របបអាហារកេតូ ជាប្រភេទអាហារដែលមានកាបូហាយដ្រាតទាប មានសារធាតុខ្លាញ់ខ្ពស់ដែលអាចផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ តាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា របបអាហារប្រភេទនេះអាចជួយឲ្យយើងសម្រកទម្ងន់បាន ហើយជួយដល់សុខភាពទៀតផង។ របបអាហារកេតូ ជួយប្រឆាំងនឹងជំងឺទឹកនោមផ្អែម ជំងឺមហារីក ជំងឺឆ្កួតជ្រូក និងជំងឺវង្វេងជាដើម។
មូលដ្ឋានរបស់របបអាហារកេតូ
កេតូ ជារបបអាហារដែលមានសារជាតិកាបូហាយដ្រាតទាប ជាតិខ្លាញ់ខ្ពស់ដែលស្រដៀងនឹងរបបអាហារបែបអាតឃីន និងការតមដែរ។ វាជាការពាក់ព័ន្ធគ្នារវាងការកាត់បន្ថយកាបូហាយដ្រាត (ហៅកាត់ថាខាប Carbs) ដែលជំនួសវិញដោយជាតិខ្លាញ់។ ការកាត់បន្ថយខាបនេះ វាជួយឲ្យរាងកាយជំរុញប្រព័ន្ធរំលាយអាហារដែលគេហៅថារបបកេតូនេះឯង។
នៅពេលដែលវាជំរុញប្រព័ន្ធរំលាយអាហារ នោះរាងកាយរបស់យើងនឹងដុតខ្លាញ់ ដើម្បីបង្កើតជាថាមពលបានយ៉ាងមានប្រសិទ្ធភាពដែលស្ទើរតែមិនគួរឲ្យជឿ។ វាថែមទាំងជួយបំលែងខ្លាញ់ ឲ្យទៅជាសារធាតុកេតូននៅក្នុងថ្លើម ដែលជួយបន្ថែមថាមពលទៅឲ្យខួរក្បាល។ របបអាហារកេតូធ្វើឱ្យជាតិស្ករក្នុងឈាមចុះថយ និងកម្រិតប្រព័ន្ធអាំងសូលីនដ៏គួរឱ្យកត់សម្គាល់ផងដែរ។
ប្រភេទខុសគ្នារបស់កេតូ
របបអាហារកេតូមានច្រើនប្រភេទ រួមមាន៖
- កេតូស្តង់ដា (ហៅកាត់SKD) : សំដៅទៅលើការទទួលខាបតិចត្រឹម ១០% ប្រូតេអុីនមធ្យមចំនួន ២០% និងអាហារខ្លាញ់ច្រើន ៧០% ។
- វដ្តកេតូ (ហៅកាត់CKD) : របបអាហារនេះពាក់ព័ន្ធ នឹងរយៈពេលនៃការទទួលទានទៅមក មានន័យថាយើងទទួលជាតិខាបតិច ៥ថ្ងៃ និងទទួលទានជាតិខាបច្រើនចំនួន ២ថ្ងៃ។
- កេតូកំណត់គោលដៅ (TKD) : របបកេតូប្រភេទនេះតំរូវឲ្យធ្វើការហាត់ប្រាណបន្ថែម។ កេតូប្រូតេអុីនខ្ពស់ : វាស្រដៀងគ្នានឹងកេតូស្តង់ដាដែរ ប៉ុន្តែប្រូតេអុីនច្រើន។ បរិមាណជាតិខ្លាញ់ ៦០% ប្រូតេអុីន ៣៥% និងខាប ៥% ។
ទោះយ៉ាងណាក៏ដោយ មានតែរបបអាហារកេតូស្តង់ដា និងកេតូប្រូតេអុីនខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានសិក្សាយ៉ាងទូលំទូលាយ។ ចំពោះវដ្តកេតូ និងកេតូកំណត់គោលដៅជាកេតូកំរិតខ្ពស់ ដែលភាគច្រើនប្រើចំពោះកីឡាករ ឬអ្នកធ្វើអត្តពលកម្មខ្លាំង។
តើប្រព័ន្ធកេតូសុីសគឺជាអ្វី?
