សិល្បករទាំងនេះបាននឹងកំពុងលើកឡើងប្រធានបទប្រឆាំងនឹងការមាក់ងាយជុំវិញជម្ងឺផ្លូវចិត្ត។ ខណៈពេលដែលប្រធានបទសុខភាពជម្ងឺផ្លូវចិត្តមិនសូវត្រូវបានគេលើកមកនិយាយច្រើននៅក្នុងប្រទេសមួយចំនួនក៏ដោយ ដោយឡែកបើងាកមកមើលនៅប្រទេសកូរ៉េខាងត្បូង ប្រធានបទនេះ គឺត្រូវបានចាប់អារម្មណ៍ច្រើន ដែលនៅឆ្នាំ ២០១៩ ប្រទេសនេះត្រូវបានចុះក្នុងចំណាត់ថ្នាក់ លេខ ៤ ក្នុងបញ្ជីប្រទេសដែលមានអត្រាធ្វើអត្តឃាតខ្លួនឯងខ្ពស់បំផុតនៅលើពិភពលោក។ កត្តារួមចំណែកដ៏ធំមួយចំពោះបញ្ហានេះ គឺទាក់ទងនឹងភាពតានតឹង និងសម្ពាធយ៉ាងខ្លាំង មានទៅលើនិស្សិត។ ការថែទាំសុខភាពផ្លូវចិត្តរបស់ពួកគេមិនសូវរឹងមាំនោះទេ បើប្រៀបធៀបទៅនឹងប្រទេសអភិវឌ្ឍន៍ដទៃទៀតដោយការសិក្សាកាលពីប៉ុន្មានឆ្នាំមុនបង្ហាញថា មានតែមនុស្ស ១៥.៣% ប៉ុណ្ណោះមានជម្ងឺផ្លូវចិត្តហើយទទួលបានការព្យាបាល។
ទាក់ទងនឹងបញ្ហាទាំងអស់នេះគេសង្កេតឃើញមានសិល្បករ K-Pop មួយចំនួនដែលបាន លើកឡើងអំពីការតស៊ូផ្ទាល់ខ្លួនរបស់ពួកគេទាំងនៅក្នុងជីវិតផ្ទាល់ខ្លួន ក៏ដូចជាតាមរយៈតន្រ្តី របស់ពួកគេ ដែលនេះជាកត្តាបានជួយឲ្យប្រធានបទនេះត្រូវបើកចំហពិភាក្សាដោយសេរីនៅក្នុងសហគមន៍។ ហើយនេះគឺជាបទចម្រៀងចំនួន ១០ ដែលកំពុងជួយឲ្យការសន្ទនានេះចាប់ផ្តើម។
1. “Paranoia” ដោយលោក Kang Daniel
Kang Daniel បាននិយាយថា អាល់ប៊ុមដែលមានចំណងជើងថា ”Paranoia” ស្ថិតនៅក្នុង អាល់ប៊ុម Yellow ផ្ទាល់ខ្លួនរបស់គាត់ហើយបទចម្រៀងនីមួយៗនៅក្នុងអាល់ប៊ុមត្រូវបានសរសេរដោយផ្អែកលើស្ថានភាពលំបាកជាក់លាក់មួយនៅក្នុងជីវិតរបស់គាត់។
“អត្ថន័យនៃបទគឺបង្ហាញពីអារម្មណ៍ដែលបង្កប់នូវភាពទុក្ខសោក និងការឃ្លាតឆ្ងាយ។ ដោយសារតែខ្ញុំកំពុងដោះស្រាយវិបត្តិនេះដែរ ខ្ញុំគឺចង់បង្ហាញវាដោយស្មោះត្រង់។ ខ្ញុំជឿថានេះគឺជាអារម្មណ៍ដែលមនុស្សគ្រប់រូបតែងតែជួបប្រទះ ប៉ុន្តែវាខុសគ្នាត្រង់ថា ស្ថានភាពនៃការគិតច្រើនដែលទាក់ទងនឹងសម្ពាធទាំងនោះ។ ខ្ញុំពិតជាមានមោនៈភាព ដែលខ្ញុំអាចបង្ហាញពីអារម្មណ៍ដែលខ្ញុំមានតាមរយៈតន្រ្តី។ មូលហេតុដែលខ្ញុំផ្តោតលើទិដ្ឋភាពងងឹតបែបនេះ គឺដោយសារតែមនុស្សភាគច្រើនមានការស្ទាក់ស្ទើរក្នុងការ លើកយករឿងនេះមកនិយាយ។ ខ្ញុំចង់បកស្រាយនិងរៀបរាប់ពីភាពទុក្ខព្រួយដែលមាននៅក្នុងខ្លួនខ្ញុំ និងបង្ហាញវាទៅអ្នកគ្រប់គ្នា។” Kang Daniel
ជាមួយនឹងទំនុកច្រៀងត្រង់កន្លែង “ការភ័យខ្លាចគ្មានទីបញ្ចប់ រាត្រីដ៏អាក្រក់ មិននៅជាមួយខ្ញុំនៅពេលនោះ ប៉ុន្តែពួកគេនៅទីនេះឥឡូវនេះ” និង “អ្នកអាចរត់បាន អ្នកអាចលាក់ខ្លួនបាន ប៉ុន្តែពួកគេតែងតែរកឃើញ រីករាលដាលយឺតៗនៅក្នុងបេះដូងអ្នក ពួកគេរស់នៅក្នុងភាពងងឹត” បទចម្រៀងនេះអាចត្រូវបានយល់យ៉ាងច្បាស់សម្រាប់អ្នកដែលជួបប្រទះបទពិសោធន៍ទាំងនេះ ហើយបានជំនះជាមួយភាពឯកោ និងសេចក្តីបារម្ភក្នុងជីវិតរបស់ពួកគេ ហើយតាមរយៈបទនេះ សង្ឃឹមថាពួកគេនឹងដឹងថាពួកគេមិននៅម្នាក់ឯងទេ។
2. “Borderline” ដោយកញ្ញា Sunmi
កាលពីចុងឆ្នាំមុន Sunmi បានទទួលស្គាល់ថា ៥ ឆ្នាំមុន នាងមានវិបត្តិទាក់ទងនៅនឹងជម្ងឺបម្រែបម្រួលបុគ្គលិកលក្ខណៈ ឬស្ថានភាពអារម្មណ៍មិននឹងនរ។ ទោះបីជានាងបានដោះស្រាយបញ្ហានេះក្នុងកម្រិតមួយក៏ដោយ ក៏ភាគច្រើនការធូរស្បើយនេះគឺបានមកពីការលេបថ្នាំដែល ចេញពីវេជ្ជបណ្ឌិតជាក់លាក់។ Borderline Personality Disorder (BDP) គឺជាជម្ងឺបុគ្គលិកលក្ខណៈបង្ហាញពីទំនាក់ទំនងមិនស្ថិតស្ថេរជាមួយអ្នកដទៃ និងឆាប់រងប្រតិកម្មអារម្មណ៍ខ្លាំងដែលស្ថានភាពនេះរួមបញ្ចូលគ្នានឹងការបាក់ទឹកចិត្ត និងក្តីបារម្ភឬមានកង្វល់ច្រើន។ ហើយតាមរយៈបទចម្រៀង “Borderline” នេះគឺបានឆ្លុះបញ្ជាំងផ្ទាល់ពីស្ថានភាពរបស់នាងតស៊ូជាមួយនឹងជម្ងឺនេះ។
