ភ្នំពេញ៖ បក្ខពួកក្រុមក្មេងទំនើងម្នាក់ ដែលរហ័សនាមក្រុម LCH ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវ និងឃាត់ខ្លួន ក្រោយពេលបានធ្វើសកម្មភាពព្រួតគ្នាវាយកម្ទេចម៉ូតូរបស់អ្នកដទៃបណ្តាលឲ្យខូចខាត។
នគរបាលព្រហ្មទណ្ឌកំរិតស្រាល បានឱ្យដឹងនៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២នេះថា ជនសង្ស័យម្នាក់ ឈ្មោះ វិបុល សាងលីហ្សា ហៅ ស្វា ដែលបានចាប់ខ្លួន គឺស្ថិតក្នុងចំណោមបក្ខពួកចំនួន១៨នាក់ ពាក់ព័ន្ឋករណីយកដាវ កាំបិតប៉័ងតោ ដុំថ្ម និងមួកការពារសុវត្ថិភាព កាប់ និងវាយបណ្តាលឲ្យខូចខាតម៉ូតូ ប្រព្រឹត្តនៅចំណុចក្នុងបុរីធូលន មុខផ្ទះលេខ១បេ ផ្លូវលេខ២ ក្រុមទី៣ ភូមិព្រៃព្រីងខាងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែមិថុនា។
របាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា ក្នុងហេតុការណ៍កាប់បំផ្លាញនេះ បណ្តាលឱ្យខូចខាត ម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២២ ពាក់ផ្លាកលេខ ភ្នំពេញ ១JF៦៤៧៨ និងខូចខាតម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ ស ពាក់ផ្លាកលេខ ភ្នំពេញ ១IR១៨០០។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។ ចំណែកបក្ខពួករបស់ជនសង្ស័យ ត្រូវបានកម្លាំងជំនាញកំពុងធ្វើការស្រាវជ្រាវស្វែងរកការឃាត់ខ្លួន៕