ទើបតែបានចេញផ្សាយបទ«ដូចមេ» របស់លោកមេសា និងលោកវណ្ណដាថ្មីៗភ្លាមៗនោះទេកាលពីយប់មិញនេះ CEO បារមី អ្នកស្រី Laura Mam មិនបានរង់ចាំយូរក៏បានចេញសារបង្ហោះស្តេធឺសនៅលើទំព័រហ្វេសប៊ុករបស់អ្នកស្រីផងដែរ។ ដោយកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានមតិមហាជនមួយចំនួនបានលើកឡើង និងធ្វើការចែករំលែកតៗគ្នាថាពេញចិត្តគាំទ្រអោយអ្នកស្រី Laura Mam ធ្វើជាប្រធានសមាគមសិល្បៈជាខ្លាំង ដោយពួកគេជឿជាក់ថាអ្នកស្រីនឹងអាចធ្វើអោយសិល្បៈខ្មែរមានការអភិវឌ្ឍន៍ និងឈានទៅដល់ភាពល្បីរន្ទឺ ត្រូវបានស្គាល់កាន់តែធំទូលំទូលាយនៅលើសកលលោក។
ម្ល៉ោះហើយទើបកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈកន្លងទៅនេះ បន្ទាប់ពីបានចេញផ្សាយបទថ្មីថ្មោងរបស់ផលិតកម្មបារមីភ្លាម អ្នកស្រី Laura Mam ក៏បានផ្សារភ្ជាប់ឆ្លើយតបទៅកាន់មតិមហាជនប៉ុន្មានថ្ងៃមុននេះវិញថា«អ្នកស្រីមានការសោកស្តាយជាខ្លាំងដែលមិនអាចឈរឈ្មោះធ្វើជាប្រធានសមាគមសិល្បៈខ្មែរ ដោយហេតុថា អ្នកស្រីមានទំនួលខុសត្រូវដ៏ធំធេងនៅផលិតកម្មបារមី ដែលធ្វើអោយមិនមានពេលវេលាគ្រប់គ្រាន់បំពេញភារកិច្ចដ៏សំខាន់នេះ»។
យ៉ាងណាមិញផងដែរ អ្នកស្រីក៏បានស្នើឡើងថា លោកជំទាវម៉ៅ ចំណាន និងអ្នកនាងខាត់ សុឃីម គឺបេក្ខភាពដែលមានសមត្ថភាពល្អបំផុត ទាំងការដឹកនាំ ទាំងស្នាដៃ និងទេពកោសល្យ។ គួររំលឹកផងដែរថា កាលពីដើមខែកុម្ភៈនេះ អ្នកស្រី Laura Mam ក៏បានធ្វើការចែករំលែកអត្ថបទបទសម្ភាសន៍មួយរបស់អ្នកស្រីជាមួយនឹងគេហទំព័រMedia Focus ទាក់ទងនឹងប្រធានបទសិល្បៈខ្មែរនេះផងដែរ និងបានបង្ហាញចំណាប់អារម្មណ៍ថា«នាងខ្ញុំមានក្តីសុបិន្តមួយ ដែលចង់លឺសំលេងតន្រ្តីខ្មែរ ត្រូវបានបន្លឺលើឆាកតន្រ្តីធំៗជាច្រើននៅក្រៅប្រទេស»។ យ៉ាងណាមិញតើទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងណាដែរចំពោះសារឆ្លើយតបរបស់អ្នកស្រី?