ប្រព័ន្ធកេតូសុីសគឺជាការរំលាយអាហារដោយប្រើខ្លាញ់ជាថាមពលសម្រាប់រាងកាយជំនួសការប្រើខាប។ វាកើតឡើងនៅពេលរាងកាយកាត់បន្ថយខាប ដើម្បីកំរិតជាតិស្ករក្នុងខ្លួន ដែលជាប្រភពថាមពល ដ៏សំខាន់របស់កោសិកា។ ការធ្វើរបបអាហារកេតូ គឺជាវិធីដែលមានប្រសិទ្ធភាពបំផុត ដើម្បីបង្កើនប្រព័ន្ធកេតូសុីសនេះ។ ជាទូទៅការកំណត់ជាតិខាបពី ២០ ទៅ ៥០ខាំ ក្នុងមួយថ្ងៃ និងបំពេញថាមពលវិញ ដោយខ្លាញ់ដែលមានក្នុងសាច់ ត្រី ស៊ុត គ្រាប់ធញ្ញជាតិ និងប្រេងសុខភាព។
វាជាចំណុចសំខាន់មួយដែរ ដែលយើងត្រូវកម្រិតប្រូតេអុីន ព្រោះប្រូតេអុីនអាចបំលែងទៅជាស្ករ ហើយជាតិស្ករច្រើនអាចរារាំងឲ្យយឺតយ៉ាវក្នុងការបង្កើតប្រព័ន្ធកេតូសុីសនេះ។ ការអនុវត្តការតមអាហារដែលហៅថាហ្វាសទីង ក៏អាចជួយបង្កើតប្រព័ន្ធកេតូសុីសបានលឿនដែរ។ មានវិធីខុសគ្នាជាច្រើន ក្នុងការធ្វើហ្វាសទីងនេះ ប៉ុន្តែវិធីដែលនិយមប្រើនោះគឺ ការទទួលទានអាហារក្នុងរយៈពេល៨ម៉ោង និង១៦ម៉ោងទៀតគឺមិនទទួលទានអ្វីទាំងអស់(អាចញុាំទឹកបាន)។
លោកអ្នកអាចធ្វើតេស្តឈាម ទឹកនោម និងដង្ហើមដើម្បីកំណត់ថាតើលោកអ្នកមានប្រព័ន្ធកេតូសុីស ឬនៅដោយការវាស់ចំនួនកេតូនដែលរាងកាយបានផលិត។ កំណត់សំគាល់មួយចំនួនក៏អាចឲ្យយើងដឹងបានដែរថា តើរាងកាយយើងបានបង្កើតប្រព័ន្ធកេតូសុីសឬនៅ ដូចជាស្រេកទឹកញឹកញាប់ មាត់ស្ងួត នោមទៀងទាត់ និងកាត់បន្ថយការឃ្លានអាហារជាដើម។
របបអាហារកេតូជួយដល់ការសម្រកទម្ងន់
របបអាហារកេតូជាវិធីបញ្ចុះទម្ងន់យ៉ាងមានប្រសិទ្ធភាព និងកាត់បន្ថយការប្រឈមមុខនឹងជំងឺផ្សេងៗទៀតផង។ លើសពីនេះ របបអាហារជួយឲ្យបញ្ចុះទម្ងន់ដោយមិនបាច់អង្គុយរាប់កាឡូរី ឬចាំកត់ចំណីអាហារ ដែលញុាំចូលខ្លួនទេ។ តាមការស្រាវជ្រាវចំនួន១៣ដង បានបង្ហាញលទ្ធផលថា ការបញ្ចុះទម្ងន់ដោយការបន្ថយខាប ឬរបបអាហារកេតូមានប្រសិទ្ធភាពលឿនជាងការបន្ថយទម្ងន់ដោយការបន្ថយខ្លាញ់។ អ្នកដែលធ្វើកេតូ អាចបញ្ចុះទម្ងន់ជាមធ្យម៩ខាំ ច្រើនជាងអ្នកបន្ថយទម្ងន់ដោយការបន្ថយខ្លាញ់។
