កងទ័ពអ៊ីស្រាអែលធ្លាក់ចូលទៅក្នុងការវាយឆ្មក់នៅតំបន់ Khan Yunis ហើយក្រុមហាម៉ាសកាត់ផ្តាច់ខ្សែផ្គត់ផ្គង់ទៅដល់កងកម្លាំងអ៊ីស្រាអែល។ អ៊ីស្រាអែលបានប្រើប្រាស់ប្រតិបត្តិការទម្លាក់តាមយន្តហោះដើម្បីចូលទៅជួយសង្គ្រោះកងកម្លាំងដែលស្ថិតនៅក្នុងការឡោមព័ទ្ធ ដោយមានការកើនឡើងនៃការវាយប្រហារលើកងទ័ពទាហាន និងយានយន្តរបស់កងទ័ពអ៊ីស្រាអែលនៅទីក្រុងJabalia និងសង្កាត់Shuja'iya។ សហរដ្ឋអាមេរិកនៅតែបាត់បង់ការរារាំងប្រឆាំងនឹងក្រុម Houthis ក្នុងប្រទេសយេម៉ែន ហើយកំពុងស្នើអោយពង្រីកក្រុមចម្រុះ! ការបិទនាវាដែលអនុវត្តដោយប្រទេសយេម៉ែនបានធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ៊ីស្រាអែលយ៉ាងធ្ងន់ធ្ងរ។ ក្រុម Houthis បានទាមទារថា ជំនួយត្រូវតែបាននាំចូលទៅក្នុងតំបន់ហ្គាហ្សាដើម្បីដោះដូរនឹងការលុបចោលការបិទនាវាសម្រាប់កប៉ាល់អ៊ីស្រាអែល។ តំបន់ហ្គាហ្សាកំពុងទទួលរងគ្រោះនូវភាពអត់ឃ្លានដ៏ធំមហិមាដែលអាចរុញច្រានអ្នកស្រុកអោយធ្វើដំណើរឆ្ពោះទៅកាន់ព្រំដែនអេហ្ស៊ីបបាន!
-
ក្រុមហាម៉ាសឡោមព័ទ្ធកងទ័ពអ៊ីស្រាអែលនៅ Khan Yunis ដោយកាត់ផ្តាច់ការផ្គត់ផ្គង់
យោងតាមសារព័ត៌មាន Ynet ចុះផ្សាយថ្ងៃទី១១ ខែធ្នូបានអោយដឹងថា កងទ័ពអ៊ីស្រាអែលបានធ្លាក់ចូលទៅក្នុងការវាយឆ្មក់នៅតំបន់ Khan Yunis ដោយក្រុមហាម៉ាសបានកាត់ផ្តាច់ខ្សែផ្គត់ផ្គង់សម្រាប់កងកម្លាំងអ៊ីស្រាអែល។ អ៊ីស្រាអែលបានអនុវត្តន៍ប្រតិបត្តិការទម្លាក់ជំនួយ និងគ្រឿងបរិក្ខារជាង៧តោនតាមរយៈយន្តហោះ Super Hercules សម្រាប់ទៅដល់អ្នកប្រយុទ្ធនៃក្រុមបញ្ជាការកងទ័ពអ៊ីស្រាអែលនៅក្នុងតំបន់ Khan Yunis។ ជាលើកដំបូង អ៊ីស្រាអែលបានប្រើប្រាស់នូវឧបករណ៍ឆ័ត្រយោងមួយដែលមានប្រព័ន្ធអនុញ្ញាតឱ្យឆ័ត្រយោងអាចអាចសម្របខ្លួន និងស្វែងរកទីតាំងដែលកំណត់គោលដៅនៅខាងក្រោមបានដោយខ្លួនឯងឆ្ពោះទៅកាន់កងកម្លាំងជើងគោកដែលនៅទីនោះ។ នេះគឺជាប្រតិបត្តិការប្រើប្រាស់ប្រព័ន្ធនេះជាលើកដំបូង ក៏ដូចជាប្រតិបត្តិការប្រើប្រាស់ឆ័ត្រយោងជាលើកដំបូងសម្រាប់អ៊ីស្រាអែលចាប់តាំងពីសង្គ្រាមលីបង់លើកទីពីរផងដែរ។
-
សហរដ្ឋអាមេរិកស្នើពង្រីកក្រុមចម្រុះ
យោងតាមសារព័ត៌មាន The Washington Post ចុះផ្សាយថ្ងៃទី១០ ខែធ្នូបានអោយដឹងថា សហរដ្ឋអាមេរិក ដែលព្យាយាមទប់ស្កាត់ការរីករាលដាលនៃសង្គ្រាមរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា កំពុងបញ្ចុះបញ្ចូលសម្ព័ន្ធមិត្តលើការពង្រីកក្រុមកងទ័ពជើងទឹកពហុជាតិ ដើម្បីដោះស្រាយការកើនឡើងដ៏គួរឱ្យបារម្ភនៃការវាយប្រហារលើនាវាពាណិជ្ជកម្មដែលធ្វើដំណើរជិតប្រទេសយេម៉ែន ដែលបានបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការដឹកជញ្ជូនទូទាំងពិភពលោក។
ប៉ុន្តែវានៅតែមិនទាន់ច្បាស់នៅឡើយទេថាតើសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួននឹងអាចរារាំងក្រុមឧទ្ទាម Houthis ឬបន្ថយការទាមទាររបស់អ៊ីស្រាអែលសម្រាប់សកម្មភាពប្រើប្រាស់កំលាំងបានរឺអត់នោះទេ។ វិធានការដូចជាការវាយប្រហារដោយយោធា ឬការចាត់ទុកក្រុម Houthis ជាភេរវករអាចកាន់តែបណ្តាលអោយស្មុគស្មាញសម្រាប់ដោះស្រាយចំពោះអង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក និងប្រទេសដទៃទៀត ដើម្បីបញ្ចប់ជម្លោះស៊ីវិលដ៏មហន្តរាយនៅក្នុងប្រទេសយេម៉ែន។
-
ប្រជាជនហ្គាហ្សាអាចនឹងចាកចេញទៅអេហ្ស៊ីប
យោងតាមសារព័ត៌មាន Reuters ចុះផ្សាយថ្ងៃទី១២ ខែធ្នូបានអោយដឹងថា អ៊ីស្រាអែលកាលពីថ្ងៃចន្ទបានបដិសេធថាខ្លួនមានបំណងរុញច្រានប្រជាជនប៉ាឡេស្ទីនដែលស្វែងរកជំរកជ្រកកោនពីការទម្លាក់គ្រាប់បែករបស់ខ្លួននៅតំបន់ហ្គាហ្សាឆ្លងចូលទៅកាន់ព្រំដែននៃប្រទេសអេហ្ស៊ីប ខណៈដែលទីភ្នាក់ងារជំនួយអន្តរជាតិបាននិយាយថាភាពអត់ឃ្លានកំពុងរីករាលដាលនៅក្នុងតំបន់ហ្គាហ្សាស្រ្ទីប។
ក្រសួងសុខាភិបាលហ្គាហ្សាបាននិយាយថា មនុស្ស ១៨.២០៥ នាក់ត្រូវបានសម្លាប់ និង ៤៩.៦៤៥ នាក់បានរងរបួសនៅហ្គាហ្សាក្នុងរយៈពេលត្រឹមតែជាងពីរខែនៃសង្គ្រាម - និងមានរាប់រយនាក់ចាប់តាំងពីសហរដ្ឋអាមេរិកបានវេតូសំណើសុំបទឈប់បាញ់នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ។
ភាគច្រើននៃប្រជាជន 2.3 លាននាក់នៅហ្គាហ្សាត្រូវបានបង្ខំចិត្តចេញពីផ្ទះរបស់ពួកគេ ហើយអ្នកស្រុកនិយាយថាពិបាកក្នុងការស្វែងរកកន្លែងជ្រកកោន ឬអាហារនៅក្នុងកន្លែងដែលមានប្រជាជនរស់នៅជាច្រើនបែបនេះ។