នេះជាខ្សែជីវិតរបស់មហាសេដ្ឋីលើពិភពលោកម្នាក់ដែលបានពុះពារគ្រប់ឧបសគ្គតាំងពីវ័យក្មេងរបស់គាត់។ លោក អែលលូន ម៉ាស (Elon Musk) មានស្រុកកំណើតនៅអាហ្វ្រិកខាងត្បូង។ គាត់ជាក្មេងដែលស្រលាញ់សៀវភៅបំផុតហើយក៏ជាមនុស្សម្នាក់ ដែលមានការចាប់អារម្មណ៍ខ្លាំងទៅលើកុំព្យូទ័រ និងវិទ្យាសាស្ត្រ។គាត់បានចំណាយពេលទំនេរស្ទើរតែទាំងអស់របស់គាត់ដើម្បីអានសៀវភៅ ជាជាងទៅដើរលេងជាមួយមិត្តភ័ក្តិរបស់គាត់។
"ខ្ញុំបានដឹងក្តីឡើងជាមួយសៀវភៅ។ សៀវភៅមានសារៈសំខាន់ណាស់សម្រាប់ខ្ញុំ លើសពីក្តីស្រលាញ់ទៅលើឪពុកម្តាយរបស់ខ្ញុំទៅទៀត។”
គាត់បានរស់នៅជាមួយឪពុកម្តាយរបស់គាត់នៅអាហ្រ្វិកខាងត្បូងរហូតដល់អាយុ 8 ឆ្នាំ។ ប៉ុន្តែគាត់មិនបានទទួលភាពកក់ក្តៅច្រើនពីពួកគាត់ទេ ហើយភាគច្រើន ជីវិតរបស់គាត់ គឺរស់នៅក្រោមការឃ្លាំមើលរបស់អ្នកថែរក្សាផ្ទះម្នាក់។ លោកម៉ាស (Musk) បាននិយាយថា អ្នកថែរក្សាផ្ទះម្នាក់ដែលតែងតែនៅក្បែរគាត់នោះគឺ ដើម្បីតែឲ្យប្រាកដថាគាត់មិនបានធ្វើអ្វីឲ្យបែកប៉ុណ្ណោះ។
នៅពេលដែលឪពុកម្តាយរបស់គាត់បានលែងលះគ្នា លោក ម៉ាស (Musk) បាននិយាយថា គាត់មានចិត្តអាណិតឪពុករបស់គាត់ ហើយសម្រេចចិត្តទៅរស់នៅជាមួយគាត់។ ប៉ុន្តែភ្លាមៗនោះ គាត់បានដឹងថា ការជ្រើសរើសរបស់គាត់ មិនមែនជាគំនិតល្អនោះទេ។
ក្នុងបទសម្ភាសន៍មួយ លោក អែលលូន ម៉ាស (Elon Musk) បាននិយាយថា នៅកុមារភាពរបស់លោក ពោរពេញទៅដោយភាពវេទនា។ ឪពុករបស់គាត់បានធ្វើបាបផ្លូវចិត្ត និងតឹងតែងចំពោះកូនរបស់គាត់ ដោយបញ្ជាឱ្យលោក ម៉ាស (Musk) និងប្អូនប្រុសរបស់គាត់ អង្គុយឱ្យស្ងៀមរយៈពេល 4 ម៉ោងនៅពេលគាត់កំពុងប្រដៅពួកគេ។
“គាត់ជាមនុស្សដែលអាក្រក់បំផុត។ អ្នកមិនអាចដឹងថា ឪពុករបស់ខ្ញុំនឹងមានផែនការអាក្រក់អ្វីមួយនោះទេ។”
លោក អែលលូន ម៉ាស (Elon Musk) ក៏បានអះអាងដែរថា គាត់មិនជឿថា លោក ម៉ាស (Musk) នឹងធ្វើអ្វីមួយដែលទទួលបានភាពជោគជ័យក្នុងជីវិតរបស់គាត់នោះទេ។ ឪពុករបស់គាត់ បាននិយាយថា គាត់មិនអាចធ្វើអ្វីមួយបានដោយខ្លួនឯងនោះទេ ហើយតែងតែហៅលោក ម៉ាស់ ថាជាមនុស្សល្ងង់គ្រប់ពេលទៀតផង។