លើសពីនេះ វាក៏ជួយកាត់បន្ថយការកើតជំងឺលើសឈាមកម្រិត១ផងដែរ ហើយការសិក្សាបន្ថែមទៀតក៏បានបញ្ជាក់ថា អ្នកធ្វើកេតូដែលមានវ័យពី៣៤ឆ្នាំទៅអាចបញ្ចុះទម្ងន់បានច្រើនជាង អ្នកដែលបញ្ចុះទម្ងន់ដោយការបន្ថយខ្លាញ់ដល់ទៅ៥ដង ក្នុងជាងរយៈពេល៨សប្តាហ៍ដូចគ្នា។ ការបង្កើនកេតូន អាចជួយបន្ថយជាតិស្ករក្នុងឈាម និងជួយពង្រឹងប្រព័ន្ធអាំងសូលីន ជាអ្នកដើរតួនាទីសំខាន់ដែលមានប្រសិទ្ធភាពបញ្ចុះទម្ងន់ក្នុងរបស់របបអាហារកេតូនេះ។
របបអាហារកេតូរបស់អ្នកជំងឺទឹកនោមផ្អែម និងអ្នកដែលនឹងកើតជំងឺទឹកនោមផ្អែម
ជំងឺទឹកនោមផ្អែម ត្រូវបានកំណត់ដោយបំរែបំរួលនៃប្រព័ន្ធរំលាយអាហារ សំពាធឈាមខ្ពស់ និងអសមត្ថភាពនៃប្រព័ន្ធអាំងសូលីន។ របបអាហារកេតូអាចជួយបំផ្លាញជាតិខ្លាញ់លើស ដែលជាមូលហេតុទាក់ទងគ្នានឹងជំងឺទឹកនោមផ្អែមប្រភេទទី២ ការវិវត្តន៍ទៅជំងឺទឹកនោមផ្អែម និងរោគសញ្ញាប្រព័ន្ធរំលាយអាហារ។
តាមឯកសារចាស់ៗបានបង្ហាញថារបបអាហារកេតូជួយពង្រឹងប្រព័ន្ធអាំងសូលីនដល់ទៅ៧៥%។ ការសិក្សាបន្ថែមទៀតទៅលើស្ត្រី ដែលមានជំងឺទឹកនោមផ្អែំប្រភេទទី២ ក៏បានបង្ហាញថា ការធ្វើរបបអាហារកេតូរយៈពេល៩០ថ្ងៃ បានសំគាល់ថាមានការធ្លាក់ចុះនៃអេម៉ូក្លូប៊ីនA1C ដែលជាអ្នកគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមរុាំរ៉ៃ។
តាមការសិក្សាបន្ថែមលើមនុស្ស ៣៤៩នាក់ដែលមានជំងឺទឹកនោមផ្អែមប្រភេទទី២នេះដែរក៏បាន បង្ហាញថា អ្នកដែលធ្វើរបបអាហារកេតូបានបន្ថយទម្ងន់ជាមធ្យម ១១.៩គីឡូក្នុងរយៈពេល២ឆ្នាំ។ នេះជាបញ្ហាសំខាន់សម្រាប់អ្នកជំងឺទំនោមផ្អែមប្រភេទទី២ចង់សម្រកទម្ងន់នោះ។ បន្ថែមពីហ្នឹងពួកគេក៏ សំគាល់ឃើញថាប្រព័ន្ធគ្រប់គ្រងជាតិស្ករក្នុងឈាមមានភាពប្រសើរជាងមុន និងការប្រើប្រាស់ថ្នាំក៏ កាត់បន្ថយច្រើនជាងមុនដែរ នៅក្នុងកំឡុងស្រាវជ្រាវនោះ។
