Galaxy Navatra បានបញ្ចេញបទថ្មីជាច្រើនសក្តិសមនៅក្នុងបរិយាកាសនៃរដូវការ និងបុណ្យចូលឆ្នាំថ្មីនេះដែលនៅក្នុងនោះក៏មានបទរណ្តឺន «ចែសារុងក្រហម» របស់លោកខេមជាដើម តែចំពោះរឿងរ៉ាវបេះដូងវិញតែងតែនៅជាប់ជាមួយយើងនៅគ្រប់រដូវកាលទើបបទមនោសញ្ចេតនាថ្មីមួយបទទៀតពីលោកក៏បានចេញផ្សាយបន្តទៀតដែលមានចំណងជើងថា«មនុស្សស្រលាញ់ មនុស្សស្អប់»។
បទ«មនុស្សស្រលាញ់មនុស្សស្អប់»ត្រូវបានចេញផ្សាយឡើងកាលពីថ្ងៃទី១៦ ខែមករាកន្លងទៅនេះ ដែលជាប្រភេទបទមនោសញ្ចេតនាមួយបទមានភាពលោតប្លែកដោយខ្លួនឯងនៅត្រង់ចំនុចពិសេសមួយចំនួនគួរអោយកត់សម្គាល់ដូចជាមានចង្វាក់Melody ថ្មីស្រដៀងនឹងភ្លេងជប៉ុនបុរាណ ហើយក៏ស៊ីគ្នានឹងបរិយាកាសនៃស្ទូឌីអូដែលរៀបចំបែបហាងជប៉ុននោះតែម្តង។ រីឯអត្ថន័យនៅក្នុងបទចម្រៀងទៀតសោតក៏មានរសជាតិរបស់ខ្លួនឯងយ៉ាងពិសេសដោយលោកខេមមានការខកបំណងយ៉ាងខ្លាំងដែលមនុស្សលោកស្រលាញ់មានថ្ងៃអាចប្រែក្លាយទៅជាមនុស្សដែលលោកស្អប់បាន។ តើរសជាតិប្រភេទនេះជាអ្វីដែលលោកខេមចង់បកស្រាយមែនដែររឺទេ?
សង្កេតឃើញថាតារាចម្រៀងនៅក្នុងផលិតកម្ម Galaxy Navatra ក៏មានសិល្បករមួយចំនួនបានតាក់តែងចម្រៀងឡើងដោយខ្លួនឯងដែលមានដូចជាលោក K-La និង Nak Fake ជាដើម ដែលអាចអាស្រ័យបានថាពួកគេអាចបកស្រាយអារម្មណ៍របស់ខ្លួនឯងបាននៅក្នុងបទចម្រៀង តែសំរាប់លោកខេមវិញ ដោយលោកច្រៀងនូវបទចម្រៀងដែលតាក់តែងឡើងដោយអ្នកនិពន្ធផ្សេង នោះអាចនិយាយបានថាវាត្រឹមជាសិល្បៈនៃការសម្តែងមួយរបស់លោកប៉ុណ្ណោះ។