វីដេអូជាច្រើននៅតាមបណ្តាញប្រព័ន្ធផ្សព្វផ្សាយសង្គមបង្ហាញប្រជាជនអ៊ុយក្រែនជាច្រើនអ្នកអបអរសាទរពាក្យស្លោកជ័យជំនះនៅទីលានកណ្តាលរបស់ទីក្រុង Kherson ។ អ្នកស្រុកនៅតំបន់ Kherson បានអបអរនៅពេលដែលកងទ័ពអ៊ុយក្រែនដណ្តើមយកទីក្រុងមកវិញបន្ទាប់ពីរុស្ស៊ីបានបញ្ចប់ការដកទ័ពរបស់ខ្លួនពីច្រាំងខាងលិចនៃទន្លេ Dnieper។ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីពីក្រសួងការពារជាតិដែលនិយាយថា កាលពីថ្ងៃសុក្រការដកទ័ពរបស់រុស្សត្រូវបានបញ្ចប់នៅម៉ោង៥ព្រឹកម៉ោងនៅទីក្រុងមូស្គូ (ម៉ោង២ និង០០នាទី GMT) ហើយមិនមានអង្គភាពយោធាណាត្រូវបានទុកចោលឡើយ។ ទោះបីជាយ៉ាងណាក៏ដោយអ៊ុយក្រែនបាននិយាយថា ការដកថយមិនសូវមានភាពរលូនទេពីព្រោះមានសេចក្តីរាយការណ៍ថា ទាហានរុស្ស៊ីបានលង់ទឹកខណៈពេលដែលព្យាយាមចាកចេញពីតំបន់។
ការដកថយរបស់រុស្ស៊ីធ្វើឲ្យប្រជាជនអ៊ុយក្រែនមានភាពសប្បាយរីករាយនិងត្រេកអរណាស់ដែលក្នុងវីដេអូផ្សព្វផ្សាយតាមប្រព័ន្ធសង្គមបង្ហាញពីពលរដ្ឋអ៊ុយក្រែនរាប់សិបនាក់អបអរពាក្យស្លោកជ័យជម្នះនៅទីលានកណ្តាលក្រុងតំបន់ Kherson ដោយមានបុរសពីរនាក់លើកទាហានស្រីលើស្មាហើយបោះនាងឡើងលើអាកាសនិង អ្នកស្រុកខ្លះរុំខ្លួនដោយទង់ជាតិអ៊ុយក្រែន។ រដ្ឋមន្ត្រីក្រសួងការបរទេសនៃប្រទេសអ៊ុយក្រែនលោក Dmytro Kuleba បានបង្ហោះវីដេអូរបស់អ្នកស្រុកដែលយកផ្ទាំងផ្សាយពាណិជ្ជកម្មរបស់រុស្ស៊ី នៅតំបន់ Bilozerka ជិតទីក្រុងKherson ដែលមានខ្លឹមសារ "រុស្ស៊ីនៅទីនេះជារៀងរហូត" ហើយគាត់បានឆ្លើយតបវិញថា “វាមិនមែនពិតទេ! លើសពីនេះលោកក៏បានថ្លែងដោយប្រកាសថា ចំពោះអ្នកគ្រប់គ្នានៅក្នុងពិភពលោករួមទាំងអាស៊ាន៖ អ៊ុយក្រែនកំពុងទទួលបានជ័យជម្នះដ៏សំខាន់មួយទៀតនៅពេលនេះ ហើយបង្ហាញថា អ្វីក៏ដោយដែលរុស្ស៊ីនិយាយ ឬធ្វើ អ៊ុយក្រែននឹងឈ្នះ"។
