កោះពោធិ៍ (Koh Po) គឺជាតំបន់កោះទេសចរណ៍បែបធម្មជាតិដែលមានទេសភាពស្រស់ស្អាតមិនចាញ់កោះដទៃទៀតឡើយ ស្ថិតនៅទឹកដីខេត្តកែប ដែលជាខេត្តមួយរបស់ប្រទេសកម្ពុជា ដែលសំបូរទៅដោយតំបន់ទេសចរដែលមានសក្តានុពល ហើយក៏ជាខេត្តជាប់មាត់សមុទ្រផងដែរ។ នៅលើកោះកោះពោធិ៍ នេះ ភ្ញៀវទេសចរអាចទស្សនាទេសភាពព្រៃភ្នំដ៏ស្រស់ត្រកាល ជិះទូក ស្ទូច ត្រី ហែលទឹក ស្វែងយល់ពីជីវភាពរស់នៅរបស់ប្រជាជននៅតំបន់នោះ និងមុជទឹកមើលផ្កាថ្មស្អាតៗនៅបាតសមុទ្រជាដើម។ បើតាមក្រសួងទេសចរណ៍ កោះពោធិ៍ គឺជាកោះតូចមួយក្នុងចំណោមកោះទាំង១២ នៃដែនសមុទ្រខេត្តកែប ពោលគឺទៅហួសពីកោះទន្សាយបន្តិច។ ដើម្បីធ្វើដំណើរទៅកាន់កោះទេសចរណ៍មួយនេះ ភ្ញៀវទេសចរត្រូវបន្តចេញពីកំពង់ផែកោះទន្សាយតាមកាណូត ដោយឆ្លងកាត់ទស្សនីយភាពកោះតូចធំជាច្រើន ដូចជា កោះទន្សាយ កោះហាល កោះស្វាយព្រៃជាដើម។ ភ្ញៀវទេសចរណ៍ ត្រូវជិះកាណូតប្រមាណ១ម៉ោងក្រោយមកយើងនឹងបានទៅដល់កោះពោធិ៍តាមក្ដីស្រមៃ ប៉ុន្តែមុនពេលឡើងទៅលើកោះ ភ្ញៀវទេសចរក៏អាចស្ទួចត្រីលេងមួយស្របក់សិនក៏បាន ព្រោះជាការកម្សាន្តសប្បាយមួយបែបនៃការមកទស្សនាកោះពោធិ៍នេះ។ ការងូតទឹកលេងកម្សាន្ត និងទេសភាពស្អាតៗនៅលើកោះនេះមិនចាញ់នៅកោះដទៃឡើយ ក្រៅពីនោះការទស្សនាទិដ្ឋភាពព្រះសូរិយារៀបអស្ដង្គត ក៏ជាភាពទាក់ទាញមួយនៅលើកោះពោធិ៍ផងដែរ។
ភ្ញៀវទេសចរក៏អាចរកទិញគ្រឿងសមុទ្រពីប្រជានេសាទ ដើម្បីយកមកចម្អិនធ្វើដោយខ្លួនឯងក៏បាន ដោយនៅលើកោះនេះមានប្រជាពលរដ្ឋរស់នៅច្រើន ដែលសុទ្ធតែជាអ្នកនេសាទសមុទ្រ។ ក្រោយពីទទួលទានអាហាររួចហើយ យើងក៏អាចអង្គុយស្រូបយកខ្យល់ អាកាសនៅមាត់សមុទ្រ ប្រមូលបាននូវរមណីយភាពមុនចូលនិន្ទ្រា។ នៅពេលព្រឹកព្រលឹម អ្នកទេសចរក៏អាចគយគន់ពន្លឺអរុណោទ័យនារដូវប្រាំង និងបន្តលេងកម្សាន្តនៅលើឆ្នេរមួយព្រឹកទៀតក៏បាន មុនពេលចាកចេញពីទីនោះ។ ចំណុចសំខាន់ៗទាំងនោះ នឹងធ្វើឲ្យភ្ញៀវទេសចរមានអារម្មណ៏នឹកដល់អនុស្សាវរីយ៍រីករាយជាច្រើនដែលបានទៅលេងនៅកោះពោធិ៍នោះ៕