លោក Kim Seon Ho ទទួលភាពល្បីល្បាយបន្ទាប់ពីលោកសម្តែងជាតួឯកប្រុស ក្នុងរឿង Hometown Cha-Cha-Cha ដែលបានចេញភាគបញ្ចប់កាលពីដើមសប្តាហ៍មុន។ ហើយក៏ចាប់ផ្តើមមានរឿងអាស្រូវលេចឡើងពីអតីតសង្សារ លើរឿងរ៉ាវអតីតកាលរវាងពួកគាត់ទាំងពីរ ដែលជាហេតុនាំឲ្យលោក Kim Seon Ho ខូចឈ្មោះនៅក្នុងវិស័យសិល្បៈ។ និងធ្វើឲ្យក្រុមហ៊ុនដែលឧបត្ថម្ភ ឬយករូបលោកធ្វើជាអ្នកតំណាងផ្សព្វផ្សាយផលិតផល បាននាំគ្នាលុបចោលកុងត្រាដែលបានធ្វើជាមួយរូបលោកជាបន្តបន្ទាប់។
ពីដំបូងមានសារអនាមិកមួយបានបង្ហោះលើអុីនធឺណេត ដែលបានអះអាងថាជាអតីតមិត្តស្រីរបស់តារាសម្តែងរូបនេះ ហើយអះអាងថា អតីតមិត្តប្រុសបានបង្ខិតបង្ខំនាងឱ្យរំលូតកូន និងបានបំភាន់នាងអំពីទំនាក់ទំនង មុននឹងបែកគ្នាជាចុងក្រោយ។ តាមសារព័ត៌មានពី DISPATCH (ត្រូវបានគេស្គាល់ថាជាអ្នកបញ្ចេញព័ត៌មានចចាមអារ៉ាមណាត់ជួបរបស់តារាល្បីៗ និងការស៊ើបអង្កេតល្អបំផុតនៅក្នុងវិស័យសិល្បៈ) មានលេចនូវព្រឹត្តិការណ៍នៃ ការសន្ទនាតាមសារជាអក្សរ និងព័ត៌មានជាច្រើនផ្សេងទៀត ដែលភាគច្រើនត្រូវបានចោទប្រកាន់ថា បានផ្តល់ឲ្យដោយមិត្តរបស់លោក Kim Seon Ho បង្ហាញថាលោក Kim មានទឹកចិត្តល្អណាស់ ហើយហាក់ដូចជាត្រូវអតីតមិត្តស្រីទាញយកប្រយោជន៍ពីរូបលោក ដែលពីមុនរូបនាងធ្វើការនៅក្នុងវិស័យសារព័ត៌មាន ហើយឥឡូវនេះជាអ្នក influencer ។
តាមសារព័ត៌មានពី DISPATCH មានភ័ស្តុតាងជាច្រើនបានលេចចេញជារូបរាងថា អតីតមិត្តស្រីរបស់លោក Kim Seon Ho គឺកញ្ញា Choi Young Ah ត្រូវបានគេរកឃើញថា ជាស្ត្រីធ្លាប់បានរៀបការ និងលែងលះប្តីរបស់ខ្លួន។ ទន្ទឹងនឹងនេះ អាថ៍កំបាំងក៏ត្រូវបានលាតត្រដាង ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងនោះថា នៅពេលមានទំនាក់ទំនងស្នេហាជាមួយលោក Kim Seon Ho កញ្ញា Choi Young Ah តែងតែកុហក និងណាត់ជួបបុរសជាច្រើនក្នុងពេលតែមួយ។
Choi Young Ah បានជួបលោក Kim Seon Ho នៅចុងឆ្នាំ 2019 តាមរយៈការជួបជុំជាមួយមិត្តភក្តិរបស់នាង ហើយនៅដើមខែមីនា ឆ្នាំ២០២០ អ្នកទាំងពីរក៏បានចាប់ផ្តើមទាក់ទងគ្នា។ នៅពាក់កណ្តាលខែមីនា នាងបានសារភាពប្រាប់ទៅ Kim Seon Ho ថា នាងធ្លាប់បានរៀបការពីមុន ហើយក៏បានលែងលះគ្នា ដែលធ្វើអោយ Kim Seon Ho មានការខកចិត្តបន្តិច។ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីបានពិភាក្សាជាមួយ មិត្តភ័ក្តិរបស់ខ្លួនហើយ Kim Seon Ho បាន សម្រេចចិត្តថា គាត់នៅតែចង់ណាត់ជួបជាមួយនាង។