សរុបមក ការធ្វើរបបអាហារកេតូជួយភ្ញោចប្រព័ន្ធអាំងសូលីន និងជួយដុតបំផ្លាញខ្លាញ់ដ៏គួរឲ្យកត់សំគាល់ដែលជាប្រយោជន៍សល់សុខភាពរបស់អ្នកជំងឺទឹកនោមផ្អែមប្រភេទទី២ និងសម្រាប់អ្នកដែលបំរុងកើតជំងឺទឹកនោមផ្អែមនេះ។
អត្ថប្រយោជន៍ផ្សេងៗទៀតរបស់កេតូ
របបអាហារកេតូជាដើមកំណើតនៃការព្យាបាលជំងឺសរសៃប្រសាទ ដូចជាជំងឺឆ្កួតជ្រូកជាដើម។
ការសិក្សាបានបង្ហាញថារបបអាហារមានប្រយោជន៍យ៉ាងក្រាស់ក្រែលសម្រាប់សុខភាពខុសៗគ្នាដូចជា :
- ជំងឺបេះដូង : របបអាហារកេតូអាចជួយបំផ្លាញខ្លាញ់ក្នុងរាងកាយ ជួយពង្រឹងខ្លាញ់ល្អ ជួយពង្រឹងសំពាធឈាម និងពង្រឹងជាតិស្ករក្នុងឈាម។
- ជំងឺមហារីក : ជួយពន្យឺតការរីករាលដាលរបស់ដុំមហារីក។
- ជំងឺភ្លេចភ្លាំង : ជួយកាត់បន្ថយអាការភ្លេចភ្លាំង វង្វេង និងកាត់បន្ថយការកើតជំងឺបន្តិចម្តងៗ។
- ជំងឺឆ្កួតជ្រូក: ជួយកាត់បន្ថយអាការប្រកាច់របស់ក្មេងដែលមានជំងឺឆ្កួតជ្រូក
- ជំងឺចាស់កោង: ការសិក្សាមួយបានបង្ហាញថារបបអាហារកេតូអាចជួយពង្រឹងដល់ជំងឺចាស់កោង
អាហារដែលគួរជៀសវៀង
រាល់អាហារដែលមានខាបខ្ពស់គួរកំណត់ក្នុងការបរិភោគ មានដូចខាងក្រោមនេះជាអាហារដែលគួរកាត់បន្ថយពេលកំពុងធ្វើកេតូ
- អាហារមានជាតិស្ករ : ទឹកផ្លែឈើ ទឹកក្រឡុក នំ ការ៉េម ស្ករគ្រាប់ ។ល។
- គ្រាប់ធញ្ញជាតិ ឬអាហារមានជាតិម្សៅ: ផលិតផលធ្វើពីម្សៅសាឡី បាយ ប៉ាស្តា សឺរ៉ាល
- ផ្លែឈើ : ស្ទើរតែគ្រប់ផ្លែឈើមានជាតិផ្អែមទាំងអស់ លើកលែងពពួកបឺរីដូចជា ស្ត្របឺរីជាដើម
- គ្រាប់សណ្តែក : សណ្តែកឡាំងតាវ សណ្តែកក្រហម សណ្តែកផ្កាយ ។ល។
- បន្លែប្រភេទមើម : ដំឡូង ដំឡូងជ្វា ការ៉ុត ឆៃថាវ ។ល។
- ប្រភេទអាហារមានជាតិខ្លាញ់ទាប : ម៉ាយ៉ូនេខ្លាញ់ទាប ទឹកស្រូបបន្លែ និង គ្រឿងជ្រលក់
- ទឹកជ្រលក់ : ទឹកជ្រលក់ប៊ីប៊ីខ្យូ ទឹកម៉ាស្តាតរសជាតិទឹកឃ្មុំ ទឹកជ្រលក់ថេរីយ៉ាគិ និងប៉េងប៉ោះ
- ប្រេងមិនល្អ : ប្រេងកែច្នៃ ម៉ាយ៉ូនេ ។ល។
- គ្រឿងស្រវឹង : ស្រាបៀរ ស្រាក្រហម ស្រា ស្រាក្រឡុក