ទំនុកច្រៀងត្រង់កន្លែងមួយបានលើកឡើងថា “ខ្ញុំមានអារម្មណ៍តក់ស្លុត ភ្នែក ដៃ សក់ហាក់ដូចមិននៅស្ងៀម ហើយពាក្យសម្តីជាច្រើនស្ថិតនៅពាសពេញកន្លែង ដូចមានអារម្មណ៍ថាមានសត្វបក្សីកំពុងរស់នៅក្នុងខួរក្បាលខ្ញុំចឹង”។ វាបានរៀបរាប់ពីអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងរបស់ Sunmi ដែលបានឆ្លងកាត់នឹងជម្ងឺផ្លូវចិត្តនេះ។ អ្នកគាំទ្រដែលធ្លាប់ជួបប្រទះនឹងវិបត្តិនេះដែលបាន និយាយថាវាពិតជាមានអំណាចខ្លាំងគ្របដណ្តប់លើសតិអារម្មណ៍របស់យើង ដូច្នេះហើយពួកគេយល់ពីអារម្មណ៍របស់ Sunmi នៅពេលដែលនាងបង្ហាញពីអាការៈរបស់នាងតាមរយៈ បទបង្ហាញនៅប្រទេសកូរ៉េខាងត្បូង។
3. “Holo” ដោយកញ្ញា Lee Hi
ខណៈពេលដែល “Holo” មើលទៅចំណងជើងដូចជាប្លែកសម្រាប់បទចម្រៀងរៀបរាប់អំពី ភាពឯកោពាក្យ “홀로” (“hollo”) បកប្រែថា “ម្នាក់ឯង” ជាភាសាកូរ៉េ។ អារម្មណ៍នៅម្នាក់ឯង និងភាពឯកោគឺជាអារម្មណ៍ដែលមនុស្សស្ទើរតែគ្រប់គ្នាមាននៅចំណុចណាមួយក្នុងជីវិតរបស់ពួកគេ ដែលនេះហើយជាអ្វីដែលអាចទាញ យកចំណាប់អារម្មណ៍អ្នករាល់គ្នាបាន ហើយវាក៏ជាមូលហេតុដែល Lee Hi សរសេរបទចម្រៀងនេះដំបូង។
“អារម្មណ៍ផ្ទាល់ខ្លួនរបស់ខ្ញុំនៅពេលដែលខ្ញុំគិតអំពីបទចម្រៀងនេះគឺវាបានលួងលោមចិត្តរបស់ខ្ញុំ។ នៅពេលខ្ញុំកំពុងច្រៀងវា ខ្ញុំសង្ឃឹមថា វាអាចលួងចិត្តដល់មនុស្សដែលឆ្លងកាត់រឿងជាច្រើន។ ថ្មីៗនេះមានភាពច្របូកច្របល់អ្នកដឹងទេ? ការលួងលោមគឺ មានតាមរយៈការស្តាប់ចម្រៀងនេះ តាមរយៈទំនុកច្រៀង និងអត្ថន័យរបស់វា ដែលនេះហើយគឺជាអ្វីដែលខ្ញុំចង់ចែករំលែកទៅខាងក្រៅ។ ខ្ញុំកំពុងគិតថា ភាពឯកោ គឺមិនមែនតែកើតឡើងនៅពេលអ្នកនៅម្នាក់ឯងនោះទេ គឺវាអាចកើតឡើងនៅពេល ដែលយើងនៅជាមួយអ្នកដទៃផងដែរ។ នៅពេលដែលអ្នកមានអារម្មណ៍ថាឯកោមិនថា អ្នកកំពុងនៅម្នាក់ឯង ឬក៏នៅជាមួយអ្នកដទៃក៏ដោយ អ្នកត្រូវតែព្យាយាមស្រលាញ់ខ្លួនឯង និងយល់ច្បាស់ពីខ្លួនឯងឲ្យបានច្រើន។” Lee Hi
