BBC News-
រុស្សីនឹងបញ្ជូនប្រព័ន្ធមីស៊ីលដែលមានសមត្ថភាពបាញ់គ្រាប់នុយគ្លេអ៊ែរដែលមានរង្វង់ប្រតិបត្តិការណ៍ជិត ទៅកាន់ឲ្យប្រទេស Belarus នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ លោកប្រធានាធិបតីរុស្សី Vladimir Putin បាននិយាយ។ លោកនិយាយថាប្រព័ន្ធមីស៊ីល Islander-M អាចបាញ់មីស៊ីល Balistic ឬក៏ Cruise ក្នុងរយៈចម្ងាយជិតព្រមទាំងក្បាលគ្រាប់នុយគ្លេអ៊ែរផងដែរ។ ប្រព័ន្ធនេះអាចបាញ់បានរយៈចម្ងាយ៥០០គ.មជាង។ ភាពតានតឹងរវាងរុស្សីនិងលោកខាងលិចបានកើនឡើង បន្ទាប់ពីលោកប្រធានាធិបតី Putin បានសម្រេចចូលឈ្លានពានអ៊ុយក្រែនកាលពីថ្ងៃទី២៤ខែកុម្ភះ។
លោកប្រធានាធិបតី Putin បានធ្វើសេចក្តីសម្រេចជាច្រើនដោយនិយាយយោងទៅរកអាវុធនុយគ្លេអ៊ែរចាប់តាំងពីពេលនោះមក ដែលមានអ្នកខ្លះបានបកប្រែថាវាជាការព្រមានចំពោះប្រទេសលោកខាងលិចមិនឲ្យធ្វើអន្តរាគមន៍។ ថ្លែងនៅ St.Perterburg លោក Putin បាននិយាយថារុស្សីនឹងជួយកែប្រែយន្តហោះចម្បាំង Su-25 របស់ Belarus ដូច្នេះគេអាចបំពាក់នូវអាវុធនុយគ្លេអ៊ែ ដែលជាកាឆ្លើយតបទៅនឹងសំណូមពររបស់លោក Lukashenko។ ទន្ទឹមគ្នានោះដែរការផ្ទុះជាច្រើនត្រូវបានគេរាយការណ៍មកថាបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងទីក្រុង Kyiv លោកអភិបាលក្រុង Vitali Klitschko បាននិយាយ។
"រថយន្តគិលានសង្រ្គោះនិងអ្នកសង្រ្គោះបានមកដល់កន្លែងដែលកើតហេតុ នៅក្នុងអគារ២ ការសង្រ្គោះនិងការបញ្ជូនអ្នករងគ្រោះកំពុងតែដំណើរការ" លោកបានបន្ថែម។ កាសែត AFP បានរាយការណ័ថាផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបានត្រូវបំផ្លិចបំផ្លាញ។ កាលពីថ្ងៃសៅរ៍អ៊ុយក្រែនបាននិយាយថាកងកម្លាំងរបស់រុស្សីបានកាន់កាប់ទាំងស្រុង នូវទីក្រុងភាគខាងកើតដ៏សំខាន់ Sievierodonetsk បន្ទាប់ពីមានការប្រយុទ្ធដ៏ស្វិតស្វាញអស់រយៈពេលជាច្រើនសប្តាហ៍។ការកាន់កាប់នេះមានន័យថា ឥឡូវនេះរុស្សីបានកាន់កាប់តំបន់ Luhansk សឹងតែទាំងស្រុងហើយនិងភាគច្រើននៃតំបន់ Donetsk ដែលនៅជិតខាង។
នៅក្នុងក្លិបវីឌីអូដែលថ្លែងកាលពីយប់ថ្ងៃសៅរ៍ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានអះអាងថានឹងយកទឹកដីទាំងអស់ត្រឡប់មកវិញព្រមទាំងទីក្រុងដែលកាន់កាប់ដោយរុស្សី។ ប៉ុន្តែលោកបាននិយាយថាសង្រ្គាមជាមួយរុស្សីបានចូលមកដល់ឈុតឆាកមួយដែលលំបាកនិងរំជួលចិត្ត ហើយលោកក៏មិនដឹងថានឹងត្រូវចំណាយជីវិតព្រមទាំងការបំផ្លិចបំផ្លាញប៉ុនណាទៀតដែរ។ កាលពីយប់ថ្ងៃសុក្រ រុស្សីបានរៀបចំធ្វើការបាញ់ប្រហារយ៉ងខ្លាំងមកលើមុខព្រួញទិសខាងជើងនិងខាងលិចអ៊ុយក្រែន ដែលយ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់ស្លាប់ និងមនុស្សជាច្រើនទៀតបានកប់នៅក្នុងគំនរបាក់បែកនៅក្នុងទីក្រុង Sarny ខាងលិចទីក្រុង Kyiv ។