ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានដាស់តឿនដល់ពលរដ្ឋខ្មែរឱ្យមានការប្រុងប្រយ័ត្ន ខណៈព្យុះត្រូពិចឈ្មោះ ខាន់ណុន (Khanun) កំពុងរំកិលខ្លួន ទៅកាន់ទិសខាងជើង ប្រទេសជប៉ុន អាចបង្កផលប៉ះពាល់នៅតំបន់សំខាន់ៗមួយចំនួន។
ស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំប្រទេសជប៉ុន បានចេញសេក្តីជូនដំណឹង នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះថា ទីភ្នាក់ងារជាតិ ឧតុនិយមជប៉ុន បានព្រមានអំពីព្យុះត្រូពិច ខាន់ណុន (Khanun) ដែលកំពុងរំកិលខ្លួន មកកាន់ទិសខាងជើង ហើយអាចបង្កផលប៉ះពាល់ដល់ផ្នែកនិរតី នៃប្រទេសជប៉ុន ជាពិសេសតំបន់ Kyushu និងតំបន់ Shikoku ។
សេចក្ដីជូនដំណឹងបានលើកឡើងថា ឥទ្ធិពលព្យុះខាន់ណុន (Khanun) បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅផ្នែកខ្លះ នៃតំបន់ Kyushu និង Shikoku ហើយនឹងអាចបណ្តាលឱ្យមានភ្លៀងធ្លាក់នៅផ្នែកជាប់មហាសមុទ្រប៉ាស៊ីហ្វិក ផងដែរ ខណៈអាជ្ញាធរបានចេញ សេចក្តីព្រមានពាក់ព័ន្ធនឹងការរអិលបាក់ដី ទឹកជំនន់ ខ្យល់កន្ត្រាក់ និងទឹករលកខ្ពស់ៗ ។
ជាមួយគ្នានេះ ស្ថានឯកអគ្គរាជទូត បានអំពាវនាវដល់ពលរដ្ឋខ្មែរ ដែលកំពុងរស់នៅតំបន់ខាងលើឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ហើយតាមដាន និងស្តាប់តាមការណែនាំរបស់អាជ្ញាធរ ហើយក្នុងករណីដែលរងផលប៉ះពាល់ត្រូវជូនដំណឹងមកស្ថានទូតជាបន្ទាន់៕