ខណៈពេលទំនុកច្រៀងនិពន្ធចង់បង្ហាញពីភាពឯកោក៏ដោយ ក៏មានផ្នែកខ្លះដែលបានលើកទឹកចិត្ត និងផ្តល់កម្លាំងចិត្តឲ្យស្រលាញ់ និងធ្វើជាខ្លួនឯង។ ទំនុកច្រៀងក្នុងបទ “Holo” លើកឡើងថា “ខ្ញុំពិតជាមានតម្លៃណាស់ ដោយគ្រាន់តែមិនធ្វើអ្វីសោះហើយចាំតែព្រួយបារម្ភ ក្រឡកមើលទៅទុក្ខសោកខាងក្នុងជាមួយនឹងអារម្មណ៍ទទេស្អាត ហើយវាមិនអីទេក្នុងការធ្វើជាខ្លួនឯង” Lee Hi ច្រៀងនៅក្នុងបទចម្រៀង “Holo” ដែលបានលើកទឹកចិត្តអ្នកស្តាប់ទាំងទ្បាយដែលធ្លាប់ឈឺចាប់។
4. “Numb” ដោយក្រុម CIX
ខណៈពេលដែលមានចម្រៀងទោលច្រើនជាងអ្នកចម្រៀងជាក្រុម CIX គឺមិនខ្លាចនូវការបង្ហាញពីប្រធានបទប៉ះពាល់ដល់សុខភាពផ្លូវចិត្តដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺជាការត្រលប់មកវិញជាលើកដំបូងរបស់ក្រុមនេះបន្ទាប់ពីការសម្តែងលើកដំបូងរបស់ពួកគេជាមួយនឹងបទ “Numb” ។ តាមរយៈបទនេះដែរគឺបានរៀបរាប់និងបង្ហាញពីជីវិតជាស្សិត ដែលខិតខំប្រឹងប្រែងប្រកួតប្រជែងក្នុងសង្គម ដើម្បីភាពជោគជ័យ ដែលនេះគឺជាសម្ពាធសង្គមមួយកើតឡើងទៅលើយុវជននៅប្រទេសកូរ៉េខាងត្បូង។
“បទនេះបាននិយាយអំពីបញ្ហាផ្សេងៗដែលយុវជនបច្ចុប្បន្នកំពុងជួបប្រទះ។ តាមរយៈបទនេះដែរ គឺចង់ប្រាប់មនុស្សឲ្យមានក្តីសង្ឃឹម និងកុំចុះចាញ់នឹងជីវិត។” Yonghee (CIX)
“ឥឡូវនេះវាជាសង្រ្គាមនៅក្នុងថ្នាក់រៀន វាយតប់ជាមួយមិត្តភក្តិ វាយ! បង្ខំយើងជាមួយ នឹងការអប់រំជាមួយនឹងវិន័យតឹងរុឹង” ពួកគេច្រៀង។ ប៉ុន្តែបទចម្រៀងនេះក៏បានលើកទឹកចិត្តអ្នកស្តាប់កុំឲ្យដាក់គំណាបលើខ្លួនឯងពេក ដូចនឹងអ្វីដែលពួកគេបានលើកឡើងក្នុងបទចម្រៀងថា “បោះជំហានមួយហើយគិតថា វាដូចជាលើកដំបូង បើកភ្នែករបស់អ្នកដូចលើកដំបូង ស្រមៃនូវក្តីសុបិនរបស់អ្នកដូចលើកដំបូង” ។
5. “Wake Me Up” ដោយក្រុម B.A.P
“Wake Me Up” ត្រូវបាននិពន្ធដោយមេក្រុម B.A.P នោះគឺ Yongguk ដែលក្រុមនេះត្រូវបានរំសាយចោល ហើយនេះជាបទចម្រៀងត្រលប់មកវិញរបស់ពួកគេ បន្ទាប់ពីគាត់បានវិលត្រឡប់ពីការសម្រាកផ្ទាល់ខ្លួន ដោយសារតែបញ្ហាជម្ងឺភ័យតក់ស្លុត។ ទំនុកច្រៀងរៀបរាប់យ៉ាងរស់រវើកនូវអារម្មណ៍ដែលជាប់នៅក្នុងចិត្តរបស់ពួកគេ ហើយវីដេអូចម្រៀងបង្ហាញពីមនុស្សដែលតស៊ូជាមួយជំងឺផ្លូវចិត្តផ្សេងៗ។
