Aljazeera-
សាកសពមនុស្សយ៉ាងហោចណាស់៩នាក់ ត្រូវបានរកឃើញនៅភូមិភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីមានការវាយឆ្មក់ដោយកងទ័ពអាកាសមីយ៉ាន់ម៉ា បើយោលទៅតាមរបាយការណ៍របស់សារព័ត៌មាន ដោយបានបន្ថែមថា ភាគច្រើននៃជនរងគ្រោះគឺជាជនស៊ីវិល រួមទាំងកូនក្មេង២នាក់ផងដែរ។ វ៉ែបសាយសារព័ត៌មាន របស់មីយ៉ាន់ម៉ាថ្ងៃនេះ បានរាយការណ៍កាលពីថ្ងៃអង្គារ៍ថា សាកសពត្រូវគេបានរកឃើញដោយសមាជិកនៃក្រុមស្រាវជ្រាវ និងសង្គ្រោះដែលបានទៅដល់ខាងក្រៅភូមិ Heang Khar នៅក្នុងតំបន់ Magway ក្នុងក្រុង Ganga បន្ទាប់ពីមានការវាយប្រហារ។
ជនរងគ្រោះ២នាក់គឺជា សមាជិកនៃកងកម្លាំងការពារខ្លួនឯងដែលប្រឆាំងនឹងរដ្ឋប្រហារ ខណៈដែលអ្នកដ៏ទៃទៀតគឺជាអ្នកភូមិ, របាយការណ៍បាននិយាយ។ ដំណឹងនៃការរកឃើញបានលេចចេញមក នៅពេលដែលអ្នកស្រុកនៅក្នុងតំបន់នោះ និងអ្នកនាំពាក្យម្នាក់នៃកងជីវពលដែលប្រឆាំងនឹងរដ្ឋប្រហារបានប្រាប់ ទីភ្នាក់ងារព័ត៌មាន AFP ថា កងកម្លាំងយោធាបានពង្រាយយ៉ាងហោចណាស់ ឧទ្ធម្ភាគចក្រ១គ្រឿងក្នុងប្រតិបត្តិការណ៍វាយឆ្មក់ ដែលជាការតស៊ូរបស់រដ្ឋាភិបាលយោធា ដើម្បីបំបែកការតស៊ូប្រឆាំងទៅនឹងរដ្ឋប្រហារ។
ទោះជាយ៉ាងណា កាសែតមីយ៉ានម៉ាថ្ងៃនេះ បានរាយការណ៍ថា ឧទ្ធម្ភាគចក្រ៣គ្រឿងគឺជាអ្នកទទួលខុសត្រូវក្នុងការវាយឆ្មក់ដែលបណ្តាលឲ្យមានការស្លាប់នេះ។ ប្រភពផ្សេងទៀតនៅនឹងកន្លែងបានប្រាប់ AFP ថាពួកយោធាបានប្រើប្រាស់ឧទ្ធម្ភាគចក្រចំនួន៥គ្រឿង ក្នុងការវាយប្រហារ និងកងទ័ពបានបាញ់ចូលទៅក្នុងភូមិពីលើអាកាស ដែលមានអ្នកស្រុកចំនួន ៦,០០០ នាក់។ ជីវពលដែលប្រឆាំងនឹងរដ្ឋប្រហារបានក្រោកឈរឡើងទូទាំងប្រទេសមីយ៉ាន់ម៉ាប្រយុទ្ធតបត បន្ទាប់ពីមានរដ្ឋប្រហារក្នុងខែកុម្ភះ, រដ្ឋាភិបាលយោធាបានតបតទៅវិញដោយធ្វើការបង្រ្កាបទៅលើពួកប្រឆាំង ដែលក្រុមអ្នកតាមដានបាននិយាយថា យ៉ាងហោចណាស់ក៏មានមនុស្សច្រើនជាង ១,៣០០នាក់បានស្លាប់បាត់បង់ជីវិត។
ក្រុមមនុស្សដែលហៅខ្លួនឯងថាជា "កងកម្លាំងការពារខ្លួនឯង" (PDFs) បានធ្វើឲ្យពួកយោធាមានការភ្ញាក់ផ្អើលនូវប្រសិទ្ធភាពរបស់ពួកគេ, អ្នកវិភាគបានប្រាប់ AFP, ដែលធ្វើឲ្យកងកម្លាំងរបស់ឧត្តមសេនីយ៍ មីង អូងលាំង ធ្លាក់ចូលទៅក្នុងភាពទាល់ច្រក។ កាលពីថ្ងៃសុក្រ កងយោធាបានធ្វើការវាយឆ្មក់ជាលើកដំបូង ទៅលើការប្រជុំរបស់ពួក PDFs នៅ Magway អ្នកស្រុកបានប្រាប់AFP។ អ្នកនាំពាក្យយោធា Zaw Min Tun បានបញ្ជាក់អះអាងថា យោធាបានប្រើប្រាស់ឧទ្ធម្ភាគចក្រក្នុងការវាយឆ្មក់មួយ ដោយមិនបាននិយាយថា តើគេបានប្រើប្រាស់ដោយរបៀបណា។ លោកនិយាយថា មិនបានដឹងពីតុល្យការនៃការខូចខាតឬរងគ្រោះនោះទេ៕