ប្រព័ន្ធស្ទាក់ចាប់មីស៊ីល Iron Dome បានវាយប្រហារទីក្រុង Tel Aviv វិញជំនួសឱ្យការទប់ទល់នឹងគ្រាប់រ៉ុក្កែតរបស់ក្រុម Qassam! តើក្រុម Wagner បានជ្រៀតចូលអ៊ីស្រាអែលហើយរឺ? ខណៈនោះនាវាមុជទឹកនុយក្លេអ៊ែររបស់អាមេរិក Ohio បានមកដល់ឆ្នេរសមុទ្រ Gaza ដើម្បីគំរាមកំហែងក្រុម Hezbollah និងអ៊ីរ៉ង់! រួមជាមួយនឹងការទម្លាក់គ្រឿងសម្ភារៈជំនួយពីយន្តហោះហ្សកដានីចូលទៅកាន់តំបន់ហ្គាហ្សាស្ទ្រីប ដោយមានជំនួយផ្នែកវេជ្ជសាស្រ្ត ដោយបានសម្របសម្រួលជាមួយអ៊ីស្រាអែល និងខណៈដែលកងទ័ពអ៊ីស្រាអែលកំពុងធ្លាក់ចុះនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប និងការវាយប្រហាររបស់កងពលតូច Qassam មកលើរថពាសដែកអ៊ីស្រាអែល ការស្នើសុំឱ្យមានបទឈប់បាញ់កំពុងតែកើនឡើង ដូចដែលលោកអូបាម៉ាបានសង្កត់ធ្ងន់ថាគ្មាននរណាម្នាក់ស្អាតស្អំនៅក្នុងសង្គ្រាមនេះទេ ដែលជាការថ្កោលទោសយ៉ាងច្បាស់ពីអ៊ីស្រាអែល! កងកម្លាំងអ៊ីស្រាអែលកំពុងព្យាយាមឡោមព័ទ្ធទីក្រុង Gaza ដើម្បីទៅដល់មន្ទីរពេទ្យ Al-Shifa ជាកន្លែងដែលអ៊ីស្រាអែលជឿថាមេដឹកនាំក្រុមហាម៉ាស់នៅហ្គាហ្សាស្ថិតនៅក្រោមមន្ទីរពេទ្យនោះ! ក្រុមហាម៉ាសបានឆ្លើយតបដោយទាមទារឲ្យអង្គការសហប្រជាជាតិពិនិត្យមើលមន្ទីរពេទ្យនោះដើម្បីបដិសេធការចោទប្រកាន់របស់អ៊ីស្រាអែល។ តើសង្រ្គាមនៅហ្គាហ្សាជិតបញ្ចប់ហើយរឺនៅ?
-
Iron Dome របស់អ៊ីស្រាអែលដំណើរការខុសបញ្ជូនមីស៊ីលមកកាន់ទីក្រុង Tel Aviv វិញ
យោងតាមសារព័ត៌មាន Middle East Monitor ចុះផ្សាយថ្ងៃទី០៦ ខែវិច្ឆិកាបានអោយដឹងថា វីដេអូដែលត្រូវបានចែករំលែកតាមអ៊ីនធឺណិតហាក់ដូចជាបង្ហាញឡើងពីប្រព័ន្ធការពារ Iron Dome របស់អ៊ីស្រាអែលដំណើរការខុសប្រក្រតី និងវាយប្រហារទីតាំងនានាក្នុងទីក្រុង Tel Aviv វិញ។
ប្រព័ន្ធដែលត្រូវបានរចនាឡើងដើម្បីការពារប្រឆាំងនឹងអាវុធរយៈចម្ងាយខ្លីដែលចូលមកដោយរារាំងពួកវាមិនឱ្យទៅដល់គោលដៅរបស់ពួកវាត្រូវបានមើលឃើញថាបានបំភ្លឺផ្ទៃមេឃរបស់ទីក្រុង Tel Aviv កាលពីយប់មិញជាមួយនឹងឧបករណ៍គ្រឿងមីស៊ីលស្ទាក់ចាប់របស់វា ដែលហាក់ដូចជាវិលជុំនៅលើមេឃ និងទីបំផុតធ្លាក់ចុះមកក្នុងទីក្រុង Tel Aviv បណ្តាលអោយបំផ្លាញទ្រព្យសម្បត្តិក្នុងស្រុក។
មិនមានរបាយការណ៍ណាមួយបង្ហាញពីការស្លាប់បណ្តាលមកពីការដំណើរការខុសនេះទេ។
អ៊ីស្រាអែលមាន Battery ប្រព័ន្ធ Iron Dome យ៉ាងតិច ១០ គ្រឿងដែលដាក់នៅជុំវិញប្រទេសដើម្បីការពារជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដោយ Battery ប្រព័ន្ធនីមួយៗអាចការពារផ្ទៃដីរហូតដល់ជិត ៦០ ម៉ាយការ៉េ។
-
