តារាសម្តែង James Franco បានសារភាពថា បានរួមភេទជាមួយសិស្សមកពីសាលាសម្ដែងរបស់គាត់ ជិត 4 ឆ្នាំមកហើយ បន្ទាប់ពីការចោទប្រកាន់ពីបទបំពានផ្លូវភេទត្រូវបានធ្វើឡើង។ តារាសម្តែងវ័យ 43 ឆ្នាំរូបនេះ បានយល់ព្រមបង់ប្រាក់ចំនួន 2.2 លានដុល្លារ ក្នុងខែកក្កដា បន្ទាប់ពីត្រូវបានប្តឹងពីបទ "មានអាកប្បកិរិយាផ្លូវភេទចំពោះនិស្សិតស្រី" ។
ថ្លែងក្នុងកម្មវិធី The Jess Cagle Podcast គាត់បាននិយាយថា ពេលកំពុងបង្រៀនគាត់បាន “ដេកជាមួយសិស្ស ហើយវាជារឿងខុសឆ្គង”។ គាត់បានបន្ថែមថា គាត់មិនបានចាប់ផ្តើមសាលា ដើម្បីល្បួងស្ត្រីក្នុងគោលបំណងផ្លូវភេទនោះទេ។ Franco បានទទួលពានរង្វាន់ជាតួសម្តែងល្អបំផុតនៅ Oscars ក្នុងឆ្នាំ 2011 សម្រាប់តួសម្តែងរបស់គាត់ក្នុងរឿង 127 Hours ដែលដឹកនាំដោយ Danny Boyle ហើយត្រូវបានគេស្គាល់ផងដែរ សម្រាប់តួអង្គរបស់គាត់នៅក្នុងខ្សែភាពយន្ត Pineapple Express និង Spider-Man ។
តារាសម្ដែងរូបនេះបាននិយាយថា លោកបាននៅស្ងៀមជុំវិញការចោទប្រកាន់ទាក់ទង នឹងសាលារបស់គាត់ជាច្រើន ឆ្នាំមកហើយព្រោះ “ មានអ្នកមិនសប្បាយចិត្តនឹងខ្ញុំហើយខ្ញុំត្រូវការស្តាប់ពីវា”។ Sarah Tither-Kaplan និង Toni Gaal ដែលបានចូលរៀននៅសាលាសំដែង Studio 4 បានចោទប្រកាន់ថា Franco បានព្យាយាម "បង្កើតក្រុមស្ត្រីវ័យក្មេងជាច្រើនរូប ដែលត្រូវបានទទួលរងនូវការកេងប្រវ័ញ្ចផ្លូវភេទ និងវិជ្ជាជីវៈរបស់គាត់ ក្នុងគោលបំណងខាងការអប់រំ" ។
បណ្តឹងបានដាក់នៅ Los Angeles ក្នុងឆ្នាំ 2019 បានចោទប្រកាន់ថា គាត់បានរំលោភលើតួនាទីការងាររបស់គាត់ និងធ្វើឱ្យបាត់បង់ឱកាសសម្រាប់តួនាទីនៅក្នុងខ្សែភាពយន្តរបស់គាត់។ ក្នុងករណីនេះនិស្សិតបានអះអាងថា ពួកគេជាជនរងគ្រោះនៃការឆបោកប្រាក់សម្រាប់សាលាសម្ដែងខណៈកំពុងទទួលរងនូវការគំរាម កំហែង ផ្លូវភេទ។
នៅពេលការចោទប្រកាន់បានលេចឡើងជា លើកដំបូងលោក Franco បាននិយាយថា ការចោទប្រកាន់ទាំងនោះមិនត្រឹមត្រូវទេ។ ប៉ុន្តែនៅទីបំផុត ការបង់ប្រាក់ត្រូវបានធ្វើឡើងដល់កញ្ញា Tither-Kaplan និងកញ្ញា Gaal ក៏ដូចជាសិស្សផ្សេងទៀតដែលបានដាក់ពាក្យបណ្តឹង។ នៅក្នុងការដកស្រង់ចេញពី podcast ដែលបានផ្សព្វផ្សាយជាសាធារណៈកាលពីថ្ងៃពុធ Franco បាននិយាយថា គាត់បានជាសះស្បើយពីការញៀនផ្លូវភេទតាំងពីឆ្នាំ 2016 ហើយ "បានធ្វើការងារជាច្រើន" បន្ទាប់ពីការចោទប្រកាន់ប្រឆាំងនឹងគាត់។
អត្ថបទដកស្រង់ពី BBC
បកប្រែនិងកែសម្រួលដោយ Mr. Blue