- ប្រភេទអាហារគ្មានជាតិស្ករ : ស្ករគ្រាប់គ្មានជាតិស្ករ ទឹកសារ៉ូ ភូតឌីង គ្រឿងផ្អែម
- បង្អែម ។ល។
អាហារត្រូវបរិភោគ
អាហារជាគោលសម្រាប់កេតូ :
- សាច់: សាច់ក្រហម សាច់ស្តេក សាច់ហេម សាច់ក្រក សាច់បីជាន់ សាច់មាន់ និងមានទួគី
- ត្រីធំៗ : ត្រីសាល់មន ត្រីត្រូត ត្រីធូណា និងត្រីសាបាក់
- ស៊ុត : ស៊ុតធម្មជាតិ(ពងមាន់ស្រែ) ស៊ុតទាំងមូល(ទាំងលឿង ទាំងស)
- បឺរ និងគ្រីម : បឺរដែលធ្វើពីគោដែលសុីស្មៅសុទ្ធ និងគ្រីម
- ឈីស : ឈីសស្រស់ ឈីសពពែ គ្រីមឈីស ឈីសដុះផ្សិត ឈីសម៉ូរាហ្សែល
- សណ្តែកដី និងគ្រាប់ធញ្ញជាតិ : គ្រាប់អាល់មន គ្រាប់វ៉លណាត់ ហ្លាក់សុីដ គ្រាប់ល្ពៅ គ្រាប់ជី ។ល។
- ប្រេងសុខភាព : ប្រេងអូលីវអិចស្ត្រាវឺជិន ប្រេងដូង និងប្រេងអាវ៉ូកាដូ
- ផ្លែបឺរ : ផ្លែបឺរស្រស់ ឬផ្លែបឺរយកចំអិនហើយ
- បន្លែដែលមានខាបតិច : បន្លែបៃតង ប៉េងប៉ោះ ខ្ទឹមបារាំង ម្ទេសប្លោក ។ល។
- គ្រឿងទេស : អំបិល ម្រេច គ្រឿងបន្លែបន្សាប(ជីរ ម្អម ស្លឹកខ្ទឹម) គ្រឿងហឹរ(រមៀត ម្ទេស ខ្ជាយ)
គំរូអាហារកេតូសម្រាប់១សប្តាហ៍
សម្រាប់ថ្ងៃច័ន្ទ
- អាហារពេលព្រឹក : បន្លែចៀនជាមួយស៊ុត និងប៉េងប៉ោះ
- អាហារពេលថ្ងៃ : សាឡាត់សាច់មាន់ជាមួយប្រេងអូលីវ ហ្វេតាឈីស ផ្លែអូលីវ
- អាហារពេលល្ងាច : ត្រីសាលមននិងទំពាំងបារាំងចំអិនជាមួយបឺរ
សម្រាប់ថ្ងៃអង្គារ៍
- អាហារពេលព្រឹក : ស៊ុត ប៉េងប៉ោះ ជីបាសីល និងពងទាចៀនជាមួយស្ពៃស្ពីណាច
- អាហារពេលថ្ងៃ : ទឹកដោះគោអាលមន បឺរសណ្តែក ស្ពៃស្ពីណាច ម្សៅកាកាវ ស្ទីវវៀរក្រឡុក និងផ្លែស្ត្របឺរី
- អាហារពេលល្ងាច : នំថាកូធ្វើពីឈីសជាមួយសាលសា
សម្រាប់ថ្ងៃពុធ
- អាហារពេលព្រឹក : គ្រាប់ជីជាមួយទឹកគោសណ្តែកលាយជាមួយដូងនិងផ្លែប្លេកបឺរី
- អាហារថ្ងៃត្រង់ : សាឡាដផ្លែបឺរជាមួយបង្គា
- អាហារពេលល្ងាច : សាច់ជ្រូកចិញ្រ្ចាំជាមួយឈីស ផ្កាខាត់ណាបៃតងនិងសាឡាដ
សម្រាប់ថ្ងៃព្រហស្បត្តិ៍
- អាហារពេលព្រឹក : ពងទាចៀនជាមួយផ្លែបឺរ សាលសា ម្ទេសប្លោក ខ្ទឹមបារាំងនិងគ្រឿងហឹរ
