ការស្លាប់របស់ Valentina Orellana-Peralta ដែលកំពុងដើរទិញឥវ៉ាន់ជាមួយម្តាយរបស់នាងសម្រាប់សម្លៀកបំពាក់ថ្ងៃឈប់សម្រាក បង្កក្តីបារម្ភអំពីការប្រើកម្លាំងសម្លាប់របស់ប៉ូលិស។ នាយកដ្ឋានប៉ូលីស Los Angeles បានចេញផ្សាយខ្សែអាត់វីដេអូ និងវីដេអូតាមដាននៃឧប្បត្តិហេតុ ដែលមន្រ្តីប៉ូលីសម្នាក់បានបាញ់សម្លាប់ក្មេងស្រីអាយុ 14 ឆ្នាំ នៅក្នុងហាងទំនិញមួយ ខណៈពេលបាញ់ទៅលើមនុស្សម្នាក់ផ្សេងទៀត។
ខ្សែវីដេអូពីឧប្បត្តិហេតុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះបានបង្ហាញថា ភ្លាមៗនៅពេលដែលប៉ូលីសបានជួបបុរសម្នាក់ដែលសង្ស័យថា បានធ្វើការវាយប្រហារនៅខាងក្នុងហាង នោះមន្រ្តីប៉ូលីសបានដកកាំភ្លើងបាញ់ចំនួនបីគ្រាប់មកលើគាត់ពីចម្ងាយ។ ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា គ្រាប់កាំភ្លើងមួយគ្រាប់របស់មន្ត្រីប៉ូលិសបានវាយប្រហារក្មេងស្រីនោះ នៅពេលដែលវាខ្ទាត់ចេញពីកម្រាលឥដ្ឋ ហើយចូលទៅក្នុងបន្ទប់លស្លៀកពាក់ដែលនាងនៅជាមួយម្តាយរបស់នាង។
ជនរងគ្រោះអាយុ 14 ឆ្នាំត្រូវបានគេកំណត់អត្តសញ្ញាណថាជា Valentina Orellana-Peralta បើយោងតាមការិយាល័យពិនិត្យសុខភាព LA ដែលសម្រេចថា ការស្លាប់នេះ គឺជាអំពើមនុស្សឃាត ដោយសារគ្រាប់កាំភ្លើងចំដើមទ្រូង។ Orellana-Peralta បានស្លាប់នៅកន្លែងកើតហេតុនៅហាង Burlington Coat Factory នៅ North Hollywood ។
មន្ត្រីប៉ូលីសដែលបាញ់ប្រហារនោះ ត្រូវបានឱ្យឈប់សម្រាកដោយមានប្រាក់ខែ ហើយមិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ។ មន្ត្រីបាននិយាយថា បុរសដែលបានប៉ូលិសបាញ់សម្លាប់នោះគឺ Daniel Elena Lopez អាយុ 24 ឆ្នាំ ដែលបានស្លាប់នៅកន្លែងកើតហេតុផងដែរ។ វីដេអូដែលចេញផ្សាយពីខាងក្នុងហាងបង្ហាញថា Elena Lopez មិនមានកាំភ្លើងទេ ហើយមន្ត្រីបានរកឃើញតែសោរម៉ូតូប៉ុណ្ណោះ។
វីដេអូបង្ហាញ Elena Lopez ដើរជុំវិញហាងជាមួយកង់របស់គាត់ ហើយវាយអតិថិជនជាច្រើននាក់ រួមទាំងមនុស្សដែលចាប់ផ្តើមជម្លៀសខ្លួនចេញពីហាងផងដែរ។ នៅពេលមួយ គាត់បានវាយខ្យល់ផងដែរ ខណៈដែលគ្មានអ្នកណានៅជុំវិញគាត់។ មុនពេលប៉ូលីសមកដល់ គាត់បានចាប់ផ្តើមវាយម្តងហើយម្តងទៀតទៅលើនារីម្នាក់ដែលដួលនៅលើដី។
ប៉ុន្តែរូបភាពកាមេរ៉ារបស់មន្ត្រីដែលបានបាញ់កាំភ្លើងវិញ បានបង្ហាញថា ពេលគាត់ទៅដល់ហាងដែល Elena Lopez កំពុងឈរ ហើយបានឃើញបុរសនេះជាលើកដំបូង គាត់បានបាញ់បីគ្រាប់យ៉ាងលឿនមកលើគាត់។ ខ្សែអាត់វីដេអូ មិនបានបង្ហាញថាមន្ត្រីរូបនេះបានទទួលបញ្ជាណាមួយឡើយ ហើយក៏មិនបង្ហាញ Elena Lopez ដើរសំដៅទៅរកមន្ត្រីដែរ។