លោក ម៉ាស (Musk) ត្រូវបានគេធ្វើបាបយ៉ាងព្រៃផ្សៃនៅក្នុងសាលា។ មិត្តរួមថ្នាក់របស់គាត់បានរុញគាត់ចុះពីជណ្តើរ។ ហើយមានពេលមួយនោះ គាត់ត្រូវគេវាយធ្វើបាបរហូតដល់ត្រូវបញ្ជូនទៅមន្ទីរពេទ្យ។ ពួកគេតែងតែតាមធ្វើបាបគាត់គ្មានស្រាកស្រានឡើយ។ ហើយអ្វីដែលរឹតតែឈឺចាប់ថែមទៀតនោះ គឺពេលត្រឡប់មកផ្ទះវិញជួបឪពុករបស់គាត់ ដែលមិនខុសពីអ្វីដែលគាត់បានជួបប្រទះនៅសាលានោះទេ។
នៅពេលដែល លោក អែលលូន ម៉ាស (Elon Musk) ទទួលបានកុំព្យូទ័រដំបូងរបស់គាត់ គាត់មានការចាប់អារម្មណ៍លើការសរសេរកម្មវិធីភ្លាមៗ ហើយចាប់ផ្តើមរៀនវាដោយខ្លួនឯង។ នៅអាយុ 12 ឆ្នាំ គាត់អាចរកបាន 500 ដុល្លារ ដោយលក់ហ្គេមកុំព្យូទ័រ “ប្រាស៌ស្ទើរ” "Blaster" ដែលគាត់បានបង្កើតដោយខ្លួនឯង។
នៅពេលគាត់មានអាយុ 17 ឆ្នាំ គាត់បានផ្លាស់ទៅប្រទេសកាណាដា ដើម្បីចូលរៀននៅសកលវិទ្យាល័យ ឃ្វីន (Queen) ។ ពីរឆ្នាំក្រោយមក គាត់បានផ្ទេរទៅសាកលវិទ្យាល័យ ផែនស៊ីវវែននៀរ (Pennsylvania) ដែលជាកន្លែងដែលគាត់ទទួលបានសញ្ញាបត្រសេដ្ឋកិច្ច និងសញ្ញាបត្ររូបវិទ្យា។ គាត់បានចាប់ផ្តើមថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ ស្ទែនហ្វត (Stanford) ក្នុងឆ្នាំ 1995 ប៉ុន្តែរៀនបានតែពីរថ្ងៃប៉ុណ្ណោះ គាត់បានឈប់រៀនដើម្បីបន្តអាជីពជាសហគ្រិន ដោយសារតែគាត់មានគំនិតចង់បង្កើតអ្វីដែលអាចផ្លាស់ប្តូរពិភពលោក។
នៅឆ្នាំ 1995 គាត់បានចាប់ផ្តើមបង្កើតក្រុមហ៊ុន ហ្ស៊ីបធូ (ZIP2) ជាមួយប្អូនប្រុសរបស់គាត់ ឃែមបល (Kimble) ។ ហើយបន្ទាប់មកគាត់បានលក់ក្រុមហ៊ុនដំបូងរបស់គាត់ ហ្ស៊ីបធូ (ZIP2) ក្នុងតម្លៃ 300លានដុល្លារ ហើយគាត់ទទួលបាន 22 លានដុល្លារសម្រាប់ភាគហ៊ុន 7% របស់គាត់។ នៅអាយុ 26 ឆ្នាំគាត់បានក្លាយជាសហស្ថាបនិក ផេផាល (PayPal) ដែលបានទទួលភាពជោគជ័យដ៏អស្ចារ្យមួយ។ បន្ទាប់ពីលក់ក្រុមហ៊ុន ផេផាល (PayPal) គាត់ទទួលបាន 180 លានដុល្លារ។
