តារាចម្រៀងរូបនេះ នឹងគាំទ្រដល់ការបញ្ចប់ភាពអត់ឃ្លានទូទាំងពិភពលោកនៅក្នុងតួនាទីថ្មីរបស់គាត់។ The Weeknd គឺជាតារាចម្រៀង តារាសម្តែង និងជាអ្នកសម្តែងនៅកម្មវិធី Super Bowl (Super Bowl halftime performer) ប៉ុន្តែតួនាទីចុងក្រោយរបស់គាត់ គឺសំខាន់បំផុត។
តារាវ័យ ៣១ ឆ្នាំរូបនេះ ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈសម្រាប់កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ ទី៧ ខែតុលា ឆ្នាំ២០២១ នៅឯកម្មពិធីឯកជនមួយនៅទីក្រុងឡូសអេនជឺឡេស (Los Angeles) ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សជាច្រើននាក់នៅជុំវិញពិភពលោក ដោយប្រើវេទិការបស់ពួកគេដើម្បីគាំទ្រការបញ្ចប់ភាពអត់ឃ្លាននៅលើពិភពលោក។
លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ កំពុងធ្វើការងារជាបន្ទាន់ និងសំខាន់ណាស់ ក្នុងការផ្លាស់ប្តូរ និងជួយសង្គ្រោះជីវិតប្រចាំថ្ងៃ ដែលធ្វើឲ្យខ្ញុំមានអារម្មណ៍ស្រលាញ់ការងារនេះ ដើម្បីជួយដោះស្រាយភាពអត់ឃ្លាននៅលើពិភពលោក និងមនុស្សដែលត្រូវការជំនួយ” ។ “ភាពជាដៃគូរសហការរបស់យើង គឺជាការពង្រីកកិច្ចខិតខំប្រឹងប្រែង និងផ្តួចផ្តើមគោលបំណងដើម្បីជួយដល់អ្នកដែលត្រូវការជំនួយ និងជួយបញ្ចប់នូវការរងគ្រោះផ្សេងៗ” ។
ជារៀងរាល់ឆ្នាំកម្មវិធីនេះ ផ្តល់ជំនួយស្បៀងអាហារសង្គ្រោះជីវិតដល់ប្រជាជនជាង ១០០ លាននាក់នៅជាង ៨០ ប្រទេស នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានមួយ។ The Weeknd, né Abel Tesfaye, ត្រូវបានគេស្គាល់ដោយសារភាពសប្បុរសធម៌របស់គាត់។ កាលពីឆ្នាំមុន គាត់បានបរិច្ចាគប្រាក់ជាង ៣ លានដុល្លារដល់អង្គការផ្សេងៗ រួមទាំងការរួមចំណែក ១លានដុល្លារ ដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ នៅប្រទេស Ethiopia ដែលជាប្រទេសដែលឪពុកម្តាយរបស់គាត់បានធ្វើអន្តោប្រវេសន៍។
កាលពីខែមុន គាត់ក៏បានទទួលពានរង្វាន់មនុស្សធម៌ Quincy Jones នៅឯពិធីបើកមហោស្រពតន្រ្តី Action Awards ដែលបង្ហាញដោយ Black Music Action Coalition។ នាយកប្រតិបត្តិកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិលោក David Beasley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងមានក្តីរំភើបរីករាយជាខ្លាំងដែលបានស្វាគមន៍ The Weeknd មកកាន់គ្រួសារ WFP ។ ជារៀងរាល់យប់ មនុស្ស ៨១១ លាននាក់ បានចូលគេងដោយមានភាពអត់ឃ្លាន ហើយមនុស្ស ២៧០ លាននាក់ទៀតកំពុងឆ្ពោះទៅរកភាពអត់ឃ្លាន។ យើងត្រូវតែចេញធ្វើសកម្មភាពនៅថ្ងៃនេះ ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ យើងត្រូវការអ្នករាល់គ្នាមកចូលរួមចលនារបស់យើង ដើម្បីបញ្ចប់ភាពអត់ឃ្លាន វាគឺជាការរួបរួមគ្នាដើម្បីបញ្ចៀសមហន្តរាយពិភពលោក” ៕
អត្តបទដកស្រង់ពី Rachel DeSantis
បកប្រែនិងកែសម្រួលដោយ លោក គីមម៉េង