Politico-EU
ចិនបានបន្ទាបឋានៈទំនាក់ទំនងការទូតជាមួយ Lithuania កាលពីថ្ងៃអាទិត្យលើរឿងជម្លោះបើកការិយាល័យតៃវ៉ាន់នៅក្នុងទីក្រុង Vilnius កាលពីសប្តាហ៍មុន។ក្រសួងការបរទេសចិនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ការិយាល័យតំណាងតៃវ៉ាន់ថ្មីក្នុងប្រទេស Lithuania បានបង្កើតជាចំហរនូវចំណាប់អារម្មណ៍ខុសនៃរឿងចិនមួយ តៃវ៉ាន់មួយ នៅក្នុងពិភពលោក បោះបង់នូវការតាំងចិត្តខាងនយោបាយដែលធ្វើឡើងដោយ Lithuania ក្នុងការរៀបចំឲ្យមានទំនាក់ទំនងការទូតជាមួយនឹងសាធារណៈរដ្ឋប្រជាមានិតចិន គាស់រំលើងនូវអធិបតេយ្យភាពបូរណៈភាពដែនដី និងជាការលូកដៃចូលយ៉ាងជ្រៅទៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន។
"ដោយគ្មានសុឆន្ទះក្នុងការថែរក្សាការពារនូវចំណងការទូតរវាងចិន-Lithuania, រដ្ឋាភិបាលចិនបានធ្វើការព្រមានជាបន្តបន្ទាប់ចំពោះ Lithuania ប្រឆាំងទៅនឹងទង្វើរដែលជាជំនឿដ៏អាក្រក់"។ ដែលជារឿងគួរឲ្យសោកស្តាយ Lithuania បានជ្រើសយកការមិនអើពើចំពោះជំហរដ៍ឱឡារិករបស់ចិន និងបោះបង់ចោលនូវផលប្រយោជន៍ដ៏ធំនៃចំណងទ្វេរភាគឺនិងបទដ្ឋានជាមូលដ្ឋាននៃការគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ ចិនបានបន្ថែមទៀតថា "រដ្ឋាភិបាល Lithuania ត្រូវតែទទួលរាល់ផលវិបាកដែលបានកើតឡើង" និងបានបន្ថែមថា ត្រូវតែកែនូវកំហុសនេះ។
ចិនបានចាត់ទុកថា តៃវ៉ាន់គឺជាអាណាខេត្តដែលបែកចេញពីចិន និងបានប្តេជ្ញាចិត្តថា និងយកត្រឡប់មកវិញដោយប្រើកំលាំងបើសិនជាមានការចាំបាច់, ភាពតានតឹងផ្នែកយោធាកំពុងតែកើនឡើងក្នុងរយៈពេលប៉ុន្មានខែនេះ។ សហគមន៍អឺរ៉ុប ដែលកាលពីពេលមុនបានព្រមានថា នឹងមានផលប៉ះពាល់ដលទំនាក់ទំនងចិន-អឺរ៉ុប បើសីនជាទំនាក់ទំនងក្រុងប៉េកាំង និង Vilnius មានភាពអាក្រក់អាក្រី, មិនទាន់ឃើញឆ្លើយតបទៅនឹងទង្វើរចុងក្រោយរបស់ចិននោះទេ។
អនុរដ្ឋមន្ត្រីក្រសួងការបរទេស Lithuania, Mantas Adomenas បានប្រាប់កាសែត Politico ថា Lithuania នឹងជួសជុលចំណងការទូតជាមួយចិន ដូចដែលបានព្រមព្រៀង។ “នៅក្នុងន័យមួយ នេះមិនមែនជារឿងថ្មីទេ គ្រាន់តែបញ្ជាក់ឡើងវិញពីស្ថានការណ៍ថា ឯកអគ្គរដ្ឋទូតរបស់យើងត្រូវបានហៅឲ្យត្រឡប់មកវិញ ដែលមិនដឹងថានឹងត្រូវត្រឡប់ទៅវិញនៅពេលណា លោកនិយាយ។ ក្រសួងការបរទេស Lithuania បានចេញនូវសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ខ្លួនមានការសោកស្តាយចំពោះសកម្មភាពរបស់ចិន៕