កាលពីថ្ងៃទី២ ខែតុលាកន្លងទៅនេះ លោកថេណាបានចែករំលែកសារមួយនៅលើហ្វេសប៊ុកផេកផ្លូវការរបស់លោកដោយបានសរសេរឡើងថា «ឳកាសក្លាយជាតារា បៀកៗគេអោយហើយទៅទាន់ភ្លើងនៅក្តៅត្រូវចេញបទកាចៗអីដាក់ទៅចូលនឹងគេនឹងឯងទៅ បើបទយើងល្អគេអាចនឹងស្គាល់មានឳកាសល្បីច្រើន» ដោយស្របពេលដែលកំពុងផ្ទុះសង្គ្រាម Rapper យ៉ាងក្តៅគគុក។ ជាក់ស្តែងកាលពីឆ្នាំ២០១៩កន្លងទៅនេះ លោកថេណាក៏ធ្លាប់បញ្ចេញប្រតិកម្មម្តងរួចមកហើយនៅខណៈពេលដែលកំពុងសង្គ្រាម Diss Track នៅលើបណ្តាញសង្គមរបស់យើងនេះ ដោយលោកបានបង្ហោះវីដេអូរ៉េបបែបសប្បាយៗលេងសើច Dissទៅកាន់ពពួក Rapper ទាំងអស់ដែលកំពុងប្រឡូកនៅក្នុងសង្គ្រាមនៅក្នុងពេលនោះដូចជា Vannda, G-Devith Kmeng Khmer, Van Chesda, YT និងលោកMorano ជាដើម។ ដោយរូបភាពមួយនោះបានធ្វើអោយមហាជនមើលឃើញថាលោកថេណាគ្រាន់តែចង់លេងសើចនឹងពួកគេតែប៉ុណ្ណោះ ម្យ៉ាងទៀតលោកត្រឹមជាមនុស្សនៅកណ្តាលម្នាក់ដែលមិនមានចេតនាប្រឡូកនៅសង្គ្រាម Diss Track នឹងគេនឹងឯងទេ។ ប៉ុន្តែអ្នកដែលមិនយល់ឃើញបែបនោះមានតែលោក Dara Leng ដែលមានរហ័សនាមថាKhmer1Jivet ក៏ជាបុគ្គលសំខាន់នៅក្នុងសង្គ្រាម Rapperនាពេលនោះ ដោយលោកយល់ថាលោកថេណាកំពុងមើលរំលងលោកដោយមិនបានហៅឈ្មោះរបស់លោក ធ្វើបណ្តាលអោយជំលោះចង្រូងចម្រាស់នឹងគ្នាបន្តិចបន្ទួចទាល់តែលោកថេណាចេញមុខបកស្រាយម្តងទៀតដែលលោកមិនបានហៅឈ្មោះរបស់ Khmer1Jivetព្រោះពួកគេមិនបានស្គាល់និងរាប់អានគ្នានៅខាងក្រៅ។
យ៉ាងណាមិញជាថ្មីម្តងទៀតខណៈដែលលោកថេណាបានបញ្ចេញប្រតិកម្មលេងសើចម្តងទៀតក្នុងបំណងល្អមួយនៅក្នុងសង្គ្រាម DissTrackឆ្នាំ2022នេះលោកក៏បានធ្វើអោយបណ្តាអ្នកគាំទ្រKhmer1Jivet រួមទាំងKhmer1Jivetផ្ទាល់មានការមន្ទិលសង្ស័យថាតើនេះគឺជាការចាប់ផ្តើមគូ DissTrack ទី២ ដែររឺទេ ព្រោះKhmer1Jivetរៀបនឹងចេញបទថ្មីហើយ ថេណាបែរជាដៀមដាមថាអោយបែបនេះ។សំណាងល្អដែលលោកថេណាចេញមុខបកស្រាយភ្លាមៗនៅក្នុងខមមែនក្រោមការបង្ហោះរបស់លោកថាលោកមិនមានបំណងដៀមដាមអោយ Khmer1Jivetទេ ជាការពិតទៅលោកខានលេងហ្វេសប៊ុកយូរហើយមិនទាំងដឹងថាKhmer1Jivetជិតចេញបទថ្មីផង។ លោកបន្តទៀតថាបើសិនជាលោកចង់មានរឿងជាមួយ Khmer1Jivet មែន លោកមានតាំងពីលើកមុនម្ល៉េះ ហើយលោកគោរពនិងអោយតំលៃ Khmer1Jivet ណាស់។ បន្ទាប់មកនៅព្រឹកស្អែកលោក Dara Leng ដែលស្គាល់បានម្យ៉ាងទៀតថា Khmer1Jivet បានឆ្លើយតបឡើងជាមួយScreenshot ការបង្ហោះរបស់លោកថេណាថាគំនិតល្អតើ កំពុងមានបទចង់ចេញនឹងគេដែរផង តែចង់ក្លាយជាតារាដូចប្អូនបងមិនស្រម៉ៃទេ You are nice artist bro, I bet Illslick must be proud of you!! Keep it up noy!!ហាមDissហាមឌឺ។ ថ្វីបើពួកគេទាំងពិរហាក់ដូចជាថតក្រោយម្នាក់មួយជំហ៊ានរក្សាកិត្តិយសនិងអោយតំលៃគ្នាទៅវិញទៅមក ក៏កត់សម្គាល់ឃើញថាកន្លងមក Khmer1Jivetតែងតែបោះពាក្យសំដីមិនគាំទ្រសិល្បៈណាមួយដែលមានការថតចម្លងពីអ្នកដទៃ ធ្វើអោយបាត់បង់ភាពច្នៃប្រឌិតរបស់ខ្លួនឯង។ ម្ល៉េាះហើយទោះបីជាលោកថេណាផ្តើមពីតារាចម្រៀងដែលធ្លាប់ច្រៀង Cover បទចម្រៀងជាច្រើនពីមុនមករួមទាំងបទថៃមួយចំនួនផងដែរ ក៏តែងតែមានការប៉ះពាល់គ្នាទៅលើតំលៃរៀងខ្លួន។