រុស្ស៊ីបាននិយាយកាលពីថ្ងៃអាទិត្យនេះថាអ៊ុយក្រែនកំពុងគ្រោងរៀបចំឧប្បត្តិហេតុនុយក្លេអ៊ែរនៅលើទឹកដីរបស់ខ្លួនដើម្បីទម្លាក់កំហុសលើទីក្រុងមូស្គូអោយបានមុនពេលកិច្ចប្រជុំអង្គការសហប្រជាជាតិដោយមិនបន្សល់ទុកស្លាកស្នាមនៃភស្តុតាងសម្រាប់ការកាត់ទោសឡើយ។ ចាប់តាំងពីការចាប់ផ្តើមនៃការលុកលុយអ៊ុយក្រែនអស់រយៈពេលជិតមួយឆ្នាំមុនមក រុស្ស៊ីបានចោទប្រកាន់ទីក្រុង Kyiv ជាញឹកញាប់អំពីការរៀបចំគំរោងប្រតិបត្តិការ "ទំលាក់កំហុសលើភាគីដទៃ" ដោយអាវុធគ្រោះថ្នាក់មិនធម្មតារបស់ពួកគេដែលមាន ប្រើប្រាស់នូវសារធាតុជីវសាស្ត្រឬវិទ្យុសកម្ម។ យ៉ាងណាមិញផងដែរ សង្កេតឃើញថាមិនទាន់មានការវាយប្រហារបែបនេះកើតឡើងពិតនៅឡើយនោះទេ។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាសារធាតុវិទ្យុសកម្មនេះត្រូវបានដឹកជញ្ជូនទៅកាន់អ៊ុយក្រែនពីប្រទេសនៅប៉ែកអឺរ៉ុបហើយទីក្រុង Kyiv កំពុងរៀបចំគំរោង "បង្កហេតុ" ទ្រង់ទ្រាយធំមួយ។ លោកបាននិយាយថា"គោលបំណងនៃការបង្កហេតុនេះគឺដើម្បីចោទប្រកាន់កងទ័ពរុស្ស៊ីថាបានធ្វើការវាយប្រហារដោយមិនប្រកាន់គោលដៅណាមួយទាំងផ្នែកយោធា រឺប្រជាជនស៊ីវិលមកលើទីតាំងវិទ្យុសកម្មដ៏គ្រោះថ្នាក់នៅក្នុងប្រទេសអ៊ុយក្រែនដែលនាំឱ្យមានការលេចធ្លាយនូវសារធាតុវិទ្យុសកម្ម និងការបំពុលក្នុងតំបន់"។ អ៊ុយក្រែននិងសម្ព័ន្ធមិត្តបានច្រានចោលការចោទប្រកាន់នេះថាជាការប៉ុនប៉ងដ៏ឃោរឃៅក្នុងការផ្សព្វផ្សាយព័ត៌មានមិនពិត និងបានចោទប្រកាន់ទីក្រុងម៉ូស្គូថាជាមេក្លោងរៀបចំឧប្បត្តិហេតុផ្សេងៗក្នុងការប៉ុនប៉ងទម្លាក់កំហុសមកលើអ៊ុយក្រែន។