បទដែលកំពុងផ្ទុះនៅលើបណ្តាញសង្គម Tik Tok “មេឃស្រទុំ ខ្ញុំអង្គុយយោលទោង ច្រៀងបទស្នេហ៍សារិកាទងវង” ដោយលោក Kwan កំពុងត្រៀមទំលាក់នៅថ្ងៃស្អែកម៉ោង៧យប់ខាងមុខនេះ។ ចង់ដឹងថាតើលោក Kwan នឹងមានអ្វីពិសេសជាងនេះនៅក្នុងបទថ្មីមួយនេះរបស់លោក បន្ទាប់ពីបទរួមគ្នាជាមួយនឹងលោកវណ្ណដា«មេឃបើកថ្ងៃ» ក៏បានទើបតែទម្លាក់កាលពីពេលថ្មីៗនេះផងដែរ និងទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរ បទចម្រៀងមួយនេះ ត្រូវបានលោកទម្លាក់ជា Visualizer Version ដំបូងដោយចំណងជើងថា«YAKAYO» នៅក្នុងអាល់ប៊ុម Sonmalai និងត្រូវបានចេញផ្សាយកាលពី៤ខែកន្លងទៅនេះនៅអំឡុងចុងខែមករា។ យ៉ាងណាមិញផងដែរ គួរបញ្ជាក់ថា បទ«YAKAYO» នេះគឺជាបទមួយដែលស្ថិតនៅលេខរៀងទី៩ ក្នុងចំណោមទាំងដប់បទនៃអាល់ប៊ុម Sonmalai ផងដែរ។
ម្យ៉ាងវិញទៀតផងដែរ កាលពីពេលថ្មីៗនេះសង្កេតឃើញថាមានទស្សនិកជនមួយចំនួនផ្ទុះការចាប់អារម្មណ៍ឡើងថា លោក Kwan មានសមត្ថភាពប្រៀបដូចជា The Weekend ទី២ របស់កម្ពុជាអ៊ីចឹងតាមរយៈបទនីមួយៗរបស់លោក។ យ៉ាងណាមិញទាក់ទងនឹងអត្ថន័យរបស់អាល់ប៊ុម Sonmalai ទាំងមូលនេះផ្ទាល់ លោក Kwan ធ្លាប់បង្ហើបឡើងថា«នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃយើងគ្រប់គ្នាតែងប្រាថ្នារស់នៅក្នុងជីវិតមួយដ៏ពេញលេញ សម្បូរសប្បាយ។ ដោយហេតុថាយើងគ្រប់គ្នាគឺជាមនុស្ស មិនអាចចៀសផុតពីទុក្ខកង្វល់ បញ្ហាចំពោះមុខដែលត្រូវដោះស្រាយ។ “SONMALAI” Mixtape គឺជាកម្រងបទចម្រៀងដែលមានចំនួន 10បទ ដែលស្តែងចេញពីជីវភាពរស់នៅប្រចាំថ្ងៃ បទពិសោធន៍ជីវិត ទុក្ខលំបាក សេចក្តីរំភើប និងសារជាតិជាមនុស្ស។ ចុះទស្សនិកជនយល់ឃើញយ៉ាងណាទៅលើអត្ថន័យនៃបទ«YAKAYO» នេះផ្ទាល់?