លោក Kim Seon Ho ចង់មានពេលវេលាជាមួយ Choi Young Ah ឲ្យបានច្រើន ដូច្នេះគាត់សុខចិត្តធ្វើដំណើរពីទីក្រុង Busan ទៅទីក្រុង Gapyeong ដើម្បីចំណាយពេលជាមួយនាង។ អ្នកទាំងពីរបានទៅលេងសួនសត្វ សួនកម្សាន្ត និងជាយក្រុងសេអ៊ូល។ ប៉ុន្តែនៅក្នុងការប្រកាសរបស់ Choi Young Ah បាននិយាយថា អ្នកទាំងពីរត្រូវតែរក្សាទំនាក់ទំនងរបស់ពួកគេជាសម្ងាត់ ហើយពួកគេមិនអាចសូម្បីតែកាន់ដៃគ្នានៅទីសាធារណៈ។
នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២០ លោក Kim Seon Ho បានទទួលសារសុំទោសដ៏វែងមួយពី Choi Young Ah ព្រោះពួកគេបានបែកគ្នាជាលើកដំបូង នៅថ្ងៃទី៧ ខែកក្កដា។ Dispatch បានបញ្ចេញមតិថា Choi Young Ah បានកុហកលោក Kim Seon Ho ម្ដងហើយម្ដងទៀតដែលបណ្ដាលឱ្យគាត់សុំនាងបែកគ្នា។ នៅក្នុងរយៈពេលនោះ កញ្ញា Choi Young Ah ត្រូវបានគេដឹងថា មានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ទៀត។
យោងតាម Timeline របស់ Dispatch កញ្ញា Choi Young Ah បានបញ្ជាក់ថា នាងមានផ្ទៃពោះនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០។ នាងមានអារម្មណ៍រំជួលចិត្តជាខ្លាំង នៅពេលដែលនាងផ្ញើសារ និងទូរស័ព្ទទៅ Kim Seon Ho។ ទោះបីជានៅក្នុងការបង្ហាញរបស់នាង នាងបាននិយាយថា Kim Seon Ho មានប្រតិកម្មមិនល្អចំពោះរឿងនេះក៏ដោយ។ ទោះបីជាយ៉ាងនេះក្តី មិត្តភក្តិរបស់ Kim Seon Ho ក៏បានបង្ហើបសាររបស់ Kim Seon Ho ថា ការមានគភ៌នេះជារឿងល្អ ហើយថែមទាំងបានលួងលោងនាងឱ្យឈប់យំទៀតផង។ ប៉ុន្តែជាអកុសលពួកគេទាំងពីរបានយល់ព្រមមិនរក្សាទារកដែលនៅក្នុងផ្ទៃនោះទេ។
នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ជាថ្ងៃដែល Kim Seon Ho និង Choi Young Ah សម្រេចចិត្តរំលូតកូន ហើយមិត្តនោះក៏បាននៅរង់ចាំពួកគេទាំងពីរនៅចំណតឡានផងដែរ។ មិត្តនោះបានបង្ហាញថា Kim Seon Ho និង Choi Young Ah បានបញ្ចប់ការនិយាយគ្នា ហើយនាងចាប់ផ្តើមមានគំនិតខុសពីមុន។ ទីបំផុតអ្នកទាំងពីរបានចុះមកជួបគាត់វិញ ហើយបន្តដំណើរតាមការគ្រោងទុក។
