កាលពីពេលថ្មីៗនេះ សម្ព័ន្ធ Aukus ជាថ្មីម្តងទៀតបានប្រកាសឡើងពីគំរោងកសាងទីតាំងរ៉ាដាទី២របស់ខ្លួននៅឯប្រទេស Wales នៃចក្រភពអង់គ្លេស។ រ៉ាដាទាំងនេះគឺត្រូវបានបង្កើតឡើងជាលក្ខណៈរ៉ាដានៅលើដីសំរាប់ឃ្លាំមើលពីសុវត្ថិភាពរបស់ផ្កាយរណបនៃប្រទេសសម្ព័ន្ធមិត្ត រឺជាពិសេសសំរាប់ប្រទេសទាំង៣ដែលបង្កើតសម្ព័ន្ធ Aukus នេះឯង។ ដោយសម្ព័ន្ធ Aukus ត្រូវបានបង្កើតឡើងដោយចំនួន៣ប្រទេសរួមមាន ប្រទេសសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្រ្តាលី។ កាលពីថ្ងៃទី២ ខែធ្នូកន្លងទៅនេះ សម្ព័ន្ធ Aukus បានប្រកាសឡើងថាខ្លួននឹងកសាងទីតាំងរ៉ាដាចំនួន៣ដល់ដំណាច់ឆ្នាំ២០៣០នេះ ដែលត្រូវបានមានឈ្មោះថា DARC រឺហៅថា The Deep Space Advanced Radar Capability ដោយរ៉ាដាទី១ ត្រូវបានកសាងនៅក្រុង Exmouth ភាគខាងលិចនៃប្រទេសអូស្រ្តាលីរួចមកហើយ និងត្រូវដាក់ដំណើរការនៅក្នុងឆ្នាំ២០២៦នេះផងដែរ។ ខណៈរ៉ាដាទី២គឺនៅមិនទាន់បានដឹងពីថ្ងៃបញ្ចប់កសាង និងដាក់ដំណើរការនោះទេ។ រីឯរ៉ាដាទី៣គឺនៅមិនទាន់បានព័ត៌មានពីថ្ងៃកសាង និងទីតាំងច្បាស់លាស់នៃការកសាងនោះទេ គឺដឹងត្រឹមស្ថិតនៅក្នុងប្រទេសសហរដ្ឋអាមេរិក។ គួរអោយកត់សម្គាល់ផងដែរ រ៉ាដាទាំង៣នេះគឺត្រូវបានដាក់តាំងទីនៅក្នុងប្រទេសទាំង៣តែម្តង។រំលឹកមកពេលក្រោយនេះបន្តិច សូមពិចារណានៃគោលដៅនៃការបង្កើតសម្ព័ន្ធ Aukus នេះទាំងអស់គ្នា។
សម្ព័ន្ធ Aukus នេះត្រូវបានប្រកាសបង្កើតឡើងនៅក្នុងខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ ដោយបានលើកឡើងពីឆន្ទៈរបស់ខ្លួនថាដើម្បីការពារសន្តិសុខសុវត្ថិភាពរបស់តំបន់ឥណ្ឌូប៉ាស៊ីហ្វិក ខណៈដែលពួកគេជឿថាតំបន់នេះមានប្រជាជនរស់នៅច្រើន និងអេកូសេដ្ឋកិច្ចដ៏ល្អប្រសើរមួយដែលមានសារៈប្រយោជន៍នៅក្នុងការភ្ជាប់ទំនាក់ទំនង។ ម្យ៉ាងទៀត សង្កេតឃើញថា ជំហាននេះក៏បានកើតឡើងស្របពេលដែលប្រទេសចិនកំពុងមានសកម្មភាព និងឥទ្ធិពលដ៏សំខាន់មួយមកលើតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះផងដែរ ដែលធ្វើអោយមានការសន្និដ្ឋានឡើងថា សម្ព័ន្ធ Aukus នេះគ្រាន់តែបញ្ជ្រាបខ្លួនដើម្បីការពារ និងប្រឆាំងពីឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ ខណៈដែលប្រទេសមួយចំនួននៅតំបន់នេះក៏រក្សាជំហរនៅកណ្តាល មិនមានប្រតិកម្ម ដោយមិនប្រឆាំងនឹងឥទ្ធិពលរបស់ភាគីណាមួយនោះទេ។ ជាក់ស្តែងនៅពេលបង្កើតសម្ព័ន្ធនេះភ្លាម សម្ព័ន្ធ Aukus បានបោះជំហានឡើងជាមួយនឹងគោលបំណងពីរសំខាន់ៗ ដោយទី១នោះគឺដើម្បីផ្តល់នាវាដើរដោយថាមពលនុយក្លេអ៊ែរមកកាន់ប្រទេសអូស្រ្តាលី ដើម្បីអាចប្រើប្រាស់បាននៅច្រកសមុទ្ររវាងប្រទេសចិន និងតៃវ៉ាន់ ដែលនោះអាចការពារតៃវ៉ាន់បានពីចិន និងអាចថែរក្សាសន្តិសុខ និងសន្តិភាពនៅក្នុងតំបន់ផងដែរ។ ចំណែកគោលបំណងទី២របស់ពួកគេ គឺដើម្បីរួបរួមពង្រឹងសមត្ថភាពចូលគ្នានោះហើយ ដែលផ្តោតទៅលើសមត្ថភាព Cyber, AI, បច្ចេកវិទ្យា Quantum និងសមត្ថភាពក្រោមបាតសមុទ្រ។ ជាក់ស្តែងគឺការបង្កើតនៃទីតាំងតំបន់រ៉ាដានេះឯង។ យ៉ាងណាមិញ ក៏មានមតិសន្និដ្ឋានយ៉ាងជាក់ច្បាស់ថា គោលបំណងនៃការបង្កើតសម្ព័ន្ធនេះឡើងគឺដើម្បីទប់ទល់ជាមួយនឹងចិន ដោយនឹងប្រើប្រាស់តំបន់នេះប្រឆាំងនឹងចិន។