- អាហារថ្ងៃត្រង់ : សណ្តែកដីចំនួនមួយដៃ និងសុីលឺរីជាមួយទឹកសាលសា
- អាហារពេលល្ងាច : សាច់មាន់ជាមួយទឹកប៉េស្តូគ្រីមឈីស និងផ្លែស៊ូឈីនីអាំង
សម្រាប់ថ្ងៃសុក្រ
- អាហារពេលព្រឹក : យ៉ាអួរក្រឡុកជាមួយបឺរសណ្តែកដី ម្សៅកាកាវនិងផ្លែបឺរី
- អាហារថ្ងៃត្រង់ : សាច់គោចិញ្រ្ចាំរុំជាមួយសាឡាដ និងម្ទេសប្លោក
- អាហារពេលល្ងាច : ផ្កាខាត់ណាចំហុយជាមួយបន្លែគ្រប់មុខ
សម្រាប់ថ្ងៃសៅរ៍
- អាហារពេលព្រឹក : នំផេនខេកគ្រីមឈីស ជាមួយផ្លែប្លូបឺរី និងផ្សិតអាំង
- អាហារថ្ងៃត្រង់: ផ្លែស៊ូឈីនី និងផ្លែប៊ីត
- អាហារពេលល្ងាច : ត្រីចៀនជាមួយប្រេងដូង ស្លឹកខាលនិងសណ្តែកដីលីង
សម្រាប់ថ្ងៃអាទិត្យ
- អាហារពេលព្រឹក : ពងទាចៀនជាមួយផ្សិត
- អាហារថ្ងៃត្រង់ : មាន់លីងជាមួយល្ង និងខាត់ណាបៃតង
- អាហារពេលល្ងាច : ស្ប៉ាហ្គាទីល្ពៅ
ព្យយាមផ្លាស់ប្តូរបន្លែ និងសាច់ឲ្យបានច្រើនមុខ ព្រោះវាផ្តល់អាហារូបត្ថម្ភខុសៗគ្នា និងធ្វើការស្រាវជ្រាវបន្ថែមសម្រាប់មុខម្ហូបនិងរបៀបចំអិន។
អាហារសម្រន់កេតូ
បើលោកអ្នកនៅឃ្លានបន្ទាប់ពីបរិភោគអាហារហើយ កេតូក៏មានប្រភេទអាហារសម្រន់ ដែរ :
- ត្រីឬសាច់
- Cheese ឈីស
- គ្រាប់សណ្តែកចំនួនមួយក្តាប់ដៃ
- ស៊ូសុីកេតូ
- ផ្លែអូលីវ
- ស៊ុតស្ងោរមួយឬពីរគ្រាប់
- នំសម្រាប់អ្នកធ្វើកេតូ
- សូកូឡាខ្មៅ៩០%
- យ៉ាអួរក្រឡុកជាមួយបឺរសណ្តែកដីនិងម្សៅកាកាវ
- ម្ទេសប្លោកជ្រលក់ជាមួយទឹកជ្រលក់ធ្វើពីផ្លែបឺរ
- ផ្លឺស្ត្របឺរីជាមួយឈីសសាប
- សុីឡីរីជាមួយសាលសានិងទឹកជ្រលក់ធ្វើពីផ្លែបឺរ
- គោងៀត
- អាហារដែលនៅសល់បន្តិចបន្តួច
- នំហ្វេតបំ
សរុបមក អាហារសម្រន់ដ៏ល្អបំផុតសម្រាប់ធ្វើកេតូគឺត្រូវមាន បន្លែ សាច់ ឈីស ផ្លែអូលីវ ស៊ុតស្ងោរ គ្រាប់សណ្តែក បន្លែឆៅ និងសូកូឡាខ្មៅ
គន្លឹះរបស់កេតូ
ការប្តូររបបអាហារមកកេតូគឺជារឿងពិបាក ប៉ុន្តែវាក៏មានគន្លឺះខ្លះដើម្បីជួយសម្រួលដែរ ដូចជា:
- ចាប់ផ្តើមមើលមុខម្ហូបហើយកំណត់ចំនួនខាំរបស់ខ្លាញ់ ខាប និងអាហារសរសៃដែលយើងត្រូវញុាំដើម្បីឲ្យដឹងថាយើងអាចញុាំបែបម៉េចឲ្យត្រូវនឹងរសនិយមរបស់យើង។
- ធ្វើកាលវិភាគអាហារមួយសប្តាហ៍ម្តង ដើម្បីជួយសម្រួលដល់ពេលវេលាក្នុងការរកមុខម្ហូប។
- មានគេហទំព័រ ឬសៀវភៅធ្វើម្ហូបរបស់កេតូជាច្រើនដែលអាចជួួយឲ្យអ្នករៀបចំ របបអាហារបានងាយស្រួល។
- អ្នកក៏អាចកម្មង់តាមអ្នកផ្តល់សេវាកម្មធ្វើម្ហូបឲ្យដឹកជញ្ជូនដល់ផ្ទះក៏បាន។
- អាចធ្វើប្រភេទអាហារកេតូបង្កកក៏បាន បើអ្នកមិនសូវមានពេលគ្រប់គ្រាន់។
- បើសិនជាអ្នកត្រូវចូលរួមកម្មវិធី ឬទៅជួបជុំគ្រួសារ អ្នកគួរត្រៀមអាហាររបស់អ្នកទៅ តាមទុកទទួលទានផងដែរ ដើម្បីរក្សារបបអាហារកេតូនេះឲ្យបានខ្ជាប់ខ្ជួន។
គន្លឹះខ្លះពេលអ្នកចេញទៅបរិភាគតាមភោជនីយដ្ឋាន
ពេលអ្នកចេញទៅបរិភោគនៅខាងក្រៅ អ្នកត្រូវរើសយកសាច់ ត្រី ឬម្ហូបដែលមានស៊ុត ហើយកម្មង់បន្លែបន្ថែមដើម្បីជំនួសខាបឬអាហារប្រភេទម្សៅ និងរើសយកឈីស ជាបង្អែម លាងមាត់។
ផលប៉ះពាល់ និងវិធីបង្ការ
ថ្វីត្បិតតែរបបអាហារកេតូមានសុវត្ថិភាពចំពោះសុខភាពពិតមែន ប៉ុន្តែវាក៏ផលប៉ះពាល់ខ្លះនៅពេល ដែលរាងកាយរបស់អ្នកកំពុងសម្របជាមួយវា។ មានរបាយការណ៍បានបញ្ជាក់ថាអ្នកធ្វើកេតូខ្លះមានអាការមិនស្រួលខ្លះ ដែលទាក់ទងនឹង របបអាហាររបស់គាត់ តែវាបាត់ទៅវិញក្នុងរយៈ២ ទៅ៣ថ្ងៃបន្ទាប់។
អាការរបស់អ្នកធ្វើការអាចមាន ផ្តាសាយ រាគរូស ទល់លាមក ក្អួតចង្កោរ និងរោគសញ្ញាមួយចំនួនទៀតរួមមាន :
អស់កំលាំង ហេវហត់
- ឆាប់ឃ្លាន
- ពិបាកគេង
- វិលមុខ
- អាហាររំលាយមិនបានល្អ
- គ្មានកំលាំងក្នុងការហាត់ប្រាណ
ដើម្បីការបន្ថយរោគសញ្ញាទាំងនេះ លោកអ្នកអាចសាកល្បងទទួលជាតិខាបល្មមក្នុងសប្តាហ៍ដំបូង។ វាអាចជួយឲ្យរាងកាយរបស់អ្នកសម្របក្នុងការដុតខ្លាញ់បាន មុននឹងអ្នកចាប់ផ្តើមធ្វើកេតូបាន ពេញលេញ។ របបអាហារកេតូក៏អាចផ្លាស់ប្តូរតុល្យភាពសារធាតុទឹក និងរ៉ែក្នុងរាងកាយផងដែរ ដូច្នេះថែមអំបិលក្នុងមុខម្ហូប ឬញ៉ាំអាហារបំប៉នជាតិរ៉ែបន្ថែម ឬយកល្អគួរពិភាក្សាជាមួយគ្រូពេទ្យដើម្បីណែនាំអាហារូបត្ថម្ភដែលអ្នកត្រូវការបំពេញ។
យ៉ាងហោចណាស់នៅពេលចាប់ផ្តើមដំបូង អ្នកគួរបរិភោគឲ្យឆ្អែតដោយពុំចាំបាច់ខ្វល់ពីចំនួនកាឡូរីខ្លាំងពេកទេ ព្រោះជាធម្មតារបៀបអាហារកេតូធ្វើឲ្យស្រកទម្ងន់ដោយមិនរាប់កាឡូរីទេ។
ហានិភ័យនៃរបបអាហារកេតូ
ការបន្តធ្វើកេតូយូរក៏មានហានិភ័យដែរដូចជា :
- កង្វះប្រូតេអុីនក្នុងឈាម
- លើសខ្លាញ់ក្នុងថ្លើម
- គ្រួសក្នុងតម្រងនោម
- កង្វះវិតាមីនក្នុងរាងកាយ
ថ្នាំមួយប្រភេទឈ្មោះថា សូឌីយ៉ូមគ្លុយកូសខនត្រាស្ពតថឺ2 (SGLT2) ជាថ្នាំសម្រាប់ ជំងឺទឹកនោមផ្អែមប្រភេទទី២ អាចបង្កើនហានិភ័យដល់ប្រព័ន្ធកេតូនរបស់ជំងឺទឹកនោមផ្អែម លក្ខខណ្ឌធ្ងន់ធ្ងរគឺបង្កើនអាសុីតក្នុងឈាម ដូច្នេះអ្នកដែលទទួលទានថ្នាំប្រភេទនេះ មិនអាចធ្វើកេតូបានទេ។
ដើម្បីកំណត់ថាអ្នកមានសុវត្ថិភាពគ្រប់គ្រានក្នុងការធ្វើកេតូយូរអង្វែង អ្នកត្រូវប្រាប់ទៅគ្រូពេទ្យ ឲ្យបានច្បាស់លាស់នូវរបបអាហាររបស់អ្នក។
អាហារបំប៉នសម្រាប់អ្នកធ្វើកេតូ
ថ្វីត្បិតតែយើងមិនចាំបាច់បន្ថែមអាហារបំប៉នមែន ប៉ុន្តប្រើខ្លះក៏អាចជាប្រយោជន៍ដែរ :
- ប្រេង MCT : អាចបន្ថែមក្នុងទឹក ឬយ៉ាអួរដែលអ្នកញ៉ាំ ព្រោះប្រេងនេះជួយផ្តល់ថាមពល និងជួយបន្ថែមកម្រិតកេតូរបស់អ្នក
- សារជាតុរ៉ែ : បន្ថែមអំបិល និងសារធាតុរ៉ែផ្សេងៗអាចជាជំនួយពេលរាងកាយផ្លាស់ប្តូរ ជាតិទឹកនិងជាតិរ៉ែក្នុងខ្លួន។
- ជាតិកាហ្វេអុីន : អាចជួយដល់ថាមពល បំបាត់ជាតិខ្លាញ់ និងជួយឲ្យស្វាហាប់។
- អិចហ្សូជេនណឺស កេតូ : ជាអាហារបំប៉នដែលជួយបង្កើនកម្រិតកេតូក្នុងរាងកាយ
- ជាតិក្រេទីន : វាមានប្រយោជន៍យ៉ាងច្រើនដល់អ្នកដែលធ្វើកេតូផង ហាត់ប្រាណផង
- ម្សៅប្រូតេអុីន : ប្រើម្សៅប្រតេអុីនកន្លះស្លាបព្រាក្រឡុកជាមួយទឹក ឬយ៉ាអួរអាចជួយផ្តល់ ប្រូតេអុីនក្នុងរាងកាយ