Influencer ជនជាតិចិនម្នាក់បានស្លាប់ បន្ទាប់ពីអ្នកលេងអ៊ីនធឺណិតលើកទឹកចិត្តនាងឱ្យផឹកថ្នាំសម្លាប់សត្វល្អិតអំឡុងពេលកំពុង Live ផ្ទាល់ Influencer ជនជាតិចិនម្នាក់ ដែលមានឈ្មោះថា Luo Xiao Mao Mao Zi បានស្លាប់ បន្ទាប់ពីបានលេបថ្នាំសម្លាប់សត្វល្អិត ក្នុងអំឡុងពេល Live ផ្ទាល់នៅលើ Douyin កាលពីថ្ងៃព្រហស្បតិ៍ (14 តុលា) ។ នាងមានអាយុ 25 ឆ្នាំ។
បើទោះ ជា Luo ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗក្រោយកើតហេតុក៏ដោយ ប៉ុន្តែគ្រូពេទ្យមិនអាចជួយសង្គ្រោះនាងបានទេ ហើយនាងក៏បានលាចាកលោកនៅថ្ងៃបន្ទាប់។ មុនពេលការ Live ផ្ទាល់ Luo ដែលមានអ្នកតាមដាន Douyin ជាង 678,000 នាក់ បានចែករំលែកវីដេអូមួយដែលនិយាយថា "ប្រហែលជាវីដេអូចុងក្រោយ [របស់នាង]" ហើយអរគុណអ្នកគាំទ្ររបស់នាងដែលតែងតែនៅជាមួយនាង។ ក្នុងវីដេអូឃ្លីបនេះ នាងបានបង្ហើបថា នាងមានជំងឺបាក់ទឹកចិត្តជាយូរណាស់មកហើយ ហើយត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលជាងពីរខែ។
"ខ្ញុំហាក់ដូចជាសប្បាយចិត្ត ប៉ុន្តែនេះគឺគ្រាន់តែជាការសម្តែង។ ខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងសប្បាយចិត្តនៅពេលដែលពួកគេបានមើលវីដេអូរបស់ខ្ញុំ ហើយនឹងឃើញថាខ្ញុំសប្បាយចិត្តផងដែរ។ [ប៉ុន្តែ] ខ្ញុំមិនអាចទ្រាំបានទៀតទេ"។ ទោះបីជា Luo ធ្លាប់បានចែករំលែកថា នាងមិនអាចបោះបង់ចោលអតីតមិត្តប្រុសរបស់នាង ហើយពេលខ្លះមានអារម្មណ៍ធ្លាក់ទឹកចិត្តក៏ដោយ ក៏គ្រួសាររបស់នាងបាននិយាយថា គាត់មិនមែនជាហេតុផលដែលនាងយកជីវិតខ្លួនឯងនោះទេ។ ផ្ទុយទៅវិញ ពួកគេបានបន្ទោសការស្លាប់របស់ នាងទៅលើពួក Troll ដែលលេងសើច ឱ្យនាងផឹកថ្នាំសម្លាប់សត្វល្អិតនោះ។
Screenshot ជាច្រើន ដែលបង្ហាញ Luo កាន់ដបថ្នាំសម្លាប់សត្វល្អិត ខណៈពេលដែលអ្នកលេងអ៊ីនធឺណិតបានលើកទឹកចិត្តនាងឱ្យផឹកវា បានផ្ទុះជាខ្លាំងលើប្រព័ន្ធអ៊ីនធឺណិត។ យោងតាមកាសែត Global Times អ្នកលេងអ៊ីនធឺណិតម្នាក់ដែលអះ អាងថាជាមិត្តរបស់ Luo បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា influencer រូបនេះ មិនមានគម្រោងធ្វើអត្តឃាតទេ ប៉ុន្តែគាត់ចង់ទាក់ទាញការចាប់អារម្មណ៍ពីអតីតមិត្តប្រុសរបស់នាង។ មិត្តភ័ក្តិរបស់នាងបាននិយាយថា ថ្នាំសម្លាប់សត្វល្អិតនេះលាយជាមួយនឹងភេសជ្ជៈ ហើយ Luo បានផឹកវា ដោយសារតែអ្នកលេងអ៊ីនធឺណិតបានលើកទឹកចិត្តនាងឱ្យធ្វើដូច្នេះ។ ហើយគេបានបន្ថែមថា Luo បានទូរស័ព្ទទៅប៉ូលីស និងរថយន្តសង្គ្រោះដោយខ្លួនឯង បន្ទាប់ពីការ Live ផ្ទាល់បានបញ្ចប់។
មិត្តភ័ក្តិរបស់ Luo បាននិយាយថា សាកសពរបស់នាងត្រូវបានបូជាហើយ ហើយពួកគេសង្ឃឹមថាអ្នកដែលបណ្តាលឲ្យនាងស្លាប់ដោយប្រយោល នឹងចេញមកសុំទោសនាង។ បន្ទាប់ពីសាកសពរបស់នាងត្រូវបានបូជារួច អ្នករៀបចំពិធីបូជាម្នាក់ ដែលត្រូវបានគេស្គាល់អត្តសញ្ញាណដោយនាមត្រកូល Shao បានលួចធាតុរបស់នាង។ Shao បានឃុបឃិតជាមួយអ្នករៀបចំពិធីបូជាពីរនាក់ទៀត ដែលមាននាមត្រកូល Zhang និង Lei ដើម្បីស្វែងរកអ្នកទិញធាតុនេះក្នុងការធ្វើអាពាហ៍ពិពាហ៍ខ្មោច ។
យ៉ាងណាមិញផែនការនេះមិនបានជោគជ័យនោះទេ ព្រោះគ្មានអ្នកទិញវា។ ប្រភពឧស្សាហកម្មមួយបានរាយការណ៍ថា អ្នកលក់ធាតុនេះ អាចរកបានប្រាក់ចំណេញពី 50,000 Yuan (7,800 ដុល្លារ) ទៅ 70,000 Yuan (11,000 ដុល្លារ) ប្រសិនបើអាពាហ៍ពិពាហ៍ខ្មោចទទួលបានជោគជ័យ។ ការរៀបអាពាហ៍ពិពាហ៍ខ្មោច គឺជាទំនៀមទម្លាប់ប្រពៃណីក្នុងតំបន់មួយចំនួនក្នុងប្រទេសចិន ដែលប្រជាជនរៀបចំពិធីមង្គលការសម្រាប់អ្នកស្លាប់ ដោយសារតែពួកគេជឿថា សូម្បីតែអ្នកស្លាប់ក៏ត្រូវរៀបការដែរ ដើម្បីរក្សាភាពរុងរឿងរបស់កូនចៅជំនាន់ក្រោយ។
អត្ថបទដកស្រង់ពី todayonline
បកប្រែនិងកែសម្រួលដោយ Mr. Blue