នេះគឺជាដំណើរជីវិតរបស់កីឡាបាល់ទាត់ដ៏ល្បីល្បាញម្នាក់ ដែលមនុស្សគ្រប់គ្នាបានស្គាល់ បានដឹង និងបានលឺពីសមត្ថភាពរបស់គាត់។ លីអូណែល ម៉ែសស៊ី (Lionel Messi) មានស្រុកកំណើតនៅប្រទេសអាហ្សង់ទីន ក្នុងគ្រួសារដ៏ក្រីក្រមួយ។ ឪពុករបស់គាត់ គឺជាកម្មកររោងចក្រដែក ហើយម្ដាយគាត់គឺជាអ្នកបោសសម្អាតក្រៅម៉ោង។ ប៉ុន្តែទោះជាយ៉ាងណា គាត់បានធំឡើងពោរពេញទៅដោយក្តីស្រលាញ់និងការគាំទ្រពីគ្រួសាររបស់គាត់។ ម៉ែសស៊ី (Messi) បានមានក្តីស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់តាំងពីគាត់នៅវ័យកុមារភាពមកម្លេះ ដូច្នេះហើយនៅពេលគាត់មានអាយុ 5 ឆ្នាំ គាត់បានចាប់ផ្ដើមលេងបាល់ទាត់ឱ្យក្លឹបក្នុងស្រុកមួយ ដែលបង្វឹកដោយឪពុករបស់គាត់ផ្ទាល់តែម្តង។
ហើយនៅពេលដែលគាត់មានអាយុ 8 ឆ្នាំ គាត់បានចូលទៅលេងឲ្យក្លឹប Newell Old Boys ។ ម៉ែសស៊ី (Messi) គឺជាក្មេងប្រុសម្នាក់ ដែលមានភាពស្និទ្ធស្នាលខ្លាំងជាមួយជីដូនរបស់គាត់ ដូច្នេះនៅពេលដែលជីដូនរបស់គាត់បានទទួលមរណភាពទៅ គាត់បានទទួលការឈឺចាប់យ៉ាងខ្លាំង។ គាត់ពិតជាមានការសោកស្ដាយខ្លាំងណាស់ចំពោះការបាត់បង់សមាជិកគ្រួសារម្នាក់នេះ ដែលបណ្តាលឲ្យគាត់មិនចង់លេងបាល់ទាត់អស់រយៈពេលជាច្រើនសប្តាហ៍ ប៉ុន្តែបន្ទាប់ពីឪពុករបស់គាត់ចាប់ផ្តើមជំរុញឲ្យគាត់បន្តលេងបាល់ទាត់ គាត់ក៏បានត្រលប់មកទីលានវិញ ប៉ុន្តែគាត់បានកែប្រែការតាំងចិត្តរបស់គាត់ឲ្យកាន់តែខ្លាំងជាងពេលណាទាំងអស់ ព្រោះគាត់ចង់ឲ្យជីដូនរបស់គាត់ ដែលបានចែកឋានទៅ មានមោទនភាពចំពោះគាត់។ គាត់មានសុបិនចង់ក្លាយជាកីឡាករបាល់ទាត់អាជីព ប៉ុន្តែក្តីសុបិននោះបានចាប់ផ្តើមរលាយបាត់ទៅម្តងបន្តិចៗ ដោយសារតែគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានកង្វះអ័រម៉ូនលូតលាស់។
នេះមានន័យថា គាត់មិនអាចលូតលាស់បានទៀតទេ លុះត្រាតែគាត់ទទួលបានការព្យាបាលពិសេស ដែលមានតម្លៃរហូតទៅដល់ ៩០០ ដុល្លារក្នុងមួយខែ។ ប៉ុន្តែជាអកុសល ឪពុកម្តាយរបស់គាត់មិនអាចមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីព្យាបាលគាត់បានទេ ហើយសូម្បីតែក្លឹបដែលគាត់កំពុងលេងឲ្យក៏បានបដិសេធចំពោះការបង់ប្រាក់សម្រាប់ការព្យាបាលនេះទៀតផង។ បើទោះបីជា ម៉ែសស៊ី (Messi) គឺជាកីឡាករទាបបំផុតនៅក្នុងក្រុមក៏ដោយ ក្តីស្រលាញ់លើកីឡាបាល់ទាត់របស់គាត់មិនមានដែនកំណត់នោះទេ ដូច្នេះ ម៉ែសស៊ី (Messi) មិនមានការបាក់ទឹកចិត្តឡើយ។ ឧបសគ្គបែបនេះគឺមិនគ្រប់គ្រាន់សម្រាប់បញ្ចប់ក្តីស្រមៃរបស់គាត់បានឡើយ។
