Jessi stole the stage! កាលពីយប់ថ្ងៃទី០៣ ខែវិច្ឆិកា កន្លងទៅនេះតារា K-pop Jessi បានមកចូលរួមការប្រគំតន្រ្តីជាលើកដំបូងនៅក្នុងប្រទេសកម្ពុជាដែលរៀបចំឡើងដោយស្រាបៀថៃហ្គ័រនៅក្នុងការប្រគំតន្រ្តីដំណាច់ឆ្នាំ Year of the tiger នៅឯសាលមហោស្រពកោះពេជ្រជាមួយនឹងការចូលរួមពីកំពូលតារាចម្រៀងដ៏ល្បីៗនៅក្នុងប្រទេសកម្ពុជាជាច្រើននាក់ទៀតដូចជាលោកជីដេវីត កញ្ញាតី ក្រុមក្មេងខ្មែរ ក្រុម CG MOVEMENT និងក្រុម Klapyahandz ជាដើម។ Jessi បានឆក់ទាញបេះដូងប្រជាជនកម្ពុជាបានយ៉ាងងាយស្រួលជាមួយនឹងភាពក្លៀវក្លា និងភាពរួសរាយរាក់ទាក់របស់នាងដោយនាងបាននិយាយសំណេះសំណាលជាច្រើនទៅកាន់អ្នកគាំទ្ររបស់នាងដោយពាក្យសាមញ្ញៗបែបចេញពីអារម្មណ៍ពិត និងបានចុះទៅក្រោមឆាកថតជាមួយអ្នកគាំទ្រនៅជួរមុខនិងអ្នកបានទៅទទួលនាងនៅ Airport ទៀតផង។
ថ្វីបើមានភ្លៀងធ្លាក់បន្តិចមែនតែ Jessi នៅតែមានទឹកចិត្ត ក្តីស្រលាញ់ ថាមពលពេញបឹបសម្តែងជូនអ្នកគាំទ្ររបស់នាងទស្សនាយ៉ាងកក្រើកឆាកតែម្តងជាមួយនឹងបទចម្រៀងកំពូលៗរបស់នាងទាំង៥បទដែលមានដូចជា NuNu NaNa, Cold Blooded, What type of x, What Date B និងZoom in Zoom out។ Jessi ក៏បានចែករំលែកសារទៅកាន់នារីៗបន្ទាប់ពីសំដែងបទ Cold blooded ទៀតថា អ្នកត្រូវតែក្លាហានបញ្ចេញមតិក្រោកឈរដើម្បីខ្លួនអ្នកទើបអ្នកមិនទទួលរងនូវការគាបសង្កត់។ មិនតែប៉ុណ្ណោះ Jessi ក៏បាននិយាយបន្ថែមទៀតថានាងក៏ចង់ត្រលប់មកប្រទេសកម្ពុជាម្តងទៀតនៅក្នុងការប្រគំតន្ត្រីក្រោយៗទៀត។ គួរបញ្ជាក់ផងដែរ Jessi ក៏បានជ្រើសរើសការប្រគំតន្រ្តីនៅក្នុងប្រទេសកម្ពុជាមួយនេះដាក់ចូលទៅក្នុងខ្សែភាពយន្ត Documentary និយាយពីជីវិតពិតរបស់នាងថែមទៀតសំរាប់នាពេលខាងមុខដែលនឹងត្រូវចាក់បញ្ចាំងឡើងនៅលើទូរទស្សន៍ APPLE TV ។