បទចម្រៀងបង្ហាញពីភាពស្រងូតស្រងាត់ និងអស់សង្ឃឹមដោយមានទំនុកច្រៀងដូចជា “នេះគឺជាផ្លូវរូងក្រោមដីគ្មានទីបញ្ចប់ ក្នុងភាពងងឹតដោយគ្មានពន្លឺ ខ្ញុំត្រូវការស្វែងរកខ្លួនឯង” ប៉ុន្តែអត្ថន័យត្រូវបានបកស្រាយនឹងផ្លាស់ប្តូរទៅជាអ្វីដែលមានសង្ឃឹមជាងមុន “ឥឡូវនេះខ្ញុំកំពុងផ្តល់នូវអ្វីៗដែលខ្ញុំអាចធ្វើបាន ស្វែងរកការពិតដែលលាក់កំបាំង ដាស់ខ្លួនឯងឲ្យភ្ញាក់ឡើង ហើយបើកភ្នែក” ទំនុកច្រៀងនេះ ច្រៀងនៅជិតចុងបញ្ចប់នៃបទចម្រៀងដែលបញ្ជាក់យ៉ាង ច្បាស់ថាមិនថា លំបាកប៉ុណ្ណាទេអ្នកគួរតែមិនត្រូវបោះបង់នោះឡើយ។
6. “Zombie” ដោយក្រុម DAY6
DAY6 ត្រូវបានស្គាល់តាមរយៈការបង្ហាញនូវទំនុកច្រៀងច្បាស់ៗ និងស៊ីជម្រៅទៅនឹងជីវិតដែលកំពុងប្រយុទ្ធនឹងជម្ងឺផ្លូវចិត្តហើយ “Zombie” ក៏មិនខុសគ្នាដែរ។ អារម្មណ៍ហាក់ដូចជាអ្នកកំពុងឆ្លងកាត់សកម្មភាពដូចគ្នាជារៀងរាល់ថ្ងៃ ដោយគ្មានគោលបំណងពិតប្រាកដ គឺជាអារម្មណ៍មួយដែលមនុស្សជាច្រើនបានជួបប្រទះ ហើយនៅតែតស៊ូជាមួយ ជាពិសេសក្នុងកំឡុងពេលជំងឺរាតត្បាតកូវីដ១៩ ហើយក៏វាសាកសមបំផុតសម្រាប់ការចេញបទចម្រៀងក្នុងកំឡុងពេលនេះ។
"ខ្ញុំមានអារម្មណ៍ថា ខ្ញុំបានក្លាយជាខ្មោចឆៅ ដូចមិនមានជីវិតរស់ទេ ប៉ុន្តែខ្ញុំនៅតែដើរ នៅពេលថ្ងៃរះមកដល់ ហើយខ្ញុំនឹងរង់ចាំថាថ្ងៃនេះនឹងកន្លងផុតទៅ ហេតុអ្វី?" គឺជាពាក្យដែលច្រៀងនៅក្នុងបន្ទរនៃបទចម្រៀង ហើយខណៈពេលដែលមិនមានការបញ្ចប់ដោយភាពរីករាយ និងពោរពេញទៅដោយក្តីសង្ឃឹមក៏ដោយ ក៏បទចម្រៀងនៅតែដឹតដាមអារម្មណ៍អ្នកស្តាប់ថា ពួកគេមិនឯកោនោះទេក្នុងការជួបប្រទះអារម្មណ៍ប្រភេទនេះ។
7. “Dear Me” ដោយកញ្ញា Taeyeon
“Dear Me” គឺជាចម្រៀងដែលនិយាយអំពីការស្រលាញ់ខ្លួនឯង និងការផ្តល់សិទិ្ធអំណាចឲ្យ ខ្លួនឯងដែលផ្ទុយពីបទចម្រៀងខ្លះទៀត Taeyeon បានរៀបរាប់ពីការឆ្លងកាត់ស្ថានភាពជីវិតដូចជា រស់នៅក្នុងភាពងងឹតមួយ តែយ៉ាងណាមិញនៅពេលដែលចាកចេញពីភាពងងឹតនោះ នាងគឺកាន់តែរឹងមាំជាងមុន ហើយបន្តដំណើរជីវិតមួយនេះជាមួយនឹងកំលាំងចិត្តរបស់នាងផ្ទាល់។
