កាលពីថ្ងៃទី២០ ខែវិច្ឆិកាកន្លងទៅនេះ តារារ៉េបជំនាន់ថ្មីមួយរូបដែលបានបង្ហាញខ្លួនតាមរយៈកម្មវិធី The Rapper Cambodia លោក LONG BUNN ទើបតែបានបញ្ចេញនូវបទថ្មីស្រឡាងមួយបទរបស់លោកយ៉ាងកំណាច បន្ទាប់ពីលោកទើបតែដើរចេញពីកម្មវិធីមួយនេះកាលពីសប្តាហ៍មុន។
លោក LONG BUNN ដែលជាកូនក្រុមរបស់ Coach Kingchi មិនអាចធ្វើដំណើរទៅកាន់វគ្គបន្ទាប់ទេកាលពីសប្តាហ៍មុន បន្ទាប់ពីលោកក៏បានបង្ហើបថាលោកមានបញ្ហាសុខភាព ទើបធ្វើអោយមិនអាចធ្វើអោយបានល្អនៅក្នុងវគ្គប្រកួត។ យ៉ាងណាមិញក៏ចូលរួមប្រកួតរបស់លោកបានធ្វើអោយមហាជនមានការចាប់អារម្មណ៍យ៉ាងច្រើន ជាពិសេសលោកបានបង្កើនអ្នកគាំទ្រតាំងពីមុនពេលចូលរួមប្រកួតទៅទៀត ដោយលោកធ្លាប់បានបញ្ចេញស្នាដៃបទចំរៀងជាច្រើន។
នៅក្នុងចំណោមនោះផងដែរ បទ«Childhood» គឺជាបទដែលលោកទទួលបានប្រជាប្រិយភាពខ្លាំងជាងគេ និងធ្វើអោយទស្សនិកជនជាច្រើនមានក្តីរំពឹងថាលោកអាចនឹងជ្រើសរើសបទនេះយកទៅសម្តែងនៅក្នុងពេលប្រកួតផងដែរ យ៉ាងណាមិញលោក LONG BUNN មិនបានជ្រើសរើសយកមកក្នុងការប្រកួតនេះទេ។ ចំណែកបទថ្មីដែលលោកទើបតែចេញផ្សាយកាលពីម៉ោង៦ល្ងាចម្សិលមិញនេះ គឺមានចំណងជើងថា«ឧបនិស្ស័យ» រឺហៅថា«Temperament» ដែលត្រូវបានចេញផ្សាយឡើងនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោកផង និងនៅលើឆាណែលយូធូបផ្លូវការផងដែរ។
តាមរយៈបទចម្រៀងមួយនេះផងដែរ លោក LONG BUNN ក៏បានរៀបរាប់នៅលើបណ្តាញសង្គមហ្វេសប៊ុកអោយដឹងថា លោកបានតាក់តែងឡើងដោយមានចេតនាដាក់បញ្ចូលនូវអារម្មណ៍ឈឺចាប់ និងរឿងរ៉ាវឈឺចាប់របស់លោកទៅក្នុងបទចម្រៀងមួយនោះ។ ម្យ៉ាងវិញទៀតគួរអោយកត់សំគាល់ផងដែរ នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក LONG BUNN ក៏តែងតែបានបង្ហាញទំនាក់ទំនងស្និទ្ធស្នាលជាមួយនឹងលោកគ្រូភ្លេង រិទ្ធ ប្រុសពៅ ដែលជាគ្រូបង្ហាត់បង្រៀនលោកនៅក្នុងអំឡុងពេលនៃការប្រកួតនេះ។ តើទស្សនិកជនយល់ឃើញយ៉ាងណាចំពោះសក្តានុពលសមត្ថភាពរបស់លោក LONG BUNN?