អតីតមន្ត្រីក្រសួងការពារជាតិមកពីរដ្ឋបាលTrumpបានព្រមានថាចិនពឹងផ្អែកយ៉ាងខ្លាំងលើបច្ចេកវិទ្យាដែលត្រូវបានលួចពីអាមេរិច ដើម្បីផលិតយន្តហោះចម្បាំងបំបាំងកាយ J-20 Mighty Dragon របស់ខ្លួន និងស្នើរសុំឱ្យមានការរឹតបន្តឹងការពារកាន់តែខ្លាំងលើប្រព័ន្ធ អាវុធសម្ងាត់។ អតីតរដ្ឋមន្ត្រីស្តីទីក្រសួងការពារជាតិទទួលបន្ទុកគោលនយោបាយ លោក James Anderson បាននិយាយថាប្រទេសចិនបានលួចលាក់អាថ៌កំបាំងរបស់សហរដ្ឋអាមេរិកអស់រយៈពេលជាច្រើនឆ្នាំ ដោយផលិតយន្តហោះ J-20 ផ្អែកលើបច្ចេកវិទ្យាពីកម្មវិធី F-22 Raptor និង Joint Strike Fighter ។លោក Anderson បានប្រាប់ Fox News Digital នៅក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា"អ្វីដែលយើងដឹងនោះគឺថាព្រោះតែមានចារកម្មនេះហើយ ទើបបានជាJ-20មានភាពជឿនលឿនជាងអ្វីដែលការរំពឹងទុករបស់មនុស្សគ្នា។"
ភាពខុសគ្នារវាង F-22 និងJ-20
ការប្រឹងប្រែងក្នុងអំពើចារកម្មដ៏ទូលំទូលាយរបស់ចិនដោយផ្តោតលើF-22ដែលបានចូលបម្រើការជាលើកដំបូងក្នុងឆ្នាំ 2005 ត្រូវបានកត់ត្រារក្សាទុកយ៉ាងល្អ។ ក្នុងឆ្នាំ 2016 ចារបុរសរបស់ចិនដែលត្រូវបានសារភាពក៏ត្រូវចូលខ្លួនកាត់ទោសឱ្យជាប់គុករយៈពេល 46 ខែនៅក្នុងសហរដ្ឋអាមេរិកពីបទលួចការរចនាសម្រាប់យន្តហោះចម្បាំង Lockheed Martin ។Anderson បានលើកឡើងទាក់ទងអំពី J-20 របស់ចិនថា "ពួកគេបានចំណេញយ៉ាងច្រើនពីការលួចរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ... ពួកគេចេះប្រើប្រាស់វាយ៉ាងណាល្អ ហើយពួកគេក៏បានបង្កើតនូវយន្តហោះចម្បាំងជំនាន់ទី 5 ដ៏ទំនើប" ។ យន្តហោះ J-20 ដែលបានចូលបម្រើការជាលើកដំបូងក្នុងឆ្នាំ 2017 ត្រូវបានចាត់ទុកថាជាច្បាប់ចម្លងផ្ទាល់របស់ F-22 ។ ក្រៅពីស្លាប Canard ទៅមុខរបស់ J-20 យន្តហោះចម្បាំងទាំងពីរគឺស្រដៀងគ្នាខ្លាំងណាស់ ហើយត្រូវបានគេជឿថាមានសមត្ថភាពហោះហើរ និងអាវុធស្រដៀងគ្នា។ អ្នកជំនាញបាននិយាយថាយន្តហោះJ-20តំណាងឱ្យភាពលោតផ្លោះដ៏ធំមួយនៅក្នុងសមត្ថភាពរបស់ចិនក្នុងការបង្កើតអំណាច និងឥទ្ធិពលនៅអាស៊ី ដោយព្រមានថា វាក៏អាចប្រកួតប្រជែងបានស្មើរនឹងបច្ចេកវិទ្យាយោធារបស់សហរដ្ឋអាមេរិកដែរ។