មកពី “មើលមកខ្ញុំដែលស៊ូទ្រាំនឹងភាពងងឹតដ៏យូរអង្វែង ខ្ញុំមិនលាក់បាំងទៀតទេ ទោះបីពេលយប់មកដល់ម្តងទៀត ខ្ញុំនឹងនៅក្បែរខ្លួនឯង ស្រឡាញ់ខ្លួនឯងជឿជាក់លើខ្លួនឯងដែល ពាក្យទាំងនេះជាពាក្យសម្រាប់ខ្ញុំនិយាយទៅកាន់ខ្លួនឯង។” Taeyeon ហាក់ដូចជាបង្ហាញនូវភាព ជឿជាក់លើខ្លួនឯងនិងកម្លាំងខាងក្នុងរបស់នាងដែលអាចធ្វើឲ្យអ្នកស្តាប់មានអារម្មណ៍ធូរស្បើយបន្ទាប់ពីបានស្តាប់បទនេះហើយ។
8. “Streetlight” ដោយ Changbin ជាមួយ Bang Chan (Stray Kids)
“ Streetlight” គឺជាបទចម្រៀងដែលនិពន្ធដោយសមាជិកក្រុម Stray Kids ឈ្មោះ Changbin និង Bang Chan ដែលចែករំលែករឿងរ៉ាវរបស់មនុស្សម្នាក់ដែលកំពុងជួបប្រទះការឈឺចាប់ខាងអារម្មណ៍ ប៉ុន្តែលាក់ស្នាមញញឹមហើយធ្វើពុតជាមិនអី ដែលធ្វើការប្រៀបធៀបមនុស្សម្នាក់ទៅនឹងពន្លឺភ្លើងស្តុបបន្លឺតាមផ្លូវ។
“ពេលដែលអ្នកជួបនឹងបញ្ហាហើយទៅពិគ្រោះឬសុំយោបល់ពីនរណាម្នាក់ហើយ ទោះបីបុគ្គលនោះមិនអាចដោះស្រាយអ្វីគ្រប់យ៉ាងសម្រាប់អ្នកក៏ដោយ អ្នកគ្រាន់តែសម្រាក ហើយគិតអ្វីៗវិជ្ជមាន នោះអារម្មណ៍របស់អ្នកនឹងមានភាពធូរស្រាលច្រើន។ និយាយឲ្យត្រង់ទៅ នៅពេលដែលខ្ញុំសរសេរចម្រៀងនេះ គឺជាពេលមួយដែលខ្ញុំពិបាកចិត្តបំផុត ហើយមិនអាចប្រាប់អ្នកណាបាន ប៉ុន្តែខ្ញុំអាចបង្ហាញអារម្មណ៍ទាំងនោះតាមរយៈទំនុកច្រៀងនេះ ហើយខ្ញុំគិតថា ខ្ញុំបានចែករំលែកអារម្មណ៍មួយនេះទៅនរណាម្នាក់ ដែលវាធ្វើឲ្យខ្ញុំបានធូរស្បើយច្រើន។” Changbin
“បន្ទាប់ពីថ្ងៃឯកោបានកន្លងផុតទៅ ខ្ញុំគឺកំពុងឈរនៅលើអាកាស ហើយនៅពាក់កណ្ដាលយប់ដ៏ឯកោ ខ្ញុំនឹងញញឹម” គឺជាវិធីដែលគាត់ប្រៀបធៀបមនុស្សដែលលាក់បាំងអារម្មណ៍ តែគាត់នៅតែញញឹមដូចជាគ្មានរឿងអ្វីកើតឡើងសោះ។
9. “Mist” ដោយក្រុម ATEEZ