ទេពកោសល្យរបស់ ម៉ែសស៊ី (Messi) ពិតជាមិនអាចប្រកែកបានឡើយ ដែលធ្វើឲ្យមានក្លឹបបាល់ទាត់ជាច្រើនបានចាប់ផ្តើមការចាប់អារម្មណ៍ មកលើរូបគាត់។ ក្លឹប River Plate បានបង្ហាញការចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះម៉ែសស៊ី (Messi) ប៉ុន្តែដោយសារការខ្វះថវិកាសម្រាប់ឧបត្ថម្ភការព្យាបាលវេជ្ជសាស្រ្តរបស់គាត់ ដូច្នេះនៅទីបញ្ចប់ ពួកគេបានបដិសេធគាត់ ដោយសារតែស្ថានភាពសុខភាពរបស់គាត់។ ប៉ុន្តែមិនយូរប៉ុន្មានក្រោយមក ម៉ែសស៊ី (Messi) ត្រូវបានកត់សម្គាល់ដោយគ្រូបង្វឹកនៃក្លឹបបាល់ទាត់ “Barcelona”។ គាត់បានផ្ញើសំណើមួយទៅកាន់គ្រួសាររបស់ម៉ែសស៊ី (Messi) ។ ហើយគាត់បានស្នើឱ្យមានរយៈពេលសាកល្បង ដើម្បីពិនិត្យមើលសមត្ថភាពរបស់ម៉ែសស៊ី (Messi) ដោយខ្លួនគាត់ផ្ទាល់ ថាតើ ម៉ែសស៊ី (Messi) ពិតជាមានទេពកោសល្យដែលអាចបណ្តុះបណ្តាលបានដែរឬទេ។ ប្រសិនបើគាត់ឆ្លងកាត់ការសាកល្បងបានសម្រេច ក្លឹបនឹងធានារ៉ាប់រងលើថ្លៃវេជ្ជសាស្រ្តរបស់គាត់ ប៉ុន្តែក្នុងលក្ខខណ្ឌមួយប៉ុណ្ណោះ ម៉ែសស៊ី (Messi) ត្រូវការចាកចេញពីស្រុកកំណើតរបស់គាត់ ហើយផ្លាស់ទៅប្រទេសអេស្ប៉ាញ។ បន្ទាប់មក នៅពេលដែលមិត្តរួមក្រុមនៅក្លឹប Barcelona បានឃើញគាត់ជាលើកដំបូង ពួកគេមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារគាត់មានកម្ពស់ទាប ប៉ុន្តែនៅពេលគាត់លេងទៅលើទីលាន អ្វីៗដែលពួកគេបានគិតដំបូងត្រូវបានផ្លាស់ប្តូរទាំងស្រុង ចំណែកឯគ្រូបង្វឹកវិញ មានការពេញចិត្តជាខ្លាំងចំពោះសមត្ថភាព និងទេពកោសល្យរបស់ Messi។
គ្រូបង្វឹកបានដឹងយ៉ាងច្បាស់ថា គាត់បានកើតមក គឺដើម្បីលេងបាល់ទាត់តែម្តង ដូច្នេះគ្រូបង្វឹកម្នាក់នេះ បានផ្តល់ឱ្យគាត់នូវកិច្ចសន្យាដែលបានផ្លាស់ប្តូរជីវិតរបស់គាត់ជារៀងរហូត នៅលើវត្ថុតែមួយគត់ដែលគាត់មាននៅពេលនេះគឺក្រដាសជូតមាត់។ ដូច្នេះកិច្ចសន្យាដំបូងរបស់ម៉ែសស៊ី (Messi) នៅក្លឹប Barcelona