រដ្ឋធានីរបស់អ៊ុយក្រែនត្រូវបានកម្ទេចដោយរលកនៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកដែលបញ្ជាដោយយោធារបស់រុស្ស៊ីបានវាយប្រហារហេដ្ឋារចនាសម្ព័ន្ធសំខាន់របស់អ៊ុយក្រែនម្តងទៀត។ យោងតាមមន្ត្រីបានឲ្យដឹងថា យន្តហោះគ្មានមនុស្សបើកប្រហែលចំនួន ២០ គ្រឿងត្រូវបានដាក់ពង្រាយទៅកាន់ទីក្រុង Kyiv និងតំបន់ជុំវិញទីក្រុងនៅព្រឹកថ្ងៃចន្ទ ជាមួយនឹងប្រព័ន្ធការពារដែនអាកាសដ៏រឹងមាំបានបំផ្លាញយានយន្តហោះគ្មានមនុស្សបើកចំនួនប្រហែល ១៥ គ្រឿង។ អភិបាលខេត្ត Oleksiy Kuleba បាននិយាយថា ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីបានបណ្តាលឲ្យទីក្រុង Kyiv មានការខូចខាត់យ៉ាងធ្ងន់ធ្ងរ ហើយបង្កឲ្យតំបន់ចំនួនបីទៀតផ្សេងទៀតគ្មានការផ្គត់ផ្គង់ថាមពលអគ្គីសនីក្នុងតំបន់។ រុស្ស៊ីបានបញ្ចេញយន្តហោះគ្មានមនុស្សបើក “kamikaze” ចំនួន ៣៥ គ្រឿង ដែលបានវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅក្នុង និងជុំវិញទីក្រុង Kyiv ក្នុងការវាយប្រហារតាមអាកាសលើកទីបីរបស់ទីក្រុងមូស្គូទៅលើរដ្ឋធានីអ៊ុយក្រែនក្នុងរយៈពេលប្រាំមួយថ្ងៃ។ រដ្ឋបាលទីក្រុង Kyiv បាននិយាយនៅលើគណនីប្រព័ន្ធ Telegram របស់ខ្លួនថា ហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយត្រូវបានវាយកម្ទេចដោយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ហើយយ៉ាងណាមិញ លោកមិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមពីការវាយប្រហារនេះទេ។
លោកបានបន្ថែមទៀតថា កងកម្លាំងរុស្ស៊ីបានប្រើប្រាស់គ្រាប់រំសេវពី Shaheds និងយន្តហោះគ្មានមនុស្សបើកផលិតដោយអ៊ីរ៉ង់ក្នុងការវាយប្រហារទីក្រុង Kyiv និងទីក្រុងផ្សេងទៀតក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ អភិបាលក្រុង Kyiv លោក Vitali Klitschko បានបញ្ជាក់កាលពីថ្ងៃចន្ទថា មានការផ្ទុះបានកើតឡើងនៅក្នុងទីក្រុង ដែលជាលទ្ធផលនៃការវាយប្រហារលើរដ្ឋធានី ហើយហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗជាច្រើនត្រូវបានខូចខាត។ ទទឹមនឹងការវាយប្រហារ វិស្វករថាមពល និងកំដៅកំពុងធ្វើការយ៉ាងស្វាសស្វែងដើម្បីកែស្ថានការណ៍ឲ្យមានស្ថេរភាពយ៉ាងឆាប់រហ័សជាមួយនឹងការផ្គត់ផ្គង់ថាមពល និងកំដៅដល់ប្រជាជនក្នុងតំបន់។
បើទោះបីជារដ្ឋធានីហាក់ដូចជាគោលដៅសំខាន់នៃការវាយប្រហារចុងក្រោយបំផុតរបស់រុស្ស៊ីក៏ដោយ ក៏យោធាអ៊ុយក្រែនបាននិយាយថាកន្លែងផ្សេងទៀតនៅក្នុងប្រទេសក៏ត្រូវបានកម្ទេចផងដែរ។ កងទ័ពអាកាសបាននិយាយនៅលើប្រព័ន្ធ Telegram ថា ខ្លួនអាចកម្ទេចយន្តហោះគ្មានមនុស្សបើកបំផ្ទុះចំនួន៣ ០គ្រឿងក្នុងចំណោមយន្តហោះគ្មានមនុស្សបើកចំនួន ៣៥ គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះពាសពេញប្រទេសពីផ្នែកខាងកើតនៃសមុទ្រ Azov ។ គួរបញ្ជាក់ថាការវាយប្រហារនេះមានឡើងបន្ទាប់ពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីទៅលើទីក្រុងជាច្រើននៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងទីក្រុង Kyiv កាលពីថ្ងៃសុក្រ ដែលបានបង្កឲ្យមានការដាច់ចរន្តអគ្គិសនីនិងធ្វើឲ្យប្រទេសអ៊ុយក្រែនធ្លាក់ចូលទៅក្នុងភាពងងឹតនៅក្នុងសីតុណ្ហភាពរដូវរងាដ៏ត្រជាក់។
ក្នុងភ្លើងសង្គ្រាមយ៉ាងក្តៅគគុកដែលបានចាប់ផ្តើមនៅថ្ងៃទី ២៤ ខែកុម្ភៈ រុស្ស៊ីបានពឹងផ្អែកកាន់តែខ្លាំងឡើងលើការវាយប្រហារតាមអាកាសទក្នុងការឈ្លានពានអ៊ុយក្រែន បន្ទាប់ពីមានវិបត្តិសមរភូមិជាបន្តបន្ទាប់។ រដ្ឋាភិបាលអ៊ុយក្រែន ការិយាល័យសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងជាប្រធានគណៈកម្មការអឺរ៉ុប បានថ្លែងថា ការវាយប្រហារនេះ គឺជាឧក្រិដ្ឋកម្មសង្គ្រាម ដែលគំរាមកំហែងដល់ជនស៊ីវិល និងរារាំងសេវាកម្មមូលដ្ឋាននៅក្នុងប្រទេសដែលមានប្រជាជនប្រមាណ ១៨ លាននាក់កំពុងត្រូវការជំនួយមនុស្សធម៌រួចហើយ។ បើនិយាយពីការវាយប្រហាររបស់រុស្ស៊ីថ្មីៗនេះ យោធាអ៊ុយក្រែនបានរាយការណ៍ពីភាពជោគជ័យកាន់តែខ្លាំងឡើងក្នុងការបាញ់ទម្លាក់មីស៊ីលរុស្ស៊ី និងយន្តហោះគ្មានមនុស្សបើកផ្ទុះ។ ស្របពេលគ្នានោះ សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ក៏បានដាក់ទណ្ឌកម្មលើប្រទេសអ៊ីរ៉ង់ ក្នុងការប៉ុនប៉ងកំណត់គោលដៅមនុស្ស និងក្រុមហ៊ុននានាដែលត្រូវបានពាក់ព័ន្ធ ដោយចោទប្រកាន់ពីបទធ្វើឧស្សាហកម្មយន្តហោះគ្មានមនុស្សបើករបស់ប្រទេស។ កាលពីខែវិច្ឆិកា ទីក្រុងតេអេរ៉ង់បានសារភាពថា ខ្លួនពិតជាបានលក់យន្តហោះគ្មានមនុស្សបើកចំនួនមានកំណត់ឲ្យរុស្ស៊ី មុនពេលមានការវាយប្រហារ ប៉ុន្តែបានអះអាងថាខ្លូនមិនបានគាំទ្រភាគីណាមួយនៅក្នុងជម្លោះនោះទេ។