នាវាមុជទឹកនុយក្លេអ៊ែរអាមេរិកមកដល់ហ្គាហ្សា
យោងតាមសារព័ត៌មាន CNN ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា នៅក្នុងសេចក្តីប្រកាសដ៏កម្រមួយ យោធាអាមេរិកបានលើកឡើងថា នាវាមុជទឹកដឹកនាំដោយមីស៊ីលមួយគ្រឿងរបស់អាមេរិកបានមកដល់មជ្ឈិមបូព៌ា ដែលជាសារបង្ហាញនៃការរារាំងយ៉ាងច្បាស់លាស់ទៅកាន់សត្រូវក្នុងតំបន់ ខណៈដែលរដ្ឋបាលលោក Biden កំពុងតែព្យាយាមបញ្ចៀសជម្លោះដែលកាន់តែរីកធំឡើងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។
ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិកបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃអាទិត្យថា នាវាមុជទឹកថ្នាក់រដ្ឋ Ohio កំពុងតែចូលទៅកាន់តំបន់ដែលវាត្រូវទទួលខុសត្រូវការងារ។ រូបភាពដែលបានបង្ហោះឡើងអមនឹងសេចក្តីប្រកាសនោះគឺបានបង្ហាញឡើងនាវាមុជទឹកបានមកដល់ព្រែកជីកស៊ុយអេនៅភាគឦសាននៃទីក្រុង Cairo ហើយ។
ការបង្ហោះតាមប្រព័ន្ធផ្សព្វផ្សាយសង្គមមិនបានបញ្ចេញឈ្មោះនាវានោះទេ ប៉ុន្តែកងទ័ពជើងទឹកអាមេរិកមាននាវាមុជទឹកដឹកនាំដោយមីស៊ីលកម្រិតថ្នាក់រដ្ឋ Ohio ចំនួន 4 គ្រឿង រឺហៅថា SSGN ដែលជាអតីតនាវាមុជទឹកមីស៊ីលផ្លោងត្រូវបានបំប្លែងទៅជាមីស៊ីលគ្រូស Tomahawk។
-
ហ្ស៊កដានីទម្លាក់ជំនួយពីយន្តហោះដល់តំបន់ហ្គាហ្សាអំឡុងពេលសង្គ្រាម
យោងតាមសារព័ត៌មាន AXIOS ចុះផ្សាយថ្ងៃទី០៥ ខែវិច្ឆិកាបានអោយដឹងថា ស្តេច Abdullah II របស់ប្រទេសហ្ស៊កដានីបានប្រកាសនៅព្រឹកថ្ងៃចន្ទថា កងកម្លាំងទ័ពអាកាសរបស់ប្រទេសហ្ស៊កដានីបានទម្លាក់ "ជំនួយផ្នែកវេជ្ជសាស្រ្ដបន្ទាន់" ទៅកាន់មន្ទីរពេទ្យវាលមួយរបស់ហ្ស៊កដានីនៅក្នុងតំបន់ហ្គាហ្សា ខណៈពេលដែលមានការព្រមានកើនឡើងជុំវិញបញ្ហាខ្វះខាតការផ្គត់ផ្គង់នៅមន្ទីរពេទ្យដែលមានមនុស្សស្នាក់នៅព្យាបាលយ៉ាងច្រើននៅក្នុងអំឡុងពេលសង្គ្រាមអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាសនេះ។
មន្ត្រីអ៊ីស្រាអែលបានប្រាប់សារព័ត៌មាន Axios ថា ការទម្លាក់ជំនួយតាមយន្តហោះរបស់ហ្សកដានីនេះ ត្រូវបានធ្វើឡើងនៅក្រោមការសម្របសម្រួលជាមួយយោធារបស់អ៊ីស្រាអែល។
យោធារបស់ប្រទេសហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការផ្គត់ផ្គង់ផ្នែកវេជ្ជសាស្រ្តនេះត្រូវបានទម្លាក់តាមឆ័ត្រយោងពីយន្តហោះរបស់កងទ័ពអាកាសហ្ស៊កដានីមក ដោយសារតែមន្ទីរពេទ្យកំពុងតែអស់គ្រឿងសម្ភារៈជំនួយ។
ការទម្លាក់ជំនួយតាមយន្តហោះនេះគឺមានភាពចាំបាច់ ដោយសារតែមានការពន្យារពេលនៃការដឹកជញ្ជូនជំនួយតាមព្រំដែន Rafah រវាងប្រទេសអេហ្ស៊ីប និង Gaza នេះបើយោងតាមយោធាហ្សកដានី។