ទោះបីជាយ៉ាងណាក៏ដោយ Choi Young Ah តែងតែចោទប្រកាន់ Kim Seon Ho ជាច្រើនដូចជា៖ “Kim Seon Ho បានផ្លាស់ប្តូរអាកប្បកិរិយាបន្ទាប់ពីការរំលូតកូននោះ” ប៉ុន្តែបន្ទាប់ពីការរំលូតកូននោះ លោក Kim Seon Ho ត្រូវបានគេដឹងថា បានចម្អិនស៊ុបសារ៉ាយឱ្យ Choi Young Ah រយៈពេលពីរសប្តាហ៍។ ហើយគាត់ព្រមទាំងអាចប្រាប់ពីរបៀបចម្អិនស៊ុបសារ៉ាយលើកម្មវិធី 2 Days 1 Night ទៀតផង។
“Kim Seon Ho ចង់លាក់នាងពីឪពុកម្តាយរបស់គាត់” ប៉ុន្តែយោងតាមមិត្តភក្តិម្នាក់ទៀត បានបកស្រាយថា Kim Seon Ho ពិតជាបានណែនាំនាងឱ្យឪពុកម្តាយរបស់គាត់បានស្គាល់ ហើយនាងក៏មានភាពជិតស្និទ្ធជាមួយឪពុកម្តាយរបស់ Kim Seon Ho ទៀតផង។
និងបន្ថែមថា “Kim Seon Ho ជាមនុស្សស្រេកឃ្លានលុយ ព្រោះគាត់ផ្តល់ប្រាក់ត្រឹមតែ ₩200 លានវ៉ុន (ប្រហែល $ 1,710 ដុល្លារ) បន្ទាប់ពីការរំលូតកូន”។ ទោះបីជាយ៉ាងណាមិត្តភក្តិម្នាក់ទៀត បានបកស្រាយផងដែរថា “ខ្ញុំមិនដែលឃើញ Choi Young Ah បង់ថ្លៃអ្វីដែលនាងបានទិញនោះទេ ប៉ុន្តែលោក Kim Seon Ho នោះទេដែលបានចំណាយលើអ្វីៗទាំងនោះរបស់នាង”។ គួរបញ្ជាក់ផងដែរថា មិត្តភក្តិទាំងពីរនេះ គឺជាមិត្តរបស់ Choi Young Ah ផ្ទាល់តែម្តង។ ហើយពួកគាត់ក៏បានបកស្រាយទៀតថា “Choi Young Ah ក៏មានការបារម្ភអំពីការរំលូតកូនផងដែរ ព្រោះវាមិនមែនជាការសម្រេចចិត្តដែលងាយស្រួលនោះទេ។ Kim Seon Ho ច្បាស់ជាធុញទ្រាន់នឹងការកុហករបស់នាងហើយ។ វាជារឿងដែលហួសចិត្តដែលនាងតែងតែរិះគន់គាត់ដល់ចំណុចនេះ។ នាងចង់ឱ្យ Kim Seon Ho ក្ស័យធន ហើយត្រលប់មករកនាងវិញ។ ហើយនេះគឺជាហេតុផលដែលនាងធ្វើរឿងទាំងនោះ»។
ប៉ុន្តែមកដល់ពេលនេះ មានក្រុមហ៊ុនមួយចំនួនចាប់ផ្តើមបញ្ចេញរូបភាពឬវីដេអូផ្សព្វផ្សាយផលិតផលដែលលោក Kim Seon Ho បានថតឡើងវិញ បន្ទាប់ពីមានការសុំទោសជាសាធារណៈរបស់រូបលោក និងភ័ស្តុតាងជាច្រើនដែលបង្ហាញថា រូបលោកមិនបានបង្ខំឲ្យមានការរំលូតកូននោះទេ៕
អត្តបទដកស្រង់ពី Lovekpop95
បកប្រែនិងកែសម្រួលដោយលោក គីមម៉េង