ការបង្ហាញភាពជាខ្លួនឯងគឺជាចំនុចខ្លាំងមួយដែលធ្វើអោយសិល្បកររបស់យើងមានភាពខុសប្លែកពីគ្នា និងទទួលបានការគាំទ្រយ៉ាងច្រើន។ សិល្បករស្រីមួយរូបនៃប្រទេសកម្ពុជាម្នាក់នេះគឺអ្នកនាងសុគន្ធនីសាក៏មានភាពក្លាហានដូចគ្នាក្នុងការបង្ហាញអារម្មណ៍ស្មោះត្រង់នឹងខ្លួនឯង និងហ៊ានបញ្ចេញប្រតិកម្មវិជ្ជមានទៅកាន់អ្នកគាំទ្រម្នាក់សំណូមពរមកលើសមត្ថភាពនិយាយរបស់នាងនៅមានកំរិតនៅក្នុងកម្មវិធីមួយ។ កម្មវិធី The Voice Kid Cambodia រដូវកាលទី៣ទើបតែបានបញ្ចប់ថ្មីៗនេះទេ អ្នកនាងសុគន្ធនីសាក៏បានប្តូរពី Coach មួយរូបមកជាអ្នកលក់ Live ផលិតផលយ៉ាងសាមញ្ញនៅក្នុងមុខរបរបន្ទាប់បន្សំរបស់នាងកាលពីថ្ងៃទី០៩ ខែមករាកន្លងទៅនេះនៅលើបណ្តាញសង្គមហ្វេសប៊ុក។
នៅក្នុងវិដេអូ Live សំណេះសំណាលមួយនោះ ក៏មានអ្នកគាំទ្រម្នាក់បានធ្វើការសំណូមពរក្នុងបំណងល្អមួយចង់អោយអ្នកនាងសុគន្ធនីសាព្យាយាមបង្កើនសមត្ថភាពនិយាយអោយបានខ្លាំងជាងនេះ ទើបនោះនាងអាចដណ្តើមយកបេក្ខភាពខ្លាំងៗមកជាកូនក្រុមរបស់នាងបាន។ Coach នីសាក៏បានឆ្លើយមកកាន់អ្នកគាំទ្រម្នាក់នោះវិញថាមនុស្សម្នាក់ៗមិនដូចគ្នានោះទេ ហើយនាងក៏បានប្រឹងប្រែងអស់សមត្ថភាពហើយទំរាំបានប៉ុណ្ណឹង ព្រោះនាងមិនមែនជាមនុស្សនិយាយច្រើន នាងក៏សុំអភ័យទោសផងដែរបើការសម្តែងរបស់នាងធ្វើទៅមិនបានល្អ ប៉ុន្តែនាងនឹងព្យាយាមប្រឹងប្រែងជាងនេះបន្តទៀត។
គួរបញ្ជាក់ផងដែរកម្មវិធី The Voice Kid Cambodia រដូវកាលនេះគឺបានពានទៅលើកូនក្រុមរបស់ Coach Zono ប្អូនប្រុស សារុំ បញ្ញាស័ក្ត។ ថ្វីបើអ្នកនាងសុគន្ធនីសាមិនបានបង្វឹកកូនក្រុមទទួលបានជ័យជំនះនៅក្នុងរដូវកាលនេះ ប៉ុន្តែក៏មានមតិជាច្រើនលើកឡើងថាកូនក្រុមរបស់អ្នកនាងនីសាសុទ្ធតែខ្លាំងៗដូចគ្នា។ ប្រជាប្រិយភាពរបស់កូនក្រុមម្នាក់ៗអាស្រ័យទៅលើសមត្ថភាពរបស់ពួកគេផ្ទាល់ និងការប្រកួតប្រជែងគ្នា អាចនិយាយថាទោះបីជាអ្នកនាងនីសាមានកង្វះខាតយ៉ាងណាក៏ដោយ រឺក៏កូនក្រុមណាម្នាក់មានសមត្ថភាពជាងម្នាក់ទៀត នៅក្នុងការប្រកួតគឺនឹងត្រូវបើកដោយមានស្មើគ្នាសំរាប់ Coach និងកូនក្រុមនៅក្នុងការសំរេចចិត្ត និងការហ្វឹកហាត់ផងដែរ។