កាលពីថ្ងៃទី២០ ខែសីហាកន្លងទៅនេះ កងទ័ពជើងទឹកអាមេរិកបានបង្ហាញឡើងពីគម្រោងផ្តួចផ្តើមថ្មីរបស់ពួកគេ ដែលមានឈ្មោះថា «Sailor Edge Afloat and Ashore (SEA2)» ដែលជាគម្រោងក្នុងការតភ្ជាប់ជាមួយនឹងផ្កាយរណបលើគន្លងទាបរបស់ក្រុមហ៊ុន Starlinkដើម្បីបង្កើនល្បឿនអ៊ីនធឺណិតសំរាប់អ្នកប្រើប្រាស់ជាកងនាវិក ដែលតែងតែប្រឈមនឹងភាពឯកោ ផ្តាច់ខ្លួនពីមិត្តភក្តិ និងក្រុមគ្រួសារនៅលើកណ្តាលសមុទ្រ។ បន្ទាប់ពីតភ្ជាប់ជាមួយផ្កាយរណប Starlink នេះហើយ មិនថាពួកគេទៅដល់ទៅណានៅលើមហាសមុទ្រក៏ដោយ ក៏ពួកគេមិនប្រឈមជាមួយអ៊ីនធឺណិតទៀតឡើយ។ គួរបញ្ជាក់ថា ប្រព័ន្ធនេះផងដែរ ត្រូវបានបំពាក់ដំបូងនៅលើនាវា USS Abraham Lincoln និងគ្រោងនឹងបំពាក់នៅលើបណ្តានាវាផ្សេងៗទៀតរបស់កងទ័ពអាមេរិកផងដែរ។ បន្ថែមពីនេះ កងទ័ពអាមេរិកក៏បានបង្កើតប្រព័ន្ធនេះដោយភ្ជាប់ជាមួយនឹងបណ្តាញទំនាក់ទំនងលើដីហៅថា satellite terminal (transportable) non-geostationary(STtNG) ដែលអាចធ្វើអោយអោយប្រើប្រាស់ជាមួយនឹងល្បឿនពី30ទៅ50 Megabits ក្នុងមួយវិនាទី។
ប៉ុន្តែប្រសិនបើបន្ថែមជាមួយនឹងអង់តែនរបស់ក្រុមហ៊ុន Starlink ទៀតនោះ ល្បឿននឹងអាចកើនឡើងរហូតដល់1gigabits ក្នុងមួយវិនាទី។ ការប្រើប្រាស់នូវប្រព័ន្ធថ្មីនេះ គឺជំនួសអោយការធ្លាប់ប្រើប្រាស់នូវផ្កាយរណបចាស់របស់ពួកគេគឺជាង៣០ឆ្នាំមកហើយនៃខាងក្រុមកងកម្លាំងការពារជាតិ។ ផ្កាយរណប Starlink នេះគឺស្ថិតនៅលើគន្លងទាប ដែលមានចម្ងាយប្រហែល 375 ទៅ750 ម៉ាយប៉ុណ្ណោះពីភពផែនដី។ ខណៈផ្កាយរណបចាស់របស់ពួកគេវិញគឺស្ថិតនៅចំងាយ 22,300 ម៉ាយ។ គួរបញ្ជាក់ផងដែរ ផ្កាយរណបរបស់ក្រុមហ៊ុន Starlink នីមួយៗគឺមានអាយុកាល5ឆ្នាំ។ យ៉ាងណាផងដែរ គួរសង្កេតឃើញថាបច្ចេកវិទ្យាផ្កាយរណបរបស់លោកខាងលិចបានរីកចំរើននាំមុខបណ្តាប្រទេសមហាអំណាចផ្សេងៗដូចជាចិន។ ខណៈដែលក្រុមហ៊ុនចិនធំៗដូចជា Qianfan បានបង្ហោះឡើងត្រឹមតែ600 ផ្កាយរណបប៉ុណ្ណោះ និងគ្រោងចំនួនផ្កាយរណបសរុប14000 នៅលើអាកាស។
ក្រុមហ៊ុនStarlink របស់អាមេរិកបានបង្ហោះឡើងចំនួន6290 រួចមកហើយ ដំណើរការនៅលើអាកាស ហើយគ្រោងនឹងមានចំនួនសរុប 42000 ផ្កាយរណបនៅលើអាកាស។ ប៉ុន្តែប្រទេសចិននៅតែមានមហិច្ឆតាប្រកួតប្រជែងនៅលើអាកាស ដោយអះអាងថា ខ្លួននឹងមានគម្រោងបង្ហោះផ្កាយរណបសរុប 40000 នៅលើអាកាស ដោយរួមជាមួយនឹងក្រុមហ៊ុនផ្កាយរណបផ្សេងៗទៀត។ ដោយប្រទេសចិនជឿជាក់ថា ការត្រួតត្រានៅលើអាកាសគឺជារឿងសំខាន់ ដោយទី១ ពួកគេត្រូវការប្រណាំងប្រជែងបច្ចេកវិទ្យាផ្កាយរណបដើម្បីុយកឈ្នះលើចម្បាំងយោធា ជាពិសេសគឺនៅក្នុងជម្លោះជាមួយប្រទេសតៃវ៉ាន់នោះហើយ និងទី២ គឺដើម្បីប្រណាំងប្រជែងត្រួតត្រាតំបន់ភូមិសាស្រ្តនៅលើអាកាស ជាពិសេសគឺតាមរយៈគម្រោងផ្តួចផ្តើមDigital Silk Road របស់ប្រទេសចិននោះហើយ។