BeeTube News

...
ហេតុអ្វីបានជាទីក្រុងវ៉ាស៊ីនតោនបង្កើនអាវុធធុនធ្ងន់សំរាប់អ៊ុយក្រែន អ៊ុយក្រែនស្វែងរកការចរចាដើម្បីជម្លៀសមនុស្សចេញពី Mariupol បន្ទាប់ពីឱសានវាទស្លាប់ឬរស់ផុតកំណត់ដាក់ចេញដោយរុស្សី រុស្សីបដិសេធបទឈប់បាញ់គ្នាសំរាប់ការជម្លៀសជនស៊ីវិលនៅក្នុងពិធីបុណ្យEastern សមរភូមិនៅ Donbas នឹងអូសបន្លាយនិងពោរពេញដោយថ្លុកឈាម អាមេរិក អង់គ្លេស កាណាដា អះអាងថានឹងផ្តល់កាំភ្លើងធំដល់អ៊ុយក្រែន សភារុស្សី៖​ Finland ចូលរួមជាមួយNATOមានន័យថាបំផ្លាញប្រទេសខ្លួនឯង UNព្យួររុស្សីពីអង្គការសិទ្ធមនុស្ស,មូស្គូបានចាកចេញពីក្រុមប្រឹក្សារសិទ្ធមនុស្ស អាមេរិកនិយាយថាចិនអាចនឹងប្រឈមទៅនឹងទណ្ឌកម្មបើសិនជាគាំទ្ររុស្សីក្នុងសង្រ្គាមអ៊ុយក្រែន Zelensky ប្រាប់ UN សូមចាត់វិធានការជាបន្ទាន់លើរុស្សី ឬក៏រំលាយ UN ចោល អាមេរិក,អង់គ្លេស,អូស្ត្រាលី សហការគ្នាក្នុងការផលិតអាវុធលឿនជាងសម្លេង
Home ព័ត៌មានថ្មីៗ

ដំណើរនៃភាពជោគជ័យរបស់ ជែក ដូសេ (Jack Dorsey) ស្ថាបនិក របស់ Twitter

ថ្ងៃពុធ, 15 ខែមិថុនា 2022 16:43  វេទិកាជោគជ័យ

ជែក ដូសេ (Jack Dorsey) គឺជាពាណិជ្ជករជនជាតិអាមេរិកាំង ហើយជាសហស្ថាបនិករបស់ Twitter ។ Twitter គឺជាសេវាបណ្តាញទំនាក់ទំនងសង្គមអនឡាញ ដែលអាចឲ្យអ្នកប្រើប្រាស់អាចផ្ញើនិងអានសារខ្លីៗដែលហៅថា “Tweets” ហើយវាបានក្លាយទៅជា គេហទំព័រមួយក្នុងចំណោមគេហទំព័រទាំង១០ ដែលមានអ្នកចូលទស្សនាច្រើនជាងគេបំផុតនៅលើពិភពលោក។ ដូសេ (Dorsey) ផងដែរក៏ជាស្ថាបនិករបស់ “Square, Inc” ឬ “Block, Inc” ដែលជាក្រុមហ៊ុនខាងសេវាកម្មហិរញ្ញវត្ថុ និងការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថលរបស់អាមេរិក ដែលមានមូលដ្ធាននៅក្នុងទីក្រុងសានហ្វ្រានស៊ីស្កូរដ្ធកាលីហ្វ័រញ៉ា។ ​លោកគឺជាអ្នកសរសេរកម្មវិធីកុំព្យូទ័រតាមវិជ្ជាជីវៈ ហើយលោកបានចាប់អារម្មណ៍លើការផ្ញើសារតាំងពីនៅក្មេងមកម្ល៉េះ។ ខាងក្រោមនេះ យើងនឹងនិយាយរៀបរាប់អំពីប្រវត្តិ​របស់លោក ដោយរួមមានវ័យនៅកុមារភាព ការសិក្សា និង ការងារ ព្រមទាំងប្រវត្តិនៃការបង្កើត “Twitter” និងក្រុមហ៊ុន “Square or Block, Inc” ផងដែរ។ 

