កាលពីពេលថ្មីៗនេះ ព្រះនាង Jenna Norodom បានយាងចូលរួមក្នុងកម្មវិធីមួយនៅលើទូរទស្សន៍ជាតិ CCTV របស់ប្រទេសចិន ដែលមានឈ្មោះថា«ភាពស្រស់ស្អាតនៃការចុះសម្រុងគ្នា» រឺហៅថា«The Beauty Of Shared Arts»។ នៅក្នុងកម្មវិធីនោះផងដែរ ព្រះនាងបានយាងបកស្រាយចំរៀងខ្មែរមួយបទ មានចំណងជើងថា «មាគ៌ាអង្គរ» ជាស្នាដៃរបស់លោក Sophann Darachoeun ដោយលោកបានបញ្ជាក់ថាបទនេះមានសរុបទាំងអស់៥ល្បះ តែព្រះនាងបានលើកយកបកស្រាយត្រឹមតែ៣ល្បះប៉ុណ្ណោះដើម្បីអោយសក្តិសមទៅនឹងកម្មវិធី។
ខណៈអមជាមួយនឹងការបកស្រាយចំរៀងរបស់ព្រះនាងផងដែរ ក៏មានការចូលរួមសម្តែងរបាំពិសេសពីក្រុមរបាំនៃសាលារបាំនរោត្តមបុប្ផាទេវី ក្រោមកិច្ចដឹកនាំរបស់ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ តេសូផងដែរ។ ទន្ទឹមនឹងនេះផងដែរ ព្រះនាងក៏បានបន្តយាងបកស្រាយចំរៀងចិនមួយបទទៀតរួមគ្នាជាមួយប្អូនៗកុមារជនជាតិចិនដែលមានចំណងជើងថា«ផឹកទឹកទន្លេប្រភពតែមួយ» រឺជាភាសាអង់គ្លេស «Co-nourished by the Lancang-Mekong River»។
ក្រោយមកទៀត ទ្រង់បានចូលរួមផ្តល់បទសម្ភាសន៍ពិសេសនៅក្នុងកម្មវិធីនោះ ដោយបានឆ្លើយទៅនឹងសំនួរដែលមានរៀបរាប់ទាក់ទងពី«ប្រាសាទកម្ពុជា» និងអត្ថន័យនៃ«របាំខ្មែរ» ក៏ដូចជាបានបង្ហាត់បង្ហាញពីរបៀបរាំដល់ប្រជាពលរដ្ឋចិនបានស្តាប់ និងរៀនសូត្រតាម។
គួរបញ្ជាក់ផងដែរ ព្រះនាងជេនណា មានគោរម្យងារផ្លូវការថា ព្រះអង្គម្ចាស់ក្សត្រិយ៍ នរោត្តម ជេនណា ត្រូវជាព្រះរាជនត្តា (ចៅស្រី) របស់សម្តេចនរោត្តម សីហនុ និងជាព្រះភាគិនេយ្យា (ក្មួយស្រី) របស់ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។