“ភាពច្នៃប្រឌិតអាចកើតឡើងតែនៅកន្លែងណាដែលអ្នកអាចដកដង្ហើមបានដោយសេរីតែប៉ុណ្ណោះ”។ “ភាពបរាជ័យនៅចំណុចខ្លះនៅក្នុងជីវិតរបស់អ្នកគឺមិនអាចគេចផុតបានទេ ប៉ុន្តែការបោះបង់ចោល3 គឺជារឿងដែលមិនអាចលើកលែងឲ្យបាន”។ នេះគឹពាក្យសម្តីដ៏ពោរពេញទៅដោយអត្ថន័យ និងខ្លឹមសាររបស់លោក ចូ បាយដឹន។ តើ ចូបាយដឹន ជានរណា? សូមទស្សនាវីដេអូនេះទាំងអស់គ្នា!
វ័យកុមារភាព និង ការសិក្សា
លោក ចូ បាយដឹន កើតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅស្ក្រែនតុន រដ្ធ ផេនស៊ីលវែនៀ។ លោកជាកូនច្បងក្នុងចំណោមកូនបួននាក់នៅក្នុងគ្រួសារវណ្ណៈកណ្តាលមួយ តែលោកជាក្មេងនិយាយត្រដឹត។ តែទោះជាយ៉ាងណាក៏ដោយ លោកបានព្យាយាមក្រោកឈរដោយខ្លួនឯង ហើយជាពិសេសលោកតែងតែទទួលបានការជម្រុញលើកទឹកចិត្តពីឪពុកម្តាយរបស់លោកជានិច្ច។ លោកបានចូលរៀន នៅសាលា អាចឆ្មែរ អឹខែដឹមី នៅខ្លេមុន ហើយបានបញ្ចប់ការសិក្សាក្នុងឆ្នាំ ១៩៦១។ គាត់ជាសិស្សមធ្យម ប៉ុន្តែគាត់មានគុណសម្បត្តិនៃភាពជាអ្នកដឹកនាំតាំងពីក្មេង ហើយគាត់ត្រូវបានជ្រើសរើសឲ្យធ្វើជាប្រធានថ្នាក់រហូតនៅក្នុងកំឡុងពេលនៃការសិក្សា។ ម្យា៉ងវិញទៀត កុមារ បាយដឹន ក៏ជាក្មេងមានទេពកោសល្យខាងបាល់ទាត់ផងដែរ។ បន្ទាប់មកគាត់បានទៅសាកលវិទ្យាល័យ ដេឡាវែរ ជាកន្លែងដែលគាត់បានសិក្សាប្រវត្តិសាស្រ្ត និងវិទ្យាសាស្ត្រនយោបាយ ហើយបន្តលេងបាល់ទាត់។ អំឡុងពេលរៀនដំបូងនៅមហាវិទ្យាល័យ គាត់មានចំណាប់អារម្មណ៍ក្នុងការចូលរួមនៅក្នុងកិច្ចការសង្គម។ គាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ដេឡាវែរ ក្នុងឆ្នាំ១៩៦៥ និងបន្ទាប់មកគាត់បានចូលរៀន និងបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតពីសាលាច្បាប់នៃសាកលវិទ្យាល័យ ស៊ីរ៉ាខ្យូស ក្នុងឆ្នាំ១៩៦៨។
ជីវិតស្នេហា និង គ្រួសារ
ជីវិតស្នេហា និងគ្រួសាររបស់លោក បាយដឹន គឺមិនសូវសមប្រកបទេ។ នៅថ្ងៃទី27 ខែសីហា ឆ្នាំ1966 លោកបានរៀបការជាមួយ នាង ណីលៀ ហាន់ធឺ នៅក្នុងកំឡុងពេលដែលលោកនៅជានិស្សិតនៅសាកលវិទ្យាល័យ ស៊ីរ៉ាខ្យូស។ តែជាអកុសល ប្រពន្ធនិងកូនស្រីដែលទើបតែអាយុ ១ឆ្នាំ របស់លោកបានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ នៅពេលដែលពួកគេកំពុងដើរទិញឥវ៉ាន់ក្នុងកំឡុងពេលបុណ្យណូអែលនៅក្នុងទីក្រុង ហុកកេស៊ីន រដ្ឋធ ដេឡាវែរ ក្នុងឆ្នាំ ១៩៧២ ហើយកូនប្រុស ហាន់ធឺ និង បូ បានរងរបួសយ៉ាងធ្ងន់ធ្ងរនៅក្នុងគ្រោះថ្នាក់ចរាចរណ៍នោះ។ បន្ទាប់មកកូនប្រុសច្បងរបស់លោកក៏បានស្លាប់ទៀតដោយសារជំងឺមហារីកខួរក្បាលក្នុងឆ្នាំ២០១៥។ ក្នុងឆ្នាំ១៩៧៧ លោកបានរៀបការម្តងទៀតជាមួយអ្នកគ្រូបង្រៀន ជីល ចាកូបស៍ ហើយទទួលបានបុត្រីម្នាក់ គឺនាង អាស្លេ ប្លាហ្សឺ បាយដឹន។
ជីវិតការងារ និងការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី
ក្រោយពីបានបញ្ចប់ការសិក្សាខាងច្បាប់មក លោកមានចំណាប់អារម្មណ៍លើនយោបាយ។ លោកបានចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ហើយបានចូលប្រឡូកក្នុងឆាកនយោបាយ។ គាត់បានឈ្នះការបោះឆ្នោតព្រឹទ្ធសភាសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៧២ ក្នុងនាមជាអ្នកតំណាងនៃរដ្ធ ដេឡាវែរ ប្រឆាំងនឹងគណបក្សសាធារណរដ្ធ នៅពេលគាត់មានអាយុ ២៩ឆ្នាំ ហើយបានក្លាយជាសមាជិកព្រឹទ្ធសភាវ័យក្មេងជាងគេបំផុតទី៥របស់ប្រទេស។ លោកបានបម្រើការងារនៅក្នុងរដ្ធនេះ អស់រយៈពេល ៣៦ឆ្នាំ។ ជាអកុសលសោកនាដកម្មក្នុងគ្រួសារបានគំរាមបញ្ចប់អាជីពរបស់គាត់ ប៉ុន្តែគាត់បានតស៊ូដោយក្លាហាន ហើយបានស្បថចូលកាន់តំណែងនៅថ្ងៃទី៥ ខែមករា ឆ្នាំ១៩៧៣។ ជាចុងក្រោយគាត់បានក្លាយជាសមាជិកព្រឹទ្ធសភាដ៏មានប្រជាប្រិយភាពម្នាក់ ហើយបានកំណត់មហិច្ឆតារបស់គាត់ឱ្យខ្ពស់ជាងមុន។ ពីឆ្នាំ១៩៨៧ ដល់ឆ្នាំ១៩៩៥ លោកបានបម្រើការនៅក្នុងគណៈកម្មាធិការតុលាការ និងធ្វើជាប្រធានគណៈកម្មាធិការ។ នៅឆ្នាំ១៩៨៨ គាត់ធ្លាប់បានប្រកាសឈរឈ្មោះជាបេក្ខភាពប្រធានាធិបតី តែត្រូវបរាជ័យ ហើយនៅឆ្នាំ២០០៧ គាត់បានឈរឈ្មោះម្តងទៀត តែនៅតែបរាជ័យ។ នៅថ្ងៃទី២០ ខែមករា ឆ្នាំ ២០០៩ នៅពេលលោក អូបាម៉ា បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៤ របស់សហរដ្ធអាមេរិក លោក បាយដឹន ត្រូវបានតែងតាំងឲ្យធ្វើជាអនុប្រធានាធិបតីទី៤៧។ ក្នុងនាមជាអនុប្រធានាធិបតី លោក បាយដឹន បានជួយធ្វើឲ្យមានស្ថេរភាពសេដ្ធកិច្ចរបស់អាមេរិក ក្នុងកំឡុងពេលវិបត្តិសេដ្ធកិច្ចពិភពលោក។ នៅក្នុងឆ្នាំ២០១២ ដោយសារតែភាពជោគជ័យនៅក្នុងការដឹកនាំប្រទេស លោក អូបាម៉ា និងលោក បាយដឹនបានជាប់ឆ្នោតម្តងទៀតនៅក្នុងការបោះឆ្នោត។ នៅឆ្នាំ២០១៩ លោក ចូ បាយដឹន បានប្រកាសពីការដេញថ្លៃរបស់គាត់សម្រាប់បេក្ខភាពប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតឆ្នាំ២០២០។ នៅឆ្នាំ២០២០ គាត់ត្រូវបានជ្រើសរើសជាបេក្ខភាពសន្មតរបស់គណបក្សប្រជាធិបតេយ្យសម្រាប់ការបោះឆ្នោតប្រធានាធិបតី។ លោក ចូ បាយដឹន បានជ្រើសរើសលោកស្រី កាម៉ាឡា ហារីស ជាបេក្ខជនអនុប្រធានាធិបតីរបស់គាត់ ហើយបានយកឈ្នះលោក ដូណាលដ៍ ត្រាំ។ លោកបានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ធអាមេរិក នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ នៅអាយុ ៧៨ឆ្នាំ។
ស្នាដៃនៅក្នុងការងារ
លោក Joe Biden បានទទួលសញ្ញាបត្រកិត្តិយសពីស្ថាប័នល្បីៗជាច្រើនរួមមាន ពីសាកលវិទ្យាល័យ ស្រ្កែនតុន ក្នុងឆ្នាំ១៩៧៦ ពីសាកលវិទ្យាល័យ សាំង ចូសេហ្វ ក្នុងឆ្នាំ១៩៨១ ពីសាលាច្បាប់នៃសាកលវិទ្យាល័យ វាយដឹនឺ ក្នុងឆ្នាំ២០០០ ពីមហាវិទ្យាល័យ អែមឺសុនក្នុងឆ្នាំ២០០៣ និងពីសាកលវិទ្យាល័យ ដេឡាវែរ ក្នុងឆ្នាំ ២០០៤។ បន្ទាប់មកទៀតក្នុងឆ្នាំ២០០៥ គាត់បានទទួលមេដាយ ចច អារែនត៍ ផាយអឹនា ដែលជាពានរង្វាន់អតីតនិស្សិតខ្ពស់បំផុតរបស់ សាកលវិទ្យាល័យ ស៊ីរ៉ាខ្យូស "សម្រាប់ឧត្តមភាពក្នុងកិច្ចការសាធារណៈ" ។ ហើយលោកក៏បានទទួលពានរង្វាន់ មេដាយសេរីភាពមាស (Golden Medal of Freedom) ពីកូសូវ៉ូផងដែរក្នុងឆ្នាំ២០០៩ សម្រាប់ការគាំទ្រសំលេងរបស់គាត់ចំពោះឯករាជ្យភាពរបស់ពួកគេនៅចុងទសវត្សរ៍ឆ្នាំ 1990 ៕
អត្ថបទដោយ៖ ម៉ៅ គុយដង់