កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមចម្រៀងកូរ៉េ Enhypen បានប្រកាសធ្វើការប្រគំតន្រ្តី World Tour ដែលមានឈ្មោះថា Manifesto Tour នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយក្នុងនោះមានទីក្រុងម៉ានីលនៃប្រទេសភីលីពីន និងទីក្រុងបាងកកនៃប្រទេសថៃផងដែរ។ នៅក្នុងការប្រគំតន្រ្តីនៅប្រទេសថៃដែលនៅថ្ងៃទី២៨ និងទី២៩ ខែមករា រយៈពេល២យប់នៃការប្រគំតន្រ្តីដ៏កក្រើកអស្ចារ្យនៅក្នុង Impact Arena, Jay ដែលជាសមាជិកម្នាក់របស់ក្រុម Enhypen បានធ្វើអោយអ្នកគាំទ្រកម្ពុជាដែលបានទៅទស្សនាផ្ទាល់នៅទីនោះ បានស្រែកហៅឈ្មោះរបស់គេថា«កែវវិចិត្រ»យ៉ាងកងរំពងទៅវិញ។
រូបភាពវិដេអូមួយនោះត្រូវបានចែករំលែកបន្តគ្នានៅលើបណ្តាញសង្គមធ្វើអោយអ្នកលេងនៅលើប្រព័ន្ធអ៊ីនធឺណែតមានការហួសចិត្តអស់សំណើចយ៉ាងខ្លាំង ព្រោះប្រជាប្រិយភាពរបស់ Jay នៅកម្ពុជាសុទ្ធតែធ្លាប់បានធ្វើអោយនរណាក៏បានដឹងរួចមកហើយថារូបរបស់តារាចម្រៀងកូរ៉េរូបនេះមានមុខមាត់ស្រដៀងទៅនឹងលោក កែវវិចិត្រ ដែលជាស្វាមីរបស់អ្នកលក់អនឡាញដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសមានឈ្មោះថា ចែយូរ៉ា។
គួររំលឹកផងដែរកាលពីថ្ងៃទី១ ខែកុម្ភៈកន្លងទៅនេះ ចែយូរ៉ាក៏ទើបតែបានបញ្ចេញប្រតិកម្មទៅលើរឿងរ៉ាវមួយនេះផងដែរ ដោយអ្នកនាងបានបង្ហោះរូបស្វាមី និងខ្លួនឯងកាន់នូវដបផលិតផលរបស់ខ្លួនព្រមជាមួយនឹងខ្លឹមសារខេបសិនថា«Jay កូរ៉េណា តិចថា Copy នៅខ្មែរ ធ្វើ BA អោយប្រេនចែយូរ៉ា»។ ជុំវិញនូវរឿងរ៉ាវមួយនេះបានក្លាយទៅជាភាពកំប្លែងមួយដ៏ចម្លែកនិងធ្វើអោយអ្នកគាំទ្រកម្ពុជានៅតែចងចាំមុតមាំថាលោកកែវវិចិត្រ និង Jay ពិតជាមានមុខមាត់ស្រដៀងគ្នាពិតមែន។ យ៉ាងណាមិញផងដែរការប្រគំតន្រ្តីរបស់ Enhypen នឹងបន្តនៅក្នុងទីក្រុងម៉ានីលនៅឯ SM Mall of Asia Arena នៅថ្ងៃទី៤ និងទី៥ ខែកុម្ភៈផងដែរ។ គួរបញ្ជាក់ផងដែរក្រុមចម្រៀង Enhypen ត្រូវបានចាប់ផ្តើមចេញផ្សាយដំបូងនៅក្នុងឆ្នាំ២០២០ រយៈពេលទើបតែប៉ុន្មានឆ្នាំមុននេះទេ។