គឺត្រូវបានសរសេរនៅក្រដាសជូតមាត់។ ចាប់ពីពេលនោះមក គាត់បានចំណាយពេលអាជីពរបស់គាត់ទាំងស្រុងជាមួយ Barcelona ។ ម៉ែសស៊ី (Messi) គឺជាម៉ាស៊ីនរកគ្រាប់បាល់ ហើយជួនកាលគាត់ត្រូវបានគេចាត់ទុកថាជាកីឡាករល្អបំផុតនៅក្នុងពិភពលោក។ នៅពេលមានអាយុ 22 ឆ្នាំ ម៉ែសស៊ី (Messi) បានឈ្នះពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ FIFA គាត់មានកំណត់ត្រាឈ្នះពានរង្វាន់ Ballon d'Or ចំនួន 5 និងកំណត់ត្រាស្បែកជើងមាសចំនួន 6 របស់អឺរ៉ុបហើយតារាឆ្នើមរបស់ក្លឹប Barcelona ត្រូវបានគេដាក់ឈ្មោះថាជាអត្តពលិកដែលមានប្រាក់ខែខ្ពស់បំផុតក្នុងពិភពលោក។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីម៉ែសស៊ី (Messi) បានលេង 16 រដូវកាលជាប់ៗគ្នាជាមួយនៅ Barcelona នៅក្នុងឆ្នាំ២០២១នេះ គាត់បានផ្លាស់ទៅលេងឲ្យក្លឹប Paris Saint-Germain ជាមួយកិច្ចសន្យារយៈពេល ២ ឆ្នាំ។ សព្វថ្ងៃនេះ ទ្រព្យសម្បត្តិរបស់គាត់ គឺបួនរយលានដុល្លារ។ មានមេរៀនជាច្រើនដែលយើងអាចសិក្សាបានពីជីវិតជោគជ័យរបស់គាត់។ បុរសម្នាក់ ដែលមានបញ្ហាសុខភាព ហើយមិនមានលទ្ធភាពគ្រប់គ្រាន់ដើម្បីព្យាបាលជំងឺ ព្រមទាំងធ្លាប់ប្រឈមមុខនឹងការបដិសេធ ទាំងដែលខ្លួននៅក្មេងនៅឡើយក៏ដោយ ក៏គាត់នៅតែមានការតាំងចិត្តដើម្បីសម្រេចក្តីសុបិនរបស់គាត់ ប្រែខ្លួនជាអ្នកប្រយុទ្ធតាំងពីក្មេង ហើយមិនបានបោះបង់ចោលនៅពាក់កណ្តាលផ្លូវ។
ដូច្នេះតើអ្វីទៅជាអាថ៌កំបាំងនៃការជោគជ័យរបស់គាត់? ភាពជោគជ័យរបស់គាត់ គឺមិនមានអាថ៌កំបាំងនោះទេ ព្រោះអ្វីដែលគាត់ទទួលបាន មិនមែនជារឿងចៃដន្យ ឬសំណាងនោះទេ។ គាត់បានខិតខំព្យាយាមយ៉ាងលំបាកបំផុត ហើយត្រូវលះបង់អ្វីៗជាច្រើនដើម្បីក្លាយជាបុគ្គលជោគជ័យដូចសព្វថ្ងៃនេះ។ “អ្នកត្រូវតែតស៊ូដើម្បីសម្រេចក្តីសុបិនរបស់អ្នក។ អ្នកត្រូវតែលះបង់ និងខិតខំដើម្បីវា។ ខ្ញុំចាប់ផ្តើមហ្វឹកហាត់តាំងពីព្រលឹម ហើយខ្ញុំនៅបន្តរហូតដល់ថ្ងៃលិច ពីមួយថ្ងៃទៅមួយថ្ងៃ ពីមួយឆ្នាំទៅមួយឆ្នាំ ខ្ញុំត្រូវចំណាយពេល 17 ឆ្នាំ 114 ថ្ងៃ ដើម្បីទទួលបានភាពជោគជ័យនេះ។” ខិតខំប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ហើយចាប់ផ្តើមធ្វើការទៅរកក្តីសុបិន្តរបស់អ្នកនៅថ្ងៃនេះ៕