images-1

កុមារភាព និង ការសិក្សា

លោកកើតនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ១៩៧៦ នៅសាំង ល្វី (Saint Louis) រដ្ធ មីសស៊ូរី សហរដ្ធអាមេរិក។ ឪពុករបស់លោកគឺជាវិស្វករផ្នែកខាងបរិក្ខារពេទ្យ ហើយបានធ្វើការឲ្យក្រុមហ៊ុនដែលផលិតឧបករណ៍វាស់ស្ទង់ខា្នតធំមួយ។ ដោយសារតែតម្រូវការការងារ ក្រុមគ្រួសាររបស់លោកបានផ្លាស់ប្តូរទីកន្លែងជាញឹកញាប់ ជាហេតុធ្វើឲ្យលោកជាប់ចិត្តជាមួយនឹងផែនទី។ លោកបានចូលរៀននៅវិទ្យាល័យ ប៊ីសប ឌុយ បួរ (Bishop du Bourg High School) នៅសាំង ល្វី (St. Louis) រដ្ធ មីសស៊ូរី (Missouri)។ លោកជាសិស្សដែលមិនសូវនិយាយស្តីទេ ដោយសារបញ្ហានៃការនិយាយត្រដិត។ ដូច្នេះលោកបានព្យាយាមជម្នះយកឈ្នះបញ្ហានេះ ដោយការចូលរួមការប្រកួតប្រជែងនិយាយសាធារណៈជាច្រើនកន្លែង ហើយនៅទីបំផុតលោកបានយកឈ្នះវានិងបានឈប់និយាយត្រដិតចាប់តាំងពីពេលនោះមក។ លោកជាក្មេងដែលស្រលាញ់កុំព្យូទ័រហើយបានចំណាយពេលរាប់ម៉ោង ដើម្បីសិក្សាគំរូកុំព្យូទ័រ IBM ។ នៅពេលលោកមានអាយុ ១៥ឆ្នាំ លោកបានសរសេរកម្មវិធី និងបានបង្កើតកម្មវិធីសូហ្វវែរ សម្រាប់សេវាបញ្ជូនតាក់ស៊ី និងសេវាពន្លត់អគ្គីភ័យ។ ក្រោយពីបានបញ្ចប់នៅវិទ្យាល័យ លោកបានចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា មីសស៊ូរី (Missouri University of Science and Technology) ហើយបន្ទាប់មកលោកបានផ្ទេរទៅសាកលវិទ្យាល័យញូ៉យក (New York University)។ នៅទីនេះ លោកចាប់ផ្តើមបង្កើតគំនិតនៃការចែករំលែកសារខ្លីៗជាមួយមិត្តភក្តិ តែនៅទីបំផុតលោកបានឈប់រៀននៅសាកលវិទ្យាល័យ។ 

ប្រវត្តិការងារ​

លោកបានចាប់ផ្តើមការងារដំបូងជាអ្នកសរសេរកម្មវិធី ហើយនៅក្នុងឆ្នាំ២០០០ លោកបានផ្លាស់ទៅ អូកលែនដ៍ (Oakland) រដ្ធកាលីហ្វ័រញ៉ា (California) ដើម្បីស្វែងរកឱកាសការងារឲ្យកាន់តែប្រសើរជាងនេះ។ លោកបានចាប់ផ្តើមក្រុមហ៊ុនមួយដើម្បីបញ្ជូន​ តាក់ស៊ីអ្នកនាំសំបុត្រនិងសេវាសង្គ្រោះបន្ទាន់ដោយប្រើកម្មវិធីបញ្ជូនសាររបស់លោក។ ក្នុងកំឡុងពេលនោះផងដែរ​ លោកក៏ចាប់ផ្តើមនឹកឃើញអំពីការបង្កើតសេវាកម្មទំនាក់ទំនងតាមរយៈការផ្ញើសារខ្លីៗ។ ជាអកុសល​ ក្រុមហ៊ុនរបស់លោកបានដួលរលំ តែលោកមិនបានបោះបង់វាចោលទេ។ លោកបានព្យាយាមបន្តធ្វើវាបណ្តើរ​​ និងធ្វើការជា Freelancer បណ្តើរ។ ក្រោយមក លោកបានទៅរក លោក អុីវ៉ាន វីលៀម (Evan Williams) ដែលជាស្ថាបនិករបស់គេហទំព័រ អូឌីអូ “Odeo” ហើយនិងលោក​ ប៊ីស ស្តូន (Biz Stone) ដែលជានាយកប្រតិបត្តិម្នាក់របស់គេហទំព័រ ដើម្បីពិភាក្សា និងប្រាប់ពួកគេអំពីគំនិត និងគម្រោងរបស់លោក។ 