ទោះជាយ៉ាងណាក៏ដោយលោក Anderson បានកត់សម្គាល់ថាវា 'រាងពិបាកនិយាយបន្តិចពីសមត្ថភាពពិតប្រាកដរបស់វា' ដរាបណាមិនទាន់បានប្រើប្រាស់វានៅក្នុងសមរភូមិជាក់ស្តែង ដែល J-20 អាចវាស់វែងប្រឆាំងនឹង F-22 បាន។ សហរដ្ឋអាមេរិកបានអភិវឌ្ឍន៍យន្តហោះ F-22 សរុបចំនួន 187 គ្រឿង មុនពេលបញ្ចប់កម្មវិធីក្នុងឆ្នាំ 2011 ដើម្បីគាំទ្រដល់ការផលិត F-35 Lightning II ដែលជាយន្តហោះចម្បាំងជំនាន់ទី 5 ដែលត្រូវផលិតដោយក្រុមហ៊ុន Lockheed Martin ក្រោមកម្មវិធីរួមគ្នា Joint Strike Fighter (JSF) ។ JSF ក៏ជាគោលដៅដែលត្រូវបានស្គាល់ថាជាមុខសញ្ញាសំរាប់ចារកម្មរបស់ចិន ហើយក្នុងឆ្នាំ 2009 កាសែត Wall Street Journal បានរាយការណ៍ថាពួក Hacker ចិនដែលសង្ស័យថាបានជ្រៀតចូលទៅក្នុងកម្មវិធីនោះ បានលួចទិន្នន័យជាច្រើន ទាក់ទងនឹងការរចនា និងប្រព័ន្ធអេឡិចត្រូនិច' ។ លោក Anderson បាននិយាយថា ប្រទេសចិនបានចំណាយពេល 'ជាងមួយទសវត្សរ៍' ដើម្បីកំណត់គោលដៅលើ Joint Strike Fighter ហើយបានប្រើប្រាស់សមាសធាតុដែលលួចពីក្នុងការរចនានោះដើម្បីអភិវឌ្ឍន៍លើយន្តហោះ J-20 ។ លោកAndersonបានកត់សម្គាល់ថាកម្មវិធីចារកម្មរបស់ប្រទេសចិនមានរាប់ចាប់តាំងពីការវាយប្រហារតាមអ៊ីនធឺណេតកម្រិតខ្ពស់រហូតដល់វិធីសាស្ត្រ "បុរាណ" នានាដូចជាដាក់អន្ទាក់ស្នេហ៍ចារកម្មនិងការសូកប៉ាន់ដើម្បីជ្រើសរើសបុគ្គលសំខាន់របស់អាមេរិកដូចជា អ្នកស្រាវជ្រាវសិក្សា និងមន្ត្រីជាដើម។ លោក Anderson បាននិយាយនៅក្នុងបទសម្ភាសន៍ថ្មីៗនេះថា «គួរអោយសោកស្តាយ ពួកគេពិតជាទទួលបានជោគជ័យខ្លះនៅទីនោះ" ។ លោកបានបន្តទៀតថា'វាបានជួយសន្សំសំចៃពេលវេលា និងថវិការបស់ជនជាតិចិន។ ជាលទ្ធផល យើងពិតជាបានចូលរួមមួយផ្នែកក្នុងការកាត់បន្ថយថវិកាស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ពួកគេដោយសារពួកគេពិតជាបានលួចអាថ៌កំបាំងខ្លះៗរបស់ពួកយើងទៅដោយជោគជ័យ»។'នៅទីបំផុតវាធ្វើអោយក្រុមរបស់យើងប្រឈមមុខនឹងហានិភ័យកាន់តែខ្លាំងនៅលើសមរភូមិ។'
ផលប្រយោជន៍ដែលចិនទទួលបានពី J-20
មកទល់នឹងពេលនេះ ចិនត្រូវបានជឿថាបានផលិតយន្តហោះបំបាំងកាយ J-20 ប្រហែល 208 គ្រឿង ហើយសមត្ថភាពរបស់យន្តហោះចម្បាំងនេះ មានសារសំខាន់ផ្នែកយោធា និងនយោបាយ នៅពេលដែលចិនកាន់តែរីកចម្រើនខ្លាំងនៅអាស៊ី។ កាលពីខែមេសាឆ្នាំមុន ប្រទេសចិនបានចាប់ផ្តើមដាក់ល្បាត J-20 នៅសមុទ្រចិនខាងត្បូង ដែលជាផ្លូវទឹកដ៏វិសេសវិសាលដែលទីក្រុងប៉េកាំងអះអាងថាជារបស់ខ្លួន ក្នុងការប៉ុនប៉ងដើម្បីបំភ័យប្រទេសជិតខាងដែលទាមទារការប្រកួតប្រជែង។ យន្តហោះJ-20ក៏ត្រូវបានប្រើប្រាស់នៅក្នុងការល្បាតម្តងហើយម្តងទៀតរបស់ប្រទេសចិនលើកោះតៃវ៉ាន់ដែលជាកោះគ្រប់គ្រងដោយខ្លួនឯងក៏បានទាមទារដោយទីក្រុងប៉េកាំងផងដែរ។កាលពីខែមករាអ្នកបើកយន្តហោះJ-20បាននិយាយអួតឡើងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនថា លោកបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសតៃវ៉ាន់ (ADIZ) ដោយមិនត្រូវបានរកឃើញ ឬស្ទាក់ចាប់ឡើយ។ យោងតាមខ្សែវីដេអូដែលចេញផ្សាយដោយស្ថានីយ៍ទូរទស្សន៍កណ្តាលចិន យន្តហោះ J-20 ត្រូវបានបំពាក់ដោយកាំជ្រួចពីអាកាសទៅអាកាសរយៈចម្ងាយមធ្យម PL-15 ចំនួនបួនគ្រាប់ និងកាំជ្រួច PL-10 រយៈចម្ងាយខ្លីមួយគ្រាប់នៅផ្នែកម្ខាងៗ។
គេហទំព័រព័ត៌មានចិន Sohu ធ្លាប់បានអះអាងថា PL-15 គឺជាកាំជ្រួចគ្មានស្លាប និងប្រវែង 5.7 ម៉ែត្រ (18.7 ហ្វីត) ។ វាត្រូវបានអួតអាងឡើងថាអាចទទួលបានរយៈចម្ងាយដ៏អស្ចារ្យ 400 គីឡូម៉ែត្រ (249 ម៉ាយ) ហើយអាចជួយ PL-15 យកឈ្នះលើ F-22 ទៀតផង ។ ម្យ៉ាងវិញទៀតPL-10ត្រូវបានគេរាយការណ៍ថាមានសមត្ថភាពពិសេសក្នុងការស្ទាក់ចាប់មីស៊ីលផ្សេងទៀត។នៅក្នុងការបង្ហោះនៅលើគេហទំព័រជាភាសាអង់គ្លេសរបស់ PLA អ្នកជំនាញយោធាចិន Song Zongping បាននិយាយថា J-20 នឹង "ចូលរួមប្រកួតជាមួយនឹងគូប្រជែងឯទៀតនាពេលអនាគតដែលហ៊ានបង្ករឿងនៅលើដែនអាកាសរបស់ចិន" ។
ទោះបីជាចិនពណ៌នាយន្តហោះJ-20ថាជាយន្តហោះចម្បាំងដែលមានឧត្តមភាពលើអាកាសដែលត្រូវបានរចនាឡើងដើម្បីចូលរួមជាមួយអ្នកប្រយុទ្ធផ្សេងទៀតនៅក្នុងការប្រយុទ្ធពីអាកាសទៅអាកាសក៏ដោយអ្នកវិភាគលោកខាងលិចចាត់ទុកថាវាដំណើរការប្រសើរសំរាប់ បេសកកម្មប្រឆាំងនឹងការចូលទៅកាន់អាកាសដូចជាការកំណត់គោលដៅលើបណ្តាញទំនាក់ទំនង និងយន្តហោះជំនួយ។ ជាច្រើនឆ្នាំកន្លងមកនេះទីក្រុងប៉េកាំងបានបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះការអះអាងថាខ្លួនបានបញ្ចូលបច្ចេកវិទ្យាយោធាដែលត្រូវបានលួចនៅក្នុងការរចនាយន្តហោះ J-20 ។ ទាក់ទងនឹងប្រទេសរុស្ស៊ីវិញគួររំលឹកផងដែរថាទោះបីជាយន្តហោះចម្បាំង Su-57 Felon របស់រុស្ស៊ីបានផ្តួលយន្តហោះ J-20 របស់ចិននៅលើអាកាសក្នុងឆ្នាំ 2010 ក៏ដោយ ថវិកាការពារជាតិមានកម្រិតនិងសេដ្ឋកិច្ចដែលកំពុងតស៊ូរបស់រុស្ស៊ីបានបណ្តាលឱ្យមានការរីកចម្រើនយឺតយ៉ាវនិងការធ្លាក់ចុះជាច្រើនសម្រាប់កម្មវិធីយន្តហោះបំបាំងកាយរបស់ខ្លួន។ ជាលទ្ធផល យន្តហោះចម្បាំង Chengdu J-20 Mighty Dragon របស់ប្រទេសចិន ដែលបានហោះហើរជាលើកដំបូងក្នុងឆ្នាំ 2011 អាចយកឈ្នះ Su-57 បាន និងអាចដាក់អោយចូលបម្រើការបាននៅក្នុងឆ្នាំ 2017 ។ ចាប់តាំងពីពេលនោះមក យន្តហោះចម្បាំងបំបាំងកាយរបស់ប្រទេសចិនបានកាត់បន្ថយការផលិត Su-57 របស់រុស្ស៊ីយ៉ាងឆាប់រហ័ស និងបានដាក់ប្រទេសចិនឱ្យស្ថិតក្នុងលំដាប់ទី 2 ទៅលើកងយន្តហោះបំបាំងកាយពិភពលោក។