មេធាវីតំណាងឱ្យក្រុមគ្រួសាររបស់ Orellana-Peralta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទថា ក្មេងស្រីនេះនៅក្នុងបន្ទប់លសំលៀកបំពាក់ជាមួយម្តាយរបស់នាង ដោយបានលសម្លៀកបំពាក់បុណ្យណូអែល ហើយនាងបានស្លាប់នៅក្នុងដៃរបស់ម្តាយនាង។
“ឧប្បត្តិហេតុដ៏ចលាចលនេះ ដែលបណ្តាលឲ្យកុមារស្លូតត្រង់ម្នាក់ស្លាប់ គឺជាសោកនាដកម្ម និងបំផ្លិចបំផ្លាញសម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធ។ ខ្ញុំមានការសោកស្ដាយជាខ្លាំងចំពោះការបាត់បង់ជីវិតរបស់ក្មេងស្រីម្នាក់នេះ ហើយខ្ញុំដឹងថាគ្មានពាក្យណាដែលអាចបន្ធូរបន្ថយការឈឺចាប់ ដែលមិនអាចនឹកស្មានដល់សម្រាប់គ្រួសារបានទេ” លោក Michel Moore ប្រធាន LAPD បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
ទាំងការិយាល័យអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា និងក្រសួងយុត្តិធម៌រដ្ឋកាលីហ្វ័រញ៉ា នឹងធ្វើការស៊ើបអង្កេតលើការបាញ់ប្រហារនេះ។ លោក John Hamasaki មេធាវីការពារក្តីឧក្រិដ្ឋជន ដែលជាសមាជិកនៃស្នងការប៉ូលីស San Francisco និងពិនិត្យជាប្រចាំនូវវីដេអូនៃការសម្លាប់របស់ប៉ូលីសបាននិយាយថា "មិនមានអ្វីនៅក្នុងវីដេអូដែលបង្ហាញពីភាពត្រឹមត្រូវនៃការបើកការបាញ់ប្រហារ ដូចដែលមន្រ្តីប៉ូលីសដែលមានកាំភ្លើងវាយប្រហារបានធ្វើនោះទេ" ។ “ខ្ញុំភ្ញាក់ផ្អើលពេលឃើញវីដេអូ… ការប្រើកម្លាំងសម្លាប់ គឺជាជម្រើសចុងក្រោយប៉ុណ្ណោះ។”
ការស្លាប់របស់ក្មេងស្រីអាយុ ១៤ឆ្នាំម្នាក់ បានបង្កការខឹងសម្បារពេញសហរដ្ឋអាមេរិក។ លោក Domingo García ប្រធានសម្ព័ន្ធ United Latin American Citizens បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាមិនអាចប្រកែកបានទេ ដែលមន្ត្រីប៉ូលីសនៅទីក្រុង Los Angeles ដែលបានទទួលការបណ្តុះបណ្តាល អាចបើកការបាញ់ប្រហារនៅក្នុងហាង ដែលមានមនុស្សច្រើននៅក្នុងការដើរទិញឥវ៉ាន់បុណ្យណូអែល ដោយមិនដឹងថាតើជនសង្ស័យមានប្រដាប់អាវុធនោះ។”
ការសម្លាប់របស់ LAPD បានកើនឡើងយ៉ាងខ្លាំងនៅឆ្នាំនេះ – នាយកដ្ឋានបានបាញ់សម្លាប់មនុស្ស 18 នាក់ក្នុងឆ្នាំ 2021 បើធៀបនឹង 7 នាក់ក្នុងឆ្នាំ 2020 នេះបើយោងតាមកាសែត LA Times ។ កាលពីថ្ងៃអាទិត្យ នាយកដ្ឋានបានប្រកាសថា មន្ត្រីម្នាក់បានបាញ់សម្លាប់បុរសម្នាក់ទៀតដែលត្រូវគេចោទថាកាន់កាំបិត។
អត្ថបទដកស្រង់ពី Sam Levin
បកប្រែនិងកែសម្រួលដោយ Mr. Blue