កាលពីថ្ងៃអាទិត្យទី០៦ ខែសីហាកន្លងទៅនេះ ផលិតកម្មបារមីហាក់ដូចជាបាននាំយកទស្សនិកជនវិលត្រលប់ទៅកាន់ហ៊ីបហប់ Oldie Era ម្តងទៀត ខណៈដែលពួកគេបានភ្លក់ឡើងវិញនូវបទភ្លេង និងសំណៀងដើមរបស់អធិរាជហ៊ីបហប់ជាន់មុន លោកខ្មែរមួយជីវិត សាជាថ្មីតាមរយៈបទដ៏ថ្មីស្រឡាងមួយ។
លោកខ្មែរមួយជីវិតទីបំផុតបានវិលត្រលប់មកលូកដៃចូលក្នុងសង្គមសិល្បៈហ៊ីបហប់ស្រុកខ្មែរសាជាថ្មីបន្ទាប់ពីលោកត្រូវមានភារកិច្ចដ៏សំខាន់ក្នុងការបណ្តុះបណ្តាលរ៉េបផ័រជំនាន់ក្រោយនៅក្នុងកម្មវិធី The Rapper Cambodia និងតាមរយៈការសហការការងារផ្សេងៗរបស់លោកជាមួយនឹងក្រុមហ៊ុនបារមី។
កាលពីចុងសប្តាហ៍មុននេះផងដែរ គឺជាដំណើរការចាប់ផ្តើមចេញផ្សាយបទថ្មីដំបូងបំផុតរបស់លោកដែលរួមសហការជាមួយនឹងផលិតកម្មបារមីផ្ទាល់ ក្រោមចំណងជើងថា«ឆក់ព្រលឹង» រឺហៅម្យ៉ាងទៀតថា«Soul Snatcher»។ បទនេះផងដែរ លោកក៏បានបកស្រាយរួមគ្នាជាមួយនឹងរ៉េបផ័រមួយរូបទៀតដែលមានឈ្មោះថា PNP។
គួរបញ្ជាក់ផងដែរថា លោក PNP គឺម្ចាស់បទមួយចំនួនដូចជា បទគុក បទដើរទៅកូន បទបព្វការី បទទល់ភ្លឺជាដើម។ កត់សម្គាល់ផងដែរថា គិតមកទល់ពេលនេះ បទចម្រៀងអ្នកទាំងបានលោតឡើងដល់ជាប់ចំណាត់ថ្នាក់លេខរៀងទី២ហើយនៅលើតារាង Trending យូធូបកម្ពុជា ដែលតាមពីក្រោយពីបទចម្រៀងរបស់លោកវណ្ណដា«មហិច្ឆតា»។
ដោយត្រឹមរយៈពេល១ថ្ងៃប៉ុណ្ណោះ បទ«ឆក់ព្រលឹង» អាចទទួលបានចំនួនទស្សនាបានរហូតដល់ជិតខ្ទង់៤សែនដងនៅលើយូធូប។ គួរបញ្ជាក់ផងដែរថា នៅយប់នេះផ្ទាល់ លោកខ្មែរមួួយជីវិតក៏មានការសម្តែងបែប Live Performance ជាលើកដំបូងតែម្តងនៅទីក្រុងភ្នំពេញពី Club Drip 13។ តើទស្សនិកជនយល់ឃើញយ៉ាងណាដែរសម្រាប់បទចម្រៀងថ្មីរបស់លោក?