jack-dorsey-twitter-logo

ការបង្កើត Twitter 

នៅខែតុលា ឆ្នាំ ២០០៦​​ ជែក ដូសេ (Jack Dorsey) រួមជាមួយនឹង ប៊ីស ស្តូន (Biz Stone) អុីវ៉ាន វីលៀម (Evan Williams) និងសមាជិកមួយចំនួនទៀតនៃ អូឌូអូ (Odeo) បានបង្កើត “Obvious Corporation” ដែលនៅពេលក្រោយមកបានវិវត្តទៅជា “Twitter”។ នៅក្នុងរយៈពេលត្រឹមតែពីរសប្តាហ៍ ដូសេ បានបង្កើតគេហទំព័រសាមញ្ញមួយដែលអាចឲ្យអ្នកប្រើប្រាស់អាចបង្ហោះសារខ្លីៗភ្លាមៗបាន ដែលហៅថា “Tweets” ដែលមាន១៤០ តួអក្សរ ឬតិចជាងនេះ។ ដំបូង ដូសេ​ បានបម្រើជា CEO របស់ Twitter តែបន្ទាប់មកក្នុងឆ្នាំ ២០០៨ លោក វីលៀម បានកាន់តួនាទីជានាយកប្រតិបត្តិជំនួសវិញ ហើយលោក ដូសេ បានក្លាយជាប្រធានក្រុមប្រឹក្សាភិបាល។ ក្រុមហ៊ុននេះបានរីកចម្រើនយ៉ាងឆាប់រហ័ស។ ក្នុងរយៈពេល៥ឆ្នាំនៃការបង្កើត Twitter មានអ្នកប្រើប្រាស់បានផ្ញើ ៥០ លាន Tweets ក្នុងមួយថ្ងៃ។ សព្វថ្ងៃ Twitter បានក្លាយជាបណ្តាញសង្គមដ៏ពេញនិយមបំផុតមួយនៅលើពិភពលោក ដោយមានអ្នកប្រើប្រាស់សកម្មប្រចាំថ្ងៃប្រហែល ២១៩ លាននាក់។ នៅក្នុងឆ្នាំ​២០២២ ទ្រព្យសម្បត្តិសរុបរបស់ Twitter គឺ ប្រហែល ១៣.៣១៦ ពាន់លានដុល្លារ ($13.316 billion)។ 

ឥឡូវក្រុមហ៊ុន Twitter ត្រូវបានកាន់កាប់ដោយលោក អេលុន ម៉ាសក៍ ដែលជាសហគ្រិន​ និងជាម្ចាស់ក្រុមហ៊ុន តេស្លា (Tesla) ក្រោយពីលោកបានទិញប្រព័ន្ធផ្សព្វផ្សាយសង្គមនេះក្នុងតម្លៃ ៤៤ ពាន់លានដុល្លារ ($44 billion) (ប្រហែល ៣៤.៥ ពាន់លានផោន “ £34.5 billion”)​ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ហើយក្រុមហ៊ុននេះទទួលបាននូវការផ្តល់ឲ្យការទិញផ្តាច់ក្នុងមួយភាគហ៊ុន ៥៤.២០ ដុល្លារ ($54.20) ។ អតីតនាយកប្រតិបត្តិរបស់ Twitter លោក Jack Dorsey បានថ្លែងអំណរគុណទៅដល់ លោក អេលុន​ ម៉ាសក៍ និងនាយកប្រតិបត្តិបច្ចុប្បន្នរបស់ Twitter គឺលោក ប៉ារ៉ាក់ អាហ្គ្រាវ៉ាល់ (Parag Agrawal) ដែលបានជួយទាញ ក្រុមហ៊ុនរបស់លោកចេញពីភាពទាល់ច្រក។ Twitter បានចាប់ផ្តើមមានបញ្ហា ហើយបានធ្វើឲ្យខ្ញុំសោកស្តាយបំផុត នៅពេលដែលវាត្រូវបានគ្រប់គ្រងដោយ Wall Street និង ម៉ូដែលផ្សាយពាណិជ្ជកម្ម (ad model)។ លោក ដូសេបាននិយាយទៀតថា ការយកវាមកវិញពី Wall Street គឺជាជំហានដំបូងដ៏ត្រឹមត្រូវ។ ខណៈ Twitter គឺជាក្រុមហ៊ុនសាធារណៈ ម៉ាសក៍បាននិយាយថា គាត់ចង់ ផ្លាស់ប្តូរវាទៅជា ក្រុមហ៊ុនឯកជន។ 

0x0 (1)-2

ការបង្កើត ក្រុមហ៊ុន Square, Inc. ឬ Block, Inc. 

