មន្រ្តីអាមេរិកម្នាក់បាននិយាយថា "យ៉ាងហោចណាស់ទាហ៊ានអាមេរិកចំនួន១៣នាក់បានស្លាប់ និង១៨នាក់រងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់បែក នៅព្រលានយន្តហោះកាប៊ុលដែលបានសម្លាប់ប្រជាជនអាហ្វហ្កានីស្ថានយ៉ាងតិច៦០នាក់ និងរបួសជាច្រើននាក់ទៀត "។ ការស្លាប់របស់ទាហានអាមេរិកទាំង១៣នាក់នេះត្រូវបានបញ្ជាក់ដោយទីបញ្ជាប៉ង់តាហ្គូនកាលពីល្ងាចថ្ងៃព្រហស្បត្តិ៍ ទី២៦ ខែសីហា ឆ្នាំ២០២១នេះ។
នេះជាលើកទី២ហើយដែលទាហានអាមេរិកត្រូវបានសម្លាប់យ៉ាងច្រើននៅអាហ្គានីស្ថាន បន្ទាប់ពីការស្លាប់របស់ទាហាន៣០នាក់ក្នុងព្រឹត្តិការណ៍បាញ់ឧទ្ឋម្ភាគចក្រកាលពីខែសីហា ឆ្នាំ២០១១កន្លងមក។
អ្នកនាំពាក្យបញ្ជាការកណ្តាលលោក ប៊ីល អឺបេនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ទាហានអាមេរិកទី១៣ បានស្លាប់ដោយសាររបួសធ្ងន់ធ្ងរបន្ទាប់ពីការវាយប្រហារនៅអាប៊ីហ្គេត "។
ទោះបីជារងការវាយប្រហារក៏ដោយ ក៏អគ្គមេបញ្ជាការ ម៉ាកខេនហ្សុី(Kenneth McKenzie Jr) បាននិយាយថា "ពួកយើងនៅតែបន្តអនុវត្តបេសកកម្មនេះ ដើម្បីជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្គានីស្ថានដែលមានឯកសារគ្រប់គ្រាន់ចាកចេញពីប្រទេសនេះ "។
លោក ម៉ាកខេនហ្សុី មានប្រសាសន៍បន្តថា " បេសកកម្មរបស់យើងគឺ ជម្លៀសពលរដ្ឋអាមេរិក ឬជនជាតិនៃប្រទេសទីបី ជាពិសេសមន្ត្រីអន្តោប្រវេសន៍ បុគ្គលិកស្ថានទូតអាមេរិក និងជនជាតិអាហ្វហ្គានីស្ថានដែលស្ថិតក្នុងហានិភ័យខ្ពស់ "។
មុននេះមន្ត្រីអាមេរិកពីររូបបានប្រាប់សារព័ត៌មាន Associated Press ថាក្នុងចំណោមអ្នកស្លាប់ទាំង១២នាក់ដំបូង មាន១១នាក់ ជាទាហានជើងទឹក និងម្នាក់ជាពេទ្យទាហានជើងទឹក។ ចំពោះការស្លាប់របស់ទាហានទី១៣ នៅមិនទាន់កំនត់អត្តសញ្ញាណបាននៅឡើយទេ។
បច្ចុប្បន្នអាមេរិកមានកងទ័ពចំនួន ៥,៨០០នាក់នៅឯព្រលានយន្តហោះក្នុងទីក្រុងកាប៊ុល ដែលកំពុងធ្វើការជម្លៀសប្រជាជនអាមេរិក ប្រជាជនអាហ្វហ្កានីស្ថាន និងប្រជាជននៃប្រទេសផ្សេងៗទៀតរាប់ពាន់នាក់ ដែលរងការវាយប្រហារនៅព្រលានយន្តហោះ អាប៊ីហ្គេត ។
លោក ម៉ាកខេនហ្សុី បាននិយាយបន្ថែមថា "ខ្មាន់កាំភ្លើង ISIS " ក៏បានដកកាំភ្លើងបាញ់បន្ថែមទៅលើហ្វូងមនុស្ស និងកងកម្លាំងអាមេរិកបន្ទាប់ពីគ្រាប់បែកបានបំផ្ទុះ។
ការស្លាប់របស់យោធាអាមេរិកគឺជាការស្លាប់ដំបូងរបស់បេសកកម្មនេះចាប់ពីតាំងពីខែកុម្ភះ ឆ្នាំ២០២១ បន្ទាប់ពីកងទ័ពពិសេសពីរនាក់ត្រូវបានសម្លាប់នៅក្នុងការលបវាយប្រហាររបស់ក្រុមទាហានផ្ទៃក្នុងខៀវបៃតងរបស់អាហ្គានីស្ថាន។
ទាហានអាមេរិកចំនួន១១នាក់ ត្រូវបានសម្លាប់នៅឆ្នាំ២០២០ និង២៤នាក់ក្នុងឆ្នាំ២០១៩ ដែលធ្វើឱ្យចំនួនទាហានអាមេរិកស្លាប់សរុបនៅអាហ្វហ្គានីស្ថានកើនឡើងដល់ ២,២១៨នាក់ ចាប់តាំងពីអាមេរិកបានឈ្លានពាន បន្ទាប់ពីការវាយប្រហាររបស់អាល់កៃដានៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១។
យោងតាមកំណត់ត្រារបស់ Brown University និង Brooking Institute បានឲ្យដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថានជាង ៧១,០០០នាក់ និងកងកម្លាំងយោធា ជាមួយប៉ូលីសអាហ្វហ្គានីស្ថាន ចំនួន ៦៦,០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមនេះ។
គ្រាប់បែកចំនួន២គ្រាប់ ត្រូវបានទំលាក់នៅ Abey Gates ដែលប្រជាជនអាហ្វហ្គានីស្ថានកំពុងតម្រង់ជួរ ដើម្បីចូលអាកាសយានដ្ឋាន។ ហើយគ្រាប់បែកទី២ គឺទំលាក់នៅជិតសណ្ឋាគារ Baron ជាកន្លែងដែលពលរដ្ឋអង់គ្លេសជាច្រើនកំពុងរង់ចាំការជម្លៀស។
លោក Rossella Miccio ប្រធានផ្នែកសង្គ្រោះបន្ទាន់របស់អង្គការក្រៅរដ្ឋាភិបាលបាននិយាយថា “ផលប៉ះពាល់នៃការផ្ទុះទាំងនេះពិតជាធ្ងន់ធ្ងរខ្លាំងមែនទែន” ។
លោក Miccio បានប្រាប់ Al Jazeera ថាបុគ្គលិកសង្គ្រោះបន្ទាន់កំពុងសង្រ្គោះប្រជាជនអាហ្វហ្គានីស្ថានដែលរងរបួសប្រហែល៦០នាក់ដោយការបាក់បែកឆ្អឹងយ៉ាងធ្ងន់ធ្ងរ និង៦នាក់ទៀតបានស្លាប់ដោយសារគ្រាប់កាំភ្លើង។
ការបំផ្ទុះគ្រាប់បែកដំបូងត្រូវបានសន្មតថាជាការវាយប្រហារពីក្រុម ISIS (ISIL) ដែលជាកុលសម្ព័ន្ធរបស់ប្រទេសអាហ្វហ្គានីស្ថានកាន់សាសនាអុីស្លាមមានទីតាំងនៅខេត្ត Khorasan ISKP (ISIS-K) កើតចេញពីសមាជិកតាលីបង់ជ្រុលនិយម នេះជាការប្រាប់របស់មន្ត្រីអាមេរិកដែលមិនបញ្ចេញឈ្មោះទៅកាន់អ្នកសារព័ត៌មាន Associated Press ។
លោក McKenzie បាននិយាយថា “ប្រសិនបើយើងអាចរកឃើញថាអ្នកណាពាក់ព័ន្ធជាមួយរឿងនេះយើងនឹងតាមចាប់ពួកគេ”។ “ឥឡូវនេះយើងកំពុងខិតខំយ៉ាងខ្លាំងដើម្បីស្វែងរកអ្នកដែលពាក់ព័ន្ធជាមួយរឿងនេះ”។
ISIL ជាអ្នកទទួលខុសត្រូវចំពោះការវាយប្រហារលើគេហទំព័រមួយនេះ បើយោងតាមសារព័ត៌មាន AFP និងតាមបណ្តាញតេលេក្រាមភាសាអារ៉ាប់ដែលត្រួតពិនិត្យដោយអាល់ហ្សាហ្សេរ៉ាបានកំណត់អត្តសញ្ញាណឈ្មោះអ្នកបំផ្ទុះគ្រាប់បែក។
មានអ្នកផ្សេងទៀតបានបញ្ចេញមតិប្រឆាំងនឹងការសន្និដ្ឋានអំពីប្រភពនៃការវាយប្រហារនេះ។
អ្នកនាំពាក្យ Adam Schiff ប្រធានគណៈកម្មាធិការស៊ើបការណ៍សម្ងាត់បាននិយាយកាលពីព្រឹកមិញនេះថា “វាជាការសន្និដ្ឋានលឿនពេកហើយដែលថាជាការវាយប្រហាររបស់ក្រុម ISIS ដើម្បីរារាំងការជម្លៀសប្រជាជននោះ”។
មានការព្រមានជាផ្លូវការជាច្រើនពីសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេសអំពីការវាយប្រហារដោយគ្រាប់បែកដែលអាចកើតមានទៅលើហ្វូងមនុស្សដែលព្យាយាមចូលទៅក្នុងអាកាសយានដ្ឋាន។
សេតវិមានបាននិយាយថា ចំនួនមនុស្សតែ១៣,៤០០នាក់ប៉ុណ្ណោះ ត្រូវបានជម្លៀសចេញក្នុងរយៈពេល២៤ម៉ោងដែលបានបញ្ចប់នៅព្រឹកថ្ងៃព្រហស្បត្តិ៍យោងតាមម៉ោងនៅសហរដ្ឋអាមេរិក ជាតួលេខដែលខុសពីការគ្រោងទុកចំនួន១៩,០០០នាក់ត្រៀមជម្លៀសមុនកើតហេតុមួយថ្ងៃ។
ប្រធានាធិបតី Joe Biden កំពុងរងការរិះគន់នៅក្នុងសភាអាមេរិកចំពោះវិបត្តិនៅអាហ្វហ្គានីស្ថាន នៅពេលដែលលោកបញ្ជាឲ្យដកកងទ័ពអាមេរិកចេញ នេះបើតាមការប្រាប់របស់មន្រ្តីនៅសេតវិមានកាលពីថ្ងៃព្រហស្បត្តិ៍។
សមាជិកព្រឹទ្ធសភាលោក Bob Menendez ប្រធានគណបក្សប្រជាធិបតេយ្យនៃគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាបាននិយាយនៅក្នុង Twitter ថា “កំឡុងពេលដែលយើងរង់ចាំព័ត៌មានលំអិតពីការវាយប្រហារនេះ ពួកយើងដាច់ខាតមិនព្រងើយចំពោះសុវត្ថិភាពប្រជាជនអាមេរិក ដោយឲ្យពួកជ្រុលនិយមតាលីបង់មកវាយប្រហារបានទៀតឡើយ” ។
តើលោក Biden ឆ្លើយតបយ៉ាងណា ថាតើការទម្លាក់គ្រាប់បែកនេះប៉ះពាល់ដល់ការជម្លៀសប្រជាជនអាមេរិក និងផែនការដកទ័ពនៅថ្ងៃទី៣១ ខែសីហា គឺមិនច្បាស់លាស់ទេ។
កិច្ចប្រជុំលើកដំបូងរវាងប្រធានាធិបតេយ្យ Biden និងនាយករដ្ឋមន្រ្តីថ្មីនៃប្រទេសអុីស្រាអែលលោក Naftali Bennett ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ ត្រូវបានពន្យារពេលមួយថ្ងៃ ហើយកិច្ចប្រជុំជាក់ស្តែងរវាងលោក Biden និងសមាជិករដ្ឋសភាដើម្បីពិភាក្សាអំពីការតាំងទីលំនៅជនភៀសខ្លួនអាហ្វហ្គានីស្ថានត្រូវបានលុបចោល។
លោក Biden ធ្លាប់ធ្វើការព្រមានតាលីបង់ថា អាមេរិកនឹងឆ្លើយតបដោយកម្លាំង ប្រសិនបើកិច្ចការការជម្លៀសពលរដ្ឋអាមេរិក និងប្រជាជនអាហ្វហ្គានីស្ថានត្រូវបានវាយប្រហារ។
"នៅពេលយើងអនុវត្តការចាកចេញនេះ យើងបានបញ្ជាក់យ៉ាងច្បាស់ចំពោះពួកតាលីបង់ថា ប្រសិនបើពួកគេវាយប្រហារក្រុមការងារជម្លៀស ឬរំខានដល់ការងារ នោះក្រុមទាហានការងាររបស់យើង នឹងប្តូរទៅជាទាហានវាយប្រហារវិញ។ យើងនឹងការពារប្រជាជនរបស់យើង បើចាំបាច់ត្រូវប្រើកម្លាំងទ័ពតបទៅវិញ" នេះបើតាមសម្តីរបស់លោក Biden កាលពីថ្ងៃទី១៦ ខែសីហានៅឯសេតវិមាន៕
អត្ថបទដកស្រង់ពី Aljazeera