គាត់មានការប្រថុយប្រថានយ៉ាងខ្លាំង នៅពេលដែលគាត់បានបណ្តាក់ទុនទាំងអស់របស់គាត់ទៅលើក្រុមហ៊ុនថ្មីរបស់គាត់ទាំងពីរ គឺជា ទេសស្លា ម៉ូទ័រ (Tesla Motors) និង ស្ពេសអេច (SpaceX) ។ ក្រុមហ៊ុនទាំងពីរនេះ ស្ទើរតែក្ស័យធនក្នុងអំឡុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែ លោក ម៉ាស (Musk) មិនបានបោះបង់ចោលនោះទេ តែគាត់នៅខិតខំស្តារវាឡើងវិញ។ ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនទាំងពីរនោះ មានតម្លៃរាប់ពាន់លានដុល្លារ។ ហើយនាពេលថ្មីៗនេះផងដែរ ទេសស្លា ម៉ូទ័រ (Tesla Motors) ក៏មានក្រុមហ៊ុនដំបូងគេបង្អស់របស់ខ្លួននៅប្រទេសកម្ពុជាផងដែរ។
លោក ម៉ាស (Musk) ជាអ្នកបំផុសគំនិតបង្កើត សូឡាស៊ីដធី (SolarCity) ។ លោក ម៉ាស (Musk) បាននិយាយថា គោលដៅរបស់ ស្ពេសអេច (SpaceX), ទេសស្លា (Tesla), និង សូឡាស៊ីដធី (Solacity) បានបង្ហាញពីចក្ខុវិស័យរបស់គាត់ក្នុងការផ្លាស់ប្តូរពិភពលោក និងការរស់នៅរបស់មនុស្ស។ ប៉ុន្តែអ្វីដែលធ្វើឱ្យគាត់មានលក្ខណៈពិសេសបែបនេះ? លោក អែលលូន ម៉ាស (Elon Musk) គឺជាមនុស្សឧស្សាហ៍ព្យាយាមដែលមិនគួរឱ្យជឿ។ ដោយលោកបាននិយាយថា៖
“ត្រូវខិតខំធ្វើការឲ្យអស់ពីសម្ថភាព។ ខ្ញុំចង់មានន័យថា អ្នកត្រូវធ្វើការ 82 ទៅ 100 ម៉ោងរៀងរាល់សប្តាហ៍។ ការដែលធ្វើបែបនេះ អាចបង្កើននូវឱកាសនៃភាពជោគជ័យ។ ប្រសិនបើអ្នកផ្សេងទៀតធ្វើការក្នុងមួយសប្តាហ៍តែ 40 ម៉ោង ហើយអ្នកធ្វើការ 100 ម៉ោងក្នុងមួយសប្តាហ៍ នោះទោះបីជាអ្នកកំពុងធ្វើវាដូចគ្នាក៏ដោយ ក៏អ្នកនឹងអាចសម្រេចវាបានក្នុងរយៈពេល 4 ខែ ដែលពួកគេត្រូវការរយៈពេលមួយឆ្នាំ ដើម្បីសម្រេចវាបាន។”
គ្មាននរណាម្នាក់និយាយថាអ្នកត្រូវតែធ្វើការដូច លោក អែលលូន ម៉ាស ទើបទទួលភាពជោគជ៏យនោះទេ ប៉ុន្តែអ្នកត្រូវចងចាំវិជ្ជាជីវៈការងាររបស់គាត់។ នៅពេលដែលអ្នកមានអារម្មណ៍ថាហត់នឿយ និងត្រៀមខ្លួនដើម្បីបោះបង់ចោលនោះ សូមនឹកឃើញពីលោក អែលលូន ម៉ាស (Elon Musk) និងអ្វីដែលគាត់ធ្លាប់បានឆ្លងកាត់។ គាត់ គឺជាគំរូដ៏ល្អមួយក្នុងការជំនះលើខ្លួនឯង។ ប្រសិនបើអ្នកមិនព្យាយាមតទៅមុខ និងជំនះខ្លួនឯងនោះទេ អ្នកអាចនឹងលះបង់សក្តានុពលដ៏អស្ចារ្យរបស់អ្នក។ អ្វីដែលធ្វើឱ្យគាត់មកដល់ពេលនេះ គឺខុសពីមហាសេដ្ឋីដទៃទៀត ព្រោះគាត់មានទស្សនៈវិស័យច្បាស់លាស់ក្នុងការធ្វើអ្វីៗដែលមនុស្សភាគច្រើននឹកស្មានមិនដល់។ នៅពីក្រោយភាពជោគជ័យរបស់មនុស្សម្នាក់់ៗ គឺជាតែងតែមានការបរាជ័យ ដែលជាអ្នកនាំផ្លូវរបស់អ្នកឆ្ពោះទៅរកភាពជោគជ័យ។ មិនមានការទស្សទាយច្បាស់លាស់ណាមួយសម្រាប់ភាពជោគជ័យនោះទេ។ សូម្បីតែលោក ម៉ាស (Musk) ក៏មិនអាចទាយទុកជាមុនបានថា តើ ទេសស្លា ម៉ូទ័រ (Tesla Motors) នឹងទៅជាយ៉ាងណាផងដែរ។ ប៉ុន្តែដូចដែលគាត់បានពន្យល់ថា "ប្រសិនបើមានអ្វីមួយដែលសំខាន់គ្រប់គ្រាន់សម្រាប់ខ្លួនអ្នក អ្នកគួរតែខិតខំព្យាយាម បើទោះបីជាអ្នកគិតថា លទ្ធផលអាចមានភាពបរាជ័យក៏ដោយ។"
ការជ្រើសរើសផ្លូវជីវិតរបស់ លោក អែលលូន ម៉ាស (Elon Musk) ក្នុងការធ្វើឱ្យពិភពលោកក្លាយជាកន្លែងដ៏ល្អប្រសើរមួយ គឺជាការបំផុសគំនិត និងការលើកទឹកចិត្តមួយដល់មនុស្សគ្រប់គ្នា។ ការផ្សងគ្រោះថ្នាក់ ការងើបឡើងវិញបន្ទាប់ពីទទួលភាពបរាជ័យ មិនចុះចាញ់នឹងភាពភ័យខ្លាច និងការព្យាយាមដើម្បីសម្រេចបាននូវអ្វីដែលមិនអាចទៅរួចនោះ លោក អែលលូន ម៉ាស (Elon Musk) បានឆ្លងកាត់រឿងអស់ទាំងនេះរួចហើយ។ ដូច្នេះ តើអ្នកអាចពុះពារឆ្លងកាត់បញ្ហាដែលអ្នកជួបប្រទះក្នុងជីវិតរបស់អ្នកដូចគាត់បានទេ? សួរខ្លួនឯងថា តើអ្នកអាចទ្រាំទ្រនូវសម្ពាធជីវិតបែបនេះទេ? មិនថាអ្នកចង់ក្លាយជា លោក អែលលូន ម៉ាស (Elon Musk) ទី២ ឬគ្រាន់តែធ្វើអ្វីមួយដែលសំខាន់សម្រាប់ខ្លួនអ្នក ឬដើម្បីផ្គត់ផ្គង់គ្រួសាររបស់អ្នកនោះទេ អ្នកនឹងអាចប្រឈមមុខនឹងការលំបាកក្នុងដំណើរឆ្ពោះទៅរកភាពជោគជ័យរបស់អ្នក ហើយភាពលំបាកអាចជារឿងធម្មតាទៅហើយសម្រាប់មនុស្សម្នាក់ ព្រោះក្នុងជីវិតមនុស្សម្នាក់ គ្មានអ្នកណាតែងតែមានភាពស្រណុកសុខស្រួលនោះទេ។ ហើយវាជាផ្លូវដែលមនុស្សភាគច្រើនត្រូវដើរឆ្លងកាត់។ នរណាម្នាក់ដែលអាចឆ្លងផុតពីភាពបរាជ័យ វាគឺជាបទពិសោធន៍ និងចំណេះដឹងមួយ ដែលមិនអាចយកអ្វីមកជំនួសបាន។ ដូច្នេះ សួរខ្លួនឯងថា តើការបរាជ័យ គឺជាឧបសគ្គដែលរារាំងអ្នកពីភាពជោគជ័យមែនទេ?