តើតារា K-pop ណាខ្លះដែលបានពង្រីកទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងពិភពជំនួញ?
អានបន្តដើម្បីស្វែងយល់ទាំងអស់គ្នា…
Jaejoong
Kim Jae-joong គឺជាអតីតសមាជិកក្រុម TVXQ និងជាអ្នកចម្រៀង JYJ មានទ្រព្យសម្បត្តិប៉ាន់ស្មានប្រហែល 100 លានដុល្លារអាមេរិក ហើយត្រូវបានគេស្គាល់ដោយសារម៉ាកគ្រឿងសំអាងរបស់គាត់ដូចជា Kii និង Cafe J Holic។ លោក Kim បានពង្រីកអាជីវកម្មរបស់គាត់ដោយបើកហាង Kave Cafe នៅ Osaka ក្នុងឆ្នាំ 2019។ ទោះបីជាយ៉ាងណាក៏ដោយ អាជីវកម្មរបស់លោក Kim ក៏រងផលប៉ះពាល់ដោយជំងឺរាតត្បាតផងដែរ ព្រោះហាង Kave Cafe Osaka បានបិទទ្វាររបស់ខ្លួននៅក្នុងខែមិថុនាឆ្នាំនេះ ហើយមិនមានព័ត៌មានថ្មីៗនៅលើទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមផ្លូវការរបស់ខ្លួនចាប់តាំងពីឆ្នាំ 2019 មកម៉្លេះ។
G-Dragon
G-Dragon បានបង្កើតម៉ាកយីហោម៉ូដរបស់គាត់ Peaceminusone ក្នុងឆ្នាំ 2016។ Peaceminusone និង Nike ក៏បានសហការគ្នាបង្កើតស្បែកជើងប្រភេទ Air Force 1 ក្នុងឆ្នាំ 2019 ដែលគេហៅថា Para-noise។ តម្លៃលក់រាយរបស់ពួកគេ គឺប្រហែល 200 ដុល្លារអាមេរិក ប៉ុន្តែស្បែកជើងប្រភេទនេះ ត្រូវបានគេលក់ឡើងវិញក្នុងតម្លៃប្រហែល 10,950 ដុល្លារអាមេរិក ក្នុងឆ្នាំ 2020។
G-dragon ក៏ជាតារា K-pop ដំបូងគេដែលត្រូវបានចុះបញ្ជីនៅក្នុង Business of Fashion 500 ក្នុងឆ្នាំ 2015 សម្រាប់ការក្លាយជា "តារាល្បីបំផុតនៅអាស៊ី និងជាតារា paparazzi-hound" ។
Jessica Jung
Jessica Jung គឺជាអតីតសមាជិកក្រុម Girls' Generation នាងបានបើកភោជនីយដ្ឋានមួយឈ្មោះ Clareau កាលពីខែកុម្ភៈ ក្នុងឆ្នាំនេះ។ មានទីតាំងនៅ Cheongdam-dong ដែលជាសង្កាត់ដ៏សំបូរបែបនៃទីក្រុងសេអ៊ូល ភោជនីយដ្ឋាននេះ ផ្តល់ជូននូវម្ហូបបស្ចិមប្រទេសសហសម័យ។
Jin
Jin សមាជិកក្រុម BTS បានបើកភោជនីយដ្ឋានជប៉ុន Ossu Seiromushi ជាមួយបងប្រុសរបស់គាត់ Kim Seok-joong ក្នុងឆ្នាំ 2018 ។ ប៉ុន្តែ ដូចភោជនីយដ្ឋានជាច្រើនផ្សេងទៀត Ossu Seiromushi មិនអាចជៀសផុតពីជំងឺរាតត្បាតបានទេ។ នៅក្នុងកម្មវិធីវិទ្យុ Bae Cheol Soo's Music Camp ក្នុងខែកញ្ញា ឆ្នាំ 2020 Jin បានសារភាពថា បងប្រុសរបស់គាត់ "បានលក់ឡានរបស់គាត់ ដើម្បីរក្សាដំណើរការអាជីវកម្មរបស់គាត់ ដូច្នេះខ្ញុំព្រួយបារម្ភជាខ្លាំងពីការលំបាកទាំងនេះ" ដែលជំរុញឱ្យអ្នកគាំទ្រ BTS ជាច្រើន បានមកគាំទ្រភោជនីយដ្ឋានរបស់គាត់ និងបង្ហាញការគាំទ្ររបស់ពួកគេ។
Jay Park
Jay Park គឺជាស្ថាបនិក និងជានាយកប្រតិបត្តិនៃផលិតកម្ម AOMG និង H1ghr Music និងជាអតីតសមាជិកក្រុម 2PM ។ ក្នុងឆ្នាំ 2019 Park បានប្រកាសពីផែនការរបស់គាត់នៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តីតន្ត្រីអនឡាញរបស់កូរ៉េ Hiphople ដោយនិយាយថា គាត់សង្ឃឹមថានឹងចាប់ផ្តើមអាជីវកម្មម៉ាក Soju បន្ថែមទៀត។ ជាមួយនឹងក្តីសង្ឃឹមថា Soju នឹងមានការពេញនិយមទូទាំងពិភពលោក គាត់បានចែករំលែកនូវមហិច្ឆតារបស់គាត់នៅឆ្នាំ 2019 ក្នុងកម្មវិធី Talk Show Radio Star ដោយបាននិយាយថា គាត់ក៏គ្រោងនឹងចូលនិវត្តន៍ពី showbiz នៅឆ្នាំ 2022 ដើម្បីផ្តោតលើការបង្កើតក្រុមតារា K-pop និងចាប់ផ្តើមអាជីវកម្ម Soju ដែលគាត់បានដាក់ឈ្មោះថា Won Soju ៕
អត្តបទដកស្រង់ពី Lucy Jeong
បកប្រែនិងកែសម្រួលដោយ Mr. Blue