ជនសង្ស័យម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់ពីមន្ត្រីប៉ូលីសពីរនាក់ត្រូវបានបាញ់សម្លាប់ក្នុងអំឡុងពេលស្ទាក់រថយន្តមួយគ្រឿងនៅក្នុងប្រទេសអាល្លឺម៉ង់។ នៅម៉ោង 04:20 ម៉ោងក្នុងស្រុក (03:20 GMT) មន្រ្តីប៉ូលីសបានស្ទាក់រថយន្តមួយគ្រឿងនៅក្នុងស្រុក Kusel ក្នុងរដ្ឋ Rhineland-Palatinate ដែលជារដ្ឋនៅជិតព្រំដែនបារាំង។ ក្រោយមក ប៉ូលីសប្រុសអាយុ ២៩ឆ្នាំម្នាក់ និងប៉ូលីសស្រីអាយុ ២៤ឆ្នាំម្នាក់ ត្រូវបានគេបាញ់សម្លាប់នៅនឹងកន្លែងកើតហេតុ នៅពេលដែលក្រុមជំនួយបានទៅដល់។
កាលពីថ្ងៃច័ន្ទ ប៉ូលីសចាប់ខ្លួនបុរសអាយុ ៣៨ ឆ្នាំម្នាក់ ដែលមាននៅក្នុងការប្រកាសចាប់ខ្លួនមួយ, ហើយប៉ូលីសបាននិយាយថា ពួកគេក៏បានចាប់ខ្លួនជនសង្ស័យទី ២ អាយុ ៣២ ឆ្នាំជាបណ្ដោះអាសន្នផងដែរ។ ជនសង្ស័យត្រូវបានចាប់ខ្លួននៅ Sulzbach, Saarland ដែលមានចម្ងាយ ៣៧ គីឡូម៉ែត្រពីកន្លែងកើតហេតុភ្លាមៗ បន្ទាប់ពីម៉ោង 17:00, ហើយនឹងត្រូវនាំខ្លួននៅចំពោះមុខចៅក្រមស៊ើបអង្កេតនៅ Kaiserslautern នៅថ្ងៃអង្គារ៍។
ព័ត៌មានលម្អិតខ្លះៗនៃឧបទ្ទវហេតុនេះមិនច្បាស់លាស់ទេ។ រហូតមកដល់ពេលនេះ មានការពិពណ៌នាតិចតួចអំពីអ្វីដែលបានកើតឡើងក្នុងការវាយប្រហារនេះ ហើយប៉ូលីសមិនបានបង្ហាញពីហេតុផលដែលអាចធ្វើទៅបាននោះទេ។ ប៉ុន្តែដំបូងឡើយ មន្ត្រីប៉ូលីសបានរាយការណ៍ថា ពួកគេបានស្ទាក់រថយន្តគួរឱ្យសង្ស័យមួយគ្រឿង។ មិនយូរប៉ុន្មានក៏មានការរាយការណ៍លើកទីពីរ, មន្ត្រីប៉ូលីសបាននិយាយថា «ពួកគេកំពុងបាញ់មកកាន់យើង!» មុនពេលទំនាក់ទំនងតាមវិទ្យុបានកាត់ផ្តាច់។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា នៅពេលកងកម្លាំងមកដល់ មន្ត្រីប៉ូលីសទាំងពីរបានស្លាប់បាត់ទៅហើយ។ Sabrina Kunz ប្រធានរដ្ឋនៃសហជីពប៉ូលីសបាននិយាយថា «យើងកំពុងតែឆ្លងកាត់សុបិនដ៏អាក្រក់របស់មន្ត្រីប៉ូលីសទាំងអស់» ដោយបន្ថែមថានាង «ស្រឡាំងកាំង» ចំពោះអ្វីដែលបានកើតឡើង៕
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue