រុស្សីបានផ្តោតចំណាប់អារម្មណ៍កាលពីថ្ងៃអាទិត្យ ចំពោះការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន រៀបចំការការវាយប្រហារតាមអាកាសទៅលើទីក្រុង Kyiv ដោយបានបញ្ជាក់ថា បានបំផ្លាញរថក្រោះដែលផ្តល់ឲ្យដោយបរទេស ខណៈដែល Vladimir Putin បានព្រមានថាការដឹកជញ្ជូនអាវុធណាមួយ ដែលមានរង្វង់ប្រតិបត្តិការណ៍ឆ្ងាយនឹងជំរុញឲ្យទីក្រុងមូស្គូនឹងវាយប្រហារទៅលើ វត្ថុឬទីកន្លែងផ្សេងទៀត ដែលខ្លួនមិនទាន់បានវាយប្រហារ។ ការគំរាមកំហែងរបស់មេដឹកនាំរុស្សីដែលថា នឹងបង្កើនការវាយប្រហារយោធា មិនបានបញ្ជាក់ថា តើមុខព្រួញណាដែលខ្លួននឹងធ្វើការវាយប្រហារនោះទេ។
រឿងនេះបានកើតឡើងមកបន្ទាប់ពីសហរដ្ឋអាមេរិក បានប្រកាសនូវផែនការដើម្បីបញ្ជូនកញ្ចប់ជំនួយសន្តិសុខដែលមានតម្លៃ៧០០លានដុល្លារសហរដ្ឋអាមេរិកទៅឲ្យអ៊ុយក្រែន ដែលមានរួមបញ្ចូលទាំងប្រព័ន្ធរ៉ុក្កែត ដែលបាញ់ចំទិសដៅយ៉ាងច្បាស់ និងមានរង្វង់ប្រតិបត្តិការណ៍មធ្យមរួមទាំងឧទ្ធម្ភាគចក្រ ប្រព័ន្ធប្រឆាំងរថក្រោះ Javelin រ៉ាដា និងរថយន្តព្រមទាំងសម្ភារៈមួយចំនួនផ្សេងទៀត។ អ្នកវិភាគខាងយោធានិយាយថា រុស្សីសង្ឃឹមថានឹងលុកលុយសមរភូមិភាគខាងកើតដែលជាតំបន់ឧស្សហកម្ម Donbas ជាកន្លែងដែលក្រុមបំបែករដ្ឋដែលគាំទ្រដោយរុស្សី បានប្រយុទ្ធជាមួយនឹងរដ្ឋាភិបាលអ៊ុយក្រែនតាំងពីឆ្នាំ២០១៤។
សហរដ្ឋអាមេរិកបាននិយាយថា វានឹងត្រូវការពេលវេលាយ៉ាងតិចណាស់ក៏៣អាទិត្យ ដើម្បីបញ្ជូនអាវុធឲ្យទៅដល់សមរភូមិអ៊ុយក្រែន។ អ៊ុយក្រែនបាននិយាយថា មីស៊ីលដែលបាញ់តម្រង់ទៅ ទៅរដ្ឋធានីបានធ្លាក់ចំកន្លែងជួសជុលរថភ្លើងមួយកន្លែង។ នៅកន្លែងផ្សេងទៀត ការវាយប្រហារតាមអាកាសរបស់រុស្សីនៅប៉ែកខាងកើតនៃទីក្រុង Druzhkivka បានបំផ្លាញអគារនិងបន្សល់ទុកយ៉ាងហោចណាស់មនុស្សម្នាកស្លាប់ មន្ត្រីអ៊ុយក្រែនម្នាក់បាននិយាយ។ ប្រជាពលរដ្ឋបានពិពណ៌នាថាបានភ្ញាក់ដោយសារសម្លេងមីស៊ីលដែលបានបាញ់ហើយកំទេចកំទីកៅស៊ូ និងកញ្ចក់បានធ្លាក់ចុះមកនៅជុំវិញខ្លួនគេ។
ក្រសួងការពារជាតិរុស្សីបាននិយាយថា មីស៊ីលរបស់ខ្លួនបានវាយប្រហារបំផ្លាញរោងជាងនៅក្នុងតំបន់ Donetsk ភាគខាងកើតអ៊ុយក្រែន រួមទាំងនៅក្នុង Druzhkivka ដែលជាកន្លែងជួសជុលសម្ភារៈយោធារបស់អ៊ុយក្រែន ដែលខូចខាត។ ទន្ទឹមគ្នានោះដែរ អគ្គសេនាធិការរបស់អ៊ុយក្រែនបាននិយាយថាកងកម្លាំងរុស្សីបានបាញ់មីស៊ីល X-22 ចំនួន៥គ្រាប់ពីសមុទ្ទ Caspian ចូលទៅក្នុងទីក្រុង Kyiv និង១គ្រាប់ត្រូវបានបំផ្លាញដោយប្រព័ន្ធការពារដែនអាកាស ៤គ្រាប់ទៀតបានធ្លាក់ចំហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ប៉ុន្តែពុំមានអ្នកណារងរបួសនោះទេ៕