រដ្ឋមន្ត្រីក្រសួងទេសចរណ៍លោក ថោង ខុន បានប្រាប់ឲ្យគណៈអភិបាលរាជធានី ខេត្ត ទាំងអស់ត្រៀមខ្លួន ដើម្បីបើកដំណើរការអាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែកឡើងវិញ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នេះបើយោងតាមលិខិតចុះថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ ម្សិលមិញ។
បើតាមលោក ថោង ខុន ក្រសួងទេសចរណ៍ កន្លងមកបានដាក់ចេញនៅប្រកាស ស្តីពីការដាក់ឱ្យអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមា (SOP) សម្រាប់អាជីវកម្មខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក ដើម្បីទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ១៩ និងដើម្បីត្រៀមរៀបចំបើកដំណើរការអាជីវកម្មឡើងវិញ នៅពេលដែលរាជរដ្ឋាភិបាលអនុញ្ញាតិ នៅក្រោយថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។
ដើម្បីសម្រេចផែនការនេះ លោករដ្ឋមន្ត្រី ថោង ខុន បានធ្វើសេចក្តីណែនាំមួយចំនួនរួមមាន៖
ដំណាក់កាលទី១៖ ការត្រៀមលក្ខណៈមុន នឹងបើកដំណើរការខាងណាវិញ អាជ្ញាធរត្រូវត្រួតពិនិត្យ និងវាយតម្លៃឱ្យបានហ្មត់ចត់នូវការត្រៀមលក្ខណៈសម្បត្តិ សម្បទា និងការអនុវត្តរបស់អាជីវកម្ម មុននឹងសម្រេចអនុញ្ញាតឲ្យបើកដំណើរការ ដោយត្រូវជូនដំណឹងដល់ប្រតិបត្តិករជាមុន ដើម្បីឲ្យប្រតិបត្តិករដាក់ពាក្យស្នើសុំដំណើរការអាជីវកម្ម និងត្រូវបណ្ដុះបណ្ដាលឲ្យបានហ្មត់ចត់ដល់ម្ចាស់អាជីវកម្ម និងបុគ្គលិក នូវវិធានការសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក។
ដំណាក់កាលទី២៖ ក្រោយការសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ រដ្ឋបាលរាជធានី ខេត្ត ត្រូវរៀបចំយន្តការ ដើម្បីបន្តការត្រួតពិនិត្យជាប្រចាំ និងឲ្យបានហ្មត់ចត់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ និងនីតិវិធីប្រតិបត្តិស្តង់ដារអប្បបរមា តាមគន្លងប្រក្រតីភាពថ្មីសម្រាប់អាជីវកម្ម ក្រោយពេលសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ ហើយក្នុងករណីដែលម្ចាស់អាជីវកម្មមិនបានអនុវត្តត្រឹមត្រូវ រដ្ឋបាលរាជធានី ខេត្ត ត្រូវចាត់វិធានការនានាបន្ថែម ដោយតម្រូវឲ្យបិទអាជីវកម្ម និងទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។
គួររំលឹកថា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅក្នុងឱកាសសម្ពោធអគារក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ សម្តេចតេជោ ហ៊ុន សែន បានតាមដានស្ថានភាព នៃជំងឺកូវីដ-១៩ រហូតដល់ចុងខែវិច្ឆិកា មុននឹងមានការសម្រេចឱ្យអាជីវកម្ម ដែលមានហានិភ័យខ្ពស់ ដូចជា ខារ៉ាអូខេ (KTV) ក្លឹបកម្សាន្ត រង្គសាល ឌីស្កូតែក អាចបើកអាជីវកម្មឡើងវិញ។ សម្តេចថា សម្តេចយល់ព្រមតាមសំណើរបស់លោក អូន ព័ន្ធមុនីរ័ត្ន រួចហើយ ពីព្រោះបើបើកលឿនពេកអាចនឹងមានបញ្ហា។ ឥឡូវនេះ ធ្វើយ៉ាងណាបើកសាលារៀនសិន។
ថ្វីត្បិតតែរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យកាលពីថ្ងៃទី១ ខែវិច្ឆិកា ក៏ដោយ ប៉ុន្តែដើម្បីបន្តទប់ស្កាត់ និងកាត់បន្ថយអាជីវកម្មដែលមានហានិភ័យខ្ពស់ រដ្ឋបាលរាជធានី-ខេត្ត នៅតែបន្តហាមឃាត់អាជីវកម្មមួយចំនួនដែលដែលមានហានិភ័យខ្ពស់ដដែល។
អស់រយៈពេល១ឆ្នាំ និង៨ ខែជាងហើយដែលអាជីវកម្មខារ៉ាអូខេ ក្លឹបកម្សាន្ត និងរង្គសាល ត្រូវបាន រដ្ឋាភិបាលសម្រេចផ្អាកអាជីវកម្ម បន្ទាប់ពីកម្ពុជាបានរកឃើញជំងឺកូវីដ-១៩ ជាបន្តបន្ទាប់។ ទោះជាយ៉ាងណា ពន្លឺនៃការត្រលប់មករកភាពប្រក្រតីតាមគន្លងថ្មី នៃអាជីវកម្មទាំងនេះត្រូវបានបង្ហាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកប្រទេស កាលពីថ្ងៃទី១ ខែវិច្ឆិកា កន្លងទៅ ក៏ដូចជាការសម្រេចជោគជ័យក្នុងការចាក់វ៉ាក់សាំងជូនពលរដ្ឋ៕ (មានជ័យ)