Moscow-
កងកម្លាំងអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះសត្រូវនៅលើទីក្រុង Kyiv នៅវេលាព្រឹកប្រហាមថ្ងៃសុក្រ ដែលបន្ទាប់មកបានធ្លាក់ទៅលើអគាររបស់ប្រជាពលរដ្ឋហើយបានឆេះ Anton Herashenko ទីប្រឹក្សាក្រសួងមហាផ្ទៃបាននិយាយ។ ក៏នៅមិនទាន់ច្បាស់ថា តើយន្តហោះនោះមានអ្នកបើកបរឬអត់ Herashenko បានសរសេរនៅក្នុងតេលេក្រាម ថាអគារអ្នកស្រុកមួយដែលមានកំពស់៩ជាន់ ត្រូវបានឆាបឆេះ។ ការផ្ទុះជាបន្តបន្ទាប់ត្រូវបានគេលឺក្នុងទីក្រុង Kyiv កាលពីព្រឹកព្រលឹម នៅពេលដែល Herashenko បាននិយាយថា គឺជាសម្លេងនៃកាំភ្លើងការពារដែនអាកាសបាញ់តម្រង់ទៅយន្តហោះ។
រុស្សីបានធ្វើការឈ្លានពានមួយតាមផ្លូវគោក ទឹកនិងអាកាសកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីការប្រកាសសង្រ្គាមរបស់ដោយលោកប្រធានាធិបតី Putin ។ មនុស្សប្រហែលជា១សែននាក់បានគេចចេញ បន្ទាប់ពីមានការផ្ទុះ និងស្នូរកាំភ្លើងបានអង្រួនទីក្រុងធំៗនៅក្នុងប្រទេសអ៊ុយក្រែន និងមនុស្សច្រើនជាង១៣០នាក់បានស្លាប់បាត់បង់ជីវិតក្នុងថ្ងៃទីមួយនៃការប្រយុទ្ធ យ៉ាងហោចណាស់ក៏មានមនុស្ស៣០០នាក់រងរបួស។ លោកប្រធានាធិបតី អ៊ុយក្រែន Volodymyr Zelensky បានប្តេជ្ញាចិត្តថា នឹងបន្តនៅក្នុងទីក្រុង Kyiv ខណៈដែលកងទ័ពរុស្សីបានរុលទៅមុខឆ្ពោះទៅកាន់រដ្ឋធានី ដែលជាការប្រយុទ្ធដ៏ធំមួយនៅក្នុងអឺរ៉ុប បន្ទាប់ពី សង្រ្គាមលោកលើកទី២។
ទីក្រុងវ៉ាស៊ិនតោននិងសមាជិក NATO ដ៏ទៃទៀតបានដាក់ទណ្ឌកម្មលើរុស្សី និងបានបញ្ជូនជំនួយយោធាទៅកាន់អ៊ុយក្រែន ប៉ុន្តែពុំមានចលនាក្នុងការបញ្ជូនកងទ័ពទៅប្រយុទ្ធរួមគ្នាជាមួយកងទ័ពអ៊ុយក្រែនទេ ដោយបារម្ភពីការរីករាលដាលទំនាស់នៅក្នុងអឺរ៉ុប។ រដ្ឋមន្ត្រីក្រសួងកាពារប្រទេសអាមេរិក Lioyd Austin បានប្រាប់សភាតាមទូរស័ព្ទកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា រុស្សីបានបញ្ជូនទ័ពតាម បែលឡារុសដែលមានចម្ងាយតែ២០ម៉ាយពីទីក្រុង Kyiv, បើយោលទៅតាមមនុស្សម្នាក់ដែលបានដឹងពីសន្ទនាតាមទូរស័ព្ទនេះ។
លោកប្រធានាធិបតី អ៊ុយក្រែន Zelensky បាននិយាថារដ្ឋាភិបាលបានទទួលព័ត៌មានថា ក្រុមដែលធ្វើវិទ្ធង្សនាបានទន្រ្ទានចូលមកក្នុងទីក្រុង រីឯលោករដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក Antony Blinken បាននិយាយថាទីក្រុង Kyiv អាចនឹងត្រូវបានឡោមព័ទ្ធក្នុង អ្វីដែលគេជឿជាក់ថាគឺជាការប៉ុនប៉ងដោយលោកប្រធានាធិបតីរុស្សី Vladimir Putin ដើម្បីកាត់ផ្តាច់រដ្ឋាភិបាលហើយរៀបចំរដ្ឋាភិបាលដែលជារបបរបស់ខ្លួន៕