Kyiv-
រុស្សីបានបាញ់មីស៊ីលចំនួន២គ្រាប់ចូលទីក្រុង Kyiv កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអម្លុងពេលនៃទស្សនកិច្ចមួយដោយអគ្គលេខាធិការ អ.ស.ប. Antonio Gutierrez, មន្ត្រីអ៊ុយក្រែនបាននិយាយ ខណៈដែលទីក្រុងមូស្គូបានបង្កើនការវាយប្រហារនៅក្នុងប៉ែកខាងលិចដែលបណ្តាលឲ្យមានការអះអាងជាថ្មីរបស់សហរដ្ឋអាមេរិកនូវជំនួយយោធានិងមនុស្សធម៌បន្ថែមទៀត។ រ៉ុក្កែតបានធ្វើឲ្យរញ្ជួយក្នុងកណ្តាលទីរួមស្រុក Shevshenko ក្នុងរដ្ឋធានីអ៊ុយក្រែន និងមួយគ្រាប់នៃរ៉ុក្កែតនោះបានធ្លាក់ចំជាន់ទី១នៃអគារដែលមាន២៥ជាន់របស់ប្រជាពលរដ្ឋដែលបណ្តាលឲ្យមនុស្ស១០នាក់យ៉ាងហោចណាស់រងរបួស។
Reuters ដែលជាសក្សីបានរាយការណ៍ថា បានលឺសម្លេងផ្ទុះចំនួន២គ្រាប់ ប៉ុន្តែមូលហេតុនៃឧប្បទ្ទហេតុនេះមិនអាចដឹងបានច្បាស់ពិតប្រាកដទេ មិនមានការធ្វើអត្ថាធិប្បាយរបស់រុស្សីអំពីការផ្ទុះនេះទេ។ រុស្សីបានដកកម្លាំងនៃការឈ្លានពានរបស់គេនៅជិតទីក្រុង Kyiv កាលពីដើមខែមេសាបន្ទាប់ពីបរាជ័យក្នុងការកាន់កាប់ទីក្រុង ដែលចាប់ផ្តើមតាំងពីមានការទទួលនូវទស្សនកិច្ចដោយមន្ត្រីជាន់ខ្ពស់នៃសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តអឺរ៉ុប។ ប៉ុន្តែការផ្ទុះកាលពីថ្ងៃព្រហស្បតិ៍ បានត្រូវគេលឺសូរបន្ទាប់ពីការជជែករវាង Gutierrez និង Volodymyr Zelensky បានបញ្ចប់។
“មានការវាយប្រហារទៅលើទីក្រុង Kyiv វាធ្វើឲ្យខ្ញុំមានការរន្ធត់ មិនមែនមកពីខ្ញុំមកទីនេះទេ ប៉ុន្តែពីព្រោះទីក្រុង Kyiv ជាទីក្រុងដ៏ពិសិដ្ឋសំរាប់អ៊ុយក្រែននិងរុស្សីដូចគ្នា” Guterres បាននិយាយប្រាប់អ្នកសារព័ត៌មាន Portugal នៅពេលដែលសួរអំពីការផ្ទុះនេះ។ Zelensky បាននិយាយថា ការផ្ទុះនេះបានបង្ហាញថា យើងមិនត្រូវទម្លាក់ចោលនូវការប្រុងប្រយ័ត្នទេ យើងមិនត្រូវគិតថាការធ្វើសង្រ្គាមបានបញ្ចប់នោះទេ។ ការជជែករបស់ Guterres និង Zelensky បានផ្តោតទៅលើផ្នែកនៃការជំលៀសអ្នកប្រយុទ្ធអ៊ុយក្រែននិងជនភៀសខ្លួនស៊ីវិលដែលពួនលាក់ខ្លួននៅក្នុងរោងចក្រស្លដែកនៅក្នុងទីក្រុង Mariupol នៃភាគខាងត្បូងដែលត្រូវបានឡោមព័ទ្ធ។
លោកប្រធានាធិបតីរុស្សី Vladimir Putin បានយល់ព្រមជាគោលការណ៍ចំពោះ UN និងកាកបាទក្រហមក្នុងការពាក់ព័ន្ធក្នុងការជំលៀសចេញពីរោងចក្រក្នុងអម្លុងនៃការជជែកដាច់ដោយឡែកពីគ្នានៅក្នុងទីក្រុងមូស្គូជាមួយនិង Guterres កាលពីថ្ងៃអង្គារ៍។ មន្ត្រីអ៊ុយក្រែនមានការព្រួយបារម្ភថារុស្សីចង់ចាប់កងទ័ពដែលនៅក្នុងរោងចក្រនោះ វាជាការចោទប្រកាន់ដែលទីក្រុងមូស្គូបានប្រកែក។