ATEEZ គឺជាក្រុមមួយផ្សេងទៀតដែលត្រូវបានគេស្គាល់ថា មិនរារែកពីការលើកឡើងពីសារៈសំខាន់នៃការថែរក្សាសុខភាពផ្លូវចិត្តរបស់មនុស្សម្នាក់ដោយបទ “Mist” ដើរតួជាចំរៀង ពន្យល់ពីអារម្មណ៍ឈឺចាប់របស់មនុស្សម្នាក់ឆ្លងកាត់ នៅពេលដែលគាត់មានអារម្មណ៍ភ័យខ្លាច ហើយគិតថា តើការជ្រើសរើសផ្លូវមួយនេះត្រឹមត្រូវដែរឬអត់សម្រាប់ជីវិតរបស់គាត់។
ជាសមាជិកក្រុម B-sides, “Mist” មិនសូវផ្តោតសំខាន់ទៅលើអ្នកចម្រៀងនោះទេ ប៉ុន្តែសារសំលេងរៀបរាប់តាមរយៈទំនុកច្រៀងរបស់ពួកគេគឺវាជាអ្វីដែលអ្នកទាំងអស់គ្នាគួរតែលឺ។ “ប្រសិនបើ ប្រសិនបើ ប្រសិនបើវាមានជម្រើសផ្សេង” ពួកគេច្រៀង! ដោយបញ្ជាក់ ពីការសង្ស័យថា ការព្រួយបារម្ភរបស់ពួកគេនឹងមិនកើតមានទេ ប្រសិនបើពួកគេបានជ្រើសរើស ផ្លូវផ្សេងទៀត “ដូច្នេះសូមប្រាប់ខ្ញុំថាមិនអីទេ កុំបារម្ភអី” ហើយទោះយ៉ាងណាការចុះអ័ព្ទនឹង រលាយបាត់ទៅ នៅពេលដែលព្រះអាទិត្យរះនៅថ្ងៃបន្ទាប់។
10. “The Last” ដោយ Agust D
នៅចុងបញ្ចប់នៅលើតារាងបទចម្រៀងដែលរៀបរាប់អំពីបញ្ហាជម្ងឺផ្លូវចិត្តគឺ មិនអាចខ្វះបាននោះទេនូវស្នាដៃបទចម្រៀងរបស់ August D, “The last”។ Agust D ឬ Suga ដូចដែលគាត់ត្រូវបានគេស្គាល់ជាសមាជិកនៅក្នុងក្រុម BTS បានរៀបរាប់ដោយស្មោះត្រង់អំពីការតស៊ូប្រឆាំង នឹងជម្ងឺធ្លាក់ទឹកចិត្ត ហើយគាត់បានប្រាប់ថា គាត់ធ្លាប់ព្យាយាមធ្វើអត្តឃាតខ្លួនឯងទៀតផង។ បទចំរៀង “The last” គឺបង្ហាញពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់គាត់ ដែលខំរស់នៅជាមួយនូវ ភាពអស់សង្ឃឹម អស់ទំនុកចិត្ត និងស្អប់ខ្លួនឯង។
តាមរយៈបទចម្រៀងទាំងមូល គឺវាមិនអាចទៅរួចទេដែលយើងអាចសង្ខេបឲ្យបានខ្លី បង្ហាញតែពីរបីជួរអត្ថបទ ដូចនេះហើយប្រសិនបើអ្នកមិនធ្លាប់ស្តាប់បទនេះ ឬយ៉ាងហោចណាស់បានអានទំនុកច្រៀងរបស់វា អ្នកច្បាស់ជាមិនចំណាយពេលអត់ប្រយោជន៍នោះទេ ដើម្បីទទួលបានសារពីបទចម្រៀងនេះ។
អត្ថបទដកស្រង់ពី Koreaboo
បកប្រែ និងកែសម្រួលដោយ កញ្ញា សូផាត