ការដាក់ពង្រាយអាវុធស្ទាក់ចាប់មីស៊ីល Iron Dome និងប្តូរទិសដៅប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែលទាំងនេះសំរាប់ការពារតែគោលដៅយុទ្ធសាស្ត្រប៉ុណ្ណោះ! ជាមួយនឹងបរាជ័យនៃការទន្ទ្រានចូលតំបន់ភាគកណ្តាលនៃហ្គាហ្សានៅលើផ្លូវហាយវេ Salah al-Din ពីភូមិ Juhr al-Dik។ ខណៈពេលដែលកងទ័ពអ៊ីស្រាអែលបានប្រកាសពីការរំដោះអ្នកទោសអ៊ីស្រាអែលនៅក្នុងប្រតិបត្តិការលុកលុយមួយនៅក្នុងតំបន់ហ្គាហ្សា ស្របពេលជាមួយនឹងក្រុមហាម៉ាសបានផ្សព្វផ្សាយវីដេអូរបស់ចំណាប់ខ្មាំងស្ត្រីជនជាតិអ៊ីស្រាអែល ដែលទាមទារអោយលោក Netanyahu ទទួលខុសត្រូវចំពោះការវាយប្រហាររបស់ក្រុម Hamas! លោក Netanyahu ឆ្លើយតបថានេះជាសង្គ្រាមចិត្តសាស្ត្រដ៏សាហាវពីក្រុមហាម៉ាស! ខណៈពេលដែលលោក Thomas Friedman បានចង្អុលបង្ហាញថាការគាំទ្ររបស់អាមេរិកសម្រាប់ប្រតិបត្តិការអ៊ីស្រាអែលនៅហ្គាហ្សាអាចមានរយៈពេលដែនកំណត់! តើលោក Netanyahu ជិតអស់ពេលវេលាហើយមែនទេ?
-
ហេតុអ្វីអ៊ីស្រាអែលកំរិតការប្រើប្រាស់អាវុធស្ទាក់ចាប់មីស៊ីល Iron Dome?
យោងតាមសារព័ត៌មាន Israel Radar ចុះផ្សាយថ្ងៃទី៣០ ខែតុលាបានអោយដឹងថា មានមីស៊ីលវាយប្រហារបានកើនឡើងបន្ថែមទៀតត្រូវបានរាយការណ៍នៅក្នុងប្រទេសអ៊ីស្រាអែលរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។ ប៉ុន្តែកងកម្លាំងអ៊ីស