ក្នុងឆ្នាំ ២០០៩ Jack Dorsey បានសហការជាមួយសហគ្រិន​ និងជាវិស្វករវិទ្យាសាស្ត្រកុំព្យូទ័រ គឺលោក ជីម មឹកឃេលវេ (Jim Mckelvey) ដើម្បីបង្កើតក្រុមហ៊ុន Square, Inc. ដោយបានចាប់ផ្តើមដំបូងជាក្រុមហ៊ុនទូទាត់ប្រាក់តាមទូរស័ព្ទ ហើយបន្តិចម្តងៗ Square បានពង្រីកទៅជាសេវាកម្មខាងហិរញ្ញវត្ថុ និងពាណិជ្ជករផងដែរ។ វាបានក្លាយជាក្រុមហ៊ុនដែលមានការរីកចម្រើនបំផុត ហើយដូសេ បានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ។ ជាងមួយទសវត្សរ៍ក្រោយមក អាជីវកម្មខ្នាតតូចរាប់សិបលាន​បានប្រើប្រាស់ Square ដើម្បីទទួលបានការទូទាត់ប្រាក់តាមកាតឥណទាន (Credit Card Payments) តាមដានការលក់ និងបញ្ជឺសារពើភ័ណ្ឌ (បញ្ជីចំណូលចំណាយ) ហើយនិងទទួលបានហិរញ្ញប្បទាន។ នៅក្នុងខែធ្នូ ឆ្នាំ២០២១ Square, Inc. បានប្តូរឈ្មោះរបស់ខ្លួនទៅជា​ Block, Inc. ដើម្បីគណនាពីកំណើនរបស់ខ្លួន​ និងផលប័ត្ររបស់ក្រុមហ៊ុនដែលបានកើនឡើង។ គិតត្រឹមថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន Block, Inc. មានទ្រព្យសម្បត្តិសរុប គឺ ៤៨.៩៥ ពាន់លានដុល្លារ ($48.95 billion)។ ម្យ៉ាងវិញទៀត កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៣ Jack Dorsey ត្រូវបានតែងតាំងឲ្យធ្វើជា សមាជិកក្រុមប្រឹក្សាភិបាលនៃនាយក របស់ក្រុមហ៊ុន The Walt Disney ។ 

ការធ្វើសប្បុរសធម៏ (Philanthropy) 

Jack Dorsey គឺជាមនុស្សម្នាក់ដែលចូលចិត្តការធ្វើអំពើសប្បុរសធម៏ផងដែរ ដោយបានផ្តល់មូលនិធិដល់ការដាំដើមឈើជាង​ ១៥០,០០០​ ដើមរបស់ ក្រុម Team Trees ក្នុងឆ្នាំ២០១៩ ហើយនៅខែមេសា ឆ្នាំ​២០២០​ លោកបានបរិច្ចាគ១ពាន់លានដុល្លារ ($1billion) ដល់កិច្ចខិតខំប្រឹងប្រែងជួយសម្រាលទុក្ខដោយសារជំងឺកូវីដ ១៩។ 

twitter

ពានរង្វាន់ 

ក្នុងឆ្នាំ ២០០៨ លោកត្រូវបានដាក់បញ្ចូលទៅក្នុង “MIT Technology Review TR35” ជាអ្នកច្នៃប្រឌិតកំពូលម្នាក់ដែលមានអាយុក្រោម ៣៥ ហើយនៅក្នុងឆ្នាំ២០១២ លោកបានទទួលពានរង្វាន់ “អ្នកច្នៃប្រឌិតប្រចាំឆ្នាំ” (Innovator of the Year Award) ផ្នែកខាងបច្ចេកវិទ្យា ដែលផ្តល់ឲ្យដោយ “The Wall Street Journal”៕

បកប្រែដោយ៖ ម៉ៅ គុយដង់ 


ថ្ងៃពុធ, 15 ខែមិថុនា 2022 16:43  វេទិកាជោគជ័យ