CNN-
លោកប្រធានាធិបតី Joe-Biden កាលពីថ្ងៃព្រហស្បត៍បាននិយាយជាមួយលោកប្រធានាធិបតី Emmanuel Macron បន្ទាប់ពីវិបត្តិការទូតមួយដ៍ធំបានផ្ទុះឡើងរវាងសម្ព័ន្ធមិត្តដ៏យូរលង់មួយនេះ លើរឿងកិច្ចសន្យាផ្គត់ផ្គង់អូស្ត្រាលីនូវនាវាមុជទឹកដែលដើរដោយឋាមពលនុយគ្លេអ៊ែរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទ Biden ហាក់ដូចជាបានទទួលស្គាល់នូវកំហុសដែលអាមេរិកដឹងថាតើត្រូវនិយាយយ៉ាងដូចម្តេចក្នុងការសន្ទនាគ្នានេះ។
សេចក្តីថ្លែងការណ៍រួមរវាងសហរដ្ឋអាមេរិកនិងបារាំងក៏បានធ្វើឡើងបន្ទាប់ពីការសន្ទនាគ្នាបានបញ្ចប់ បានឲ្យដឹងថា Macron និងBiden បានព្រមព្រៀងគ្នាទៅលើស្ថានការណ៍ប្រកបដោយផ្លែផ្ការដែលកើតចេញពីការប្រឹក្សារគ្នាជាចំហរនៅក្នុងចំណោមសម្ព័ន្ធមិត្ត ដែលនឹងផ្តល់ផលប្រយោជន៍ជាយុទ្ធសាស្ត្រចំពោះបារាំងនិងដៃគូរនៅក្នុងអឺរ៉ុប។
ការសន្ទនានេះត្រូវបានគេរំពឹងថានឹងមានភាពតានតឹង ។ តែលោកMacronបានព្យាយាមអត់ធ្មត់មិនធ្វើអត្ថាធិប្បាយលើរឿងជម្លោះនេះជាសាធារណៈនោះទេ ដោយរង់ចាំជជែកផ្ទាល់ជាមួយលោកប្រធានាធិបតី Biden។តែមន្រ្តីដ៏ទៃទៀតនៅក្នុងរដ្ឋាភិបាលរបស់លោក មិនបានសំចៃមាត់ក្នុងការធ្វើអត្ថាធិប្បាយអំពីភាពតក់ស្លុតនិងកំហឹងរបស់បារាំងលើរឿងកិច្ចព្រមព្រៀងនាវាមុជទឹកនេះទេ ដោយយល់ថាគេបានដកហូតពីបារាំងនូវកិច្ចសន្យាដ៏ធំរបស់ខ្លួន ព្រមទាំងបានបន្សល់ទុកឲ្យទីក្រុងប៉ារីសមានអារម្មណ៍ថាត្រូវបានគេច្រានចោលហើយមើលងាយ។
ចំពោះលោកប្រធានាធិបតី Biden វិញ ខ្លួនលោកផ្ទាល់ក៏មិនបានយកចិត្តទុកដាក់ចំពោះសំណួរទាំងឡាយលើរឿងជំលោះជាមួយបារាំងទេ ចាប់តាំងពីវិបត្តិនេះបានផ្ទុះឡើងកាលពីចុងសប្តាហ៍មក ប៉ុន្តែមន្ត្រីជាច្រើនបាននិយាយថា លោកមានការភ្ញាក់ផ្អើលពីប្រតិកម្មខាងក្រៅ ពីទីក្រុងប៉ារីសព្រមទាំងចង់សម្រួលរឿងរ៉ាវនេះដោយរលូនជាមួយសមភាគីរបស់លោក និងមានបំណងបន្ថយកំដៅតាមរយៈការសន្ទនាតាមទូរស័ព្ទ។
នៅក្នុងការជជែកគ្នាតាមទូរស័ព្ទ Biden និង Macron បានយល់ព្រមនឹងជួបគ្នានៅចុងខែក្រោយនេះនៅអឺរ៉ុប ដោយលោកBiden មានគំរោងរួចជាស្រេចដើម្បីនឹងទៅចូលរួមនៅក្នុងកិច្ចប្រជុំកំពូល G-20 នៅទីក្រុងរ៉ូមនៅចុងខែតុលា។
លោកប្រធានាធិបតី Macron ក៏បានយល់ព្រមផងដែរថា នឹងបញ្ជូនឯកអគ្គរដ្ឋទូតបារាំងត្រឡប់ទៅកាន់ទីក្រុងវ៉ាស៊ីនតោនវិញនៅសប្តាហ៍ក្រោយ បន្ទាប់ពីបានហៅលោកមកប្រឹក្សារគ្នានៅទីក្រុងប៉ារីស។