លោក Serhiy Khlan ដែលជាអនុប្រធានក្រុមប្រឹក្សាតំបន់ Kherson បានប្រាប់សន្និសីទខ្លីមួយថា ទាហានរុស្ស៊ីជាច្រើននាក់មិនអាចចាកចេញពីទីក្រុង Kherson បន្ទាប់ពីការកាន់កាប់ជាច្រើនខែ ហើយបានផ្លាស់ប្តូរទៅជាសម្លៀកបំពាក់ទៅជាជនស៊ីវិល។ មន្ត្រីអ៊ុយក្រែនមានការប្រុងប្រយ័ត្នចំពោះការដកថយរបស់រុស្ស៊ីដែលបានប្រកាសក្នុងសប្តាហ៍មុន ដោយខ្លាចទាហានរបស់ពួកគេអាចចូលទៅក្នុងការវាយឆ្មក់នៅក្នុងទីក្រុង Kherson ពីព្រោះប្រជាជនមុនសង្គ្រាមមានចំនួន២៨០ ០០០ ។ អ្នកវិភាគផ្នែកយោធាក៏បានព្យាករណ៍ថា រុស្ស៊ីចំណាយពេលយ៉ាងហោចណាស់មួយសប្តាហ៍ដើម្បីបញ្ចប់ការដកទ័ព។
រុស្ស៊ីបានថ្លែងថាខ្លួនមិនមានភាពស្តាយក្រោយក្នុងការដកទ័ពអ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov បានប្រាប់អ្នកយកព័ត៌មានថា ទីក្រុងមូស្គូនៅតែបន្តចាត់ទុកតំបន់ Kherson ទាំងមូលជាផ្នែកនៃប្រទេសរុស្ស៊ី។ លោកបានថ្លែងទៀតថា វាគ្មានអ្វីផ្លាស់ប្តូរនិងគ្មានអ្វីត្រូវផ្លាស់ប្តូរដែរ ហើយរុស្ស៊ីគ្មានភាពស្តាយក្រោយក្នុងការសម្រេចចិត្តធ្វើបែបនេះទេ។ រុស្ស៊ីបានបញ្ជាឱ្យដកខ្លួនចេញកាលពីថ្ងៃពុធ បន្ទាប់ពីខ្លួនបាននិយាយថា ការប៉ុនប៉ងដើម្បីរក្សាទីតាំងរបស់ខ្លួន និងការផ្គត់ផ្គង់កងទ័ពគឺ "គ្មានប្រយោជន៍ ឬមិនទទួលបានលទ្ធផល" ក្នុងការប្រឈមមុខនឹងការវាយលុករបស់អ៊ុយក្រែនដែលកំពុងកើនឡើង។
លោកពូទីនបានប្រកាសថា តំបន Kherson និងតំបន់បីផ្សេងទៀតនៃអ៊ុយក្រែនជាផ្នែកនៃប្រទេសរុស្ស៊ីនៅក្នុងពិធីជ័យជំនះនៅវិមានក្រឹមឡាំងកាលពីថ្ងៃទី ៣០ ខែកញ្ញា។ ប៉ុន្តែអ៊ុយក្រែនិងសម្ព័ន្ធមិត្តរបស់ខ្លួនលោកខាងលិចនិងប្រទេសជាច្រើននៅឯមហាសន្និបាតអង្គការសហប្រជាជាតិបានថ្កោលទោសការបញ្ចូលឧបសម្ព័ន្ធថាជាការខុសច្បាប់។ទទឹមនឹងនោះ កងទ័ពអ៊ុយក្រែនបានដណ្តើមយកកន្លែងតាំងទីលំនៅដែលមានគ្រាប់មីនរាប់សិបកន្លែងដែលត្រូវបានគេបោះបង់ចោលដោយកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូងប្រទេសអ៊ុយក្រែន ហើយកំពុងរុលទៅមុខនៅ Kherson នៅថ្ងៃសុក្រ។ ប្រធានាធិបតី Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាវីដេអូពេញមួយយប់ថា កងកម្លាំងអ៊ុយក្រែនបានរំដោះការតាំងទីលំនៅចំនួន ៤១ ។