទឹក ភ្លើងបន្តិចបន្តួច។
ក្នុងការកប់អ្នកជិតខាងម្នាក់នៅក្នុងផ្នូរបណ្តោះអាសន្នមួយនៅតាមដងផ្លូវ បុរសម្នាក់ដែលបានបង្ហាញអត្តសញ្ញាណរបស់គាត់ដោយប្រាប់ថាគាត់ឈ្មោះ Andrei បាននិយាយថា ពួកគេស្លាប់មិនមែនដោយសារគ្រាប់ផ្លោងទេ ប៉ុន្តែដោយសារជម្ងឺស្ត្រេស និងគ្រុនដោយសារគ្មានថ្នាំសង្កូវសំរាប់ព្យាបាល។ ការប្រយុទ្ធគ្នាបានបន្តរហូតនៅក្នុងទីក្រុងក្នុងថ្ងៃអាទិត្យ អភិបាលនៃតំបន់ Pablo Kyrylenko បាននិយាយ ដោយមិនវែកញែកអ្វីបន្ថែមទៀត។ រុស្សីបានអំពាវនាវឲ្យកងទ័ពអ៊ុយក្រែននៅក្នុងទីក្រុង Mariupol ដាក់អាវុធ ដោយនិយាយថា មហន្តរាយនៃមនុស្សធម៌មានទំហំធំធេងណាស់៕