ភ្នំពេញ៖ លោក Keisuke Honda គ្រូបង្វឹកក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ចប់បេសកកម្មរបស់ខ្លួនកាលពីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ប៉ុន្តែអតីតគ្រូបង្វឹករូបនេះ បានពោលពាក្យអាឡោះអាល័យជាមួយកម្ពុជា គ្រាដែលរូបគាត់បានជាន់លើទឹកដីខ្មែរតាំងពីឆ្នាំ២០១៨។ លោក Keisuke Honda បានសរសេរនៅលើបណ្ដាញសង្គមនាព្រឹកថ្ងៃទី១១ ខែឧសភានេះថា គម្រោងរបស់លោកក្នុងជម្រើសជាតិកម្ពុជា បានបញ្ចប់ហើយ ដោយយើងចង់ធ្វើឱ្យអ្នកកាន់តែរីករាយជាមួយនឹងលទ្ធផលកាន់តែប្រសើរ ប៉ុន្តែយើងមិនអាចធ្វើវាបានទេ។លោកបានចាត់ទុកក្រុមកីឡាករកម្ពុជា គឺជាថាមពល និងក្តីសង្ឃឹម ដែលជាមូលហេតុធ្វើឱ្យរូបលោកអាចបន្តគម្រោងរហូតដល់ទីបញ្ចប់ និងបានអរគុណចំពោះអ្វីៗគ្រប់យ៉ាងក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ។ ជុំវិញករណីនេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានអរគុណដល់លោក Keisuke Honda ចំពោះការខិតខំប្រឹងប្រែងក្នុងរយៈពេល ៥ឆ្នាំកន្លងមកនេះ និងបានជូនពរឲ្យលោក Keisuke Honda ឱ្យជួបប្រទះសំណាងល្អ និងជោគជ័យគ្រប់ភារកិច្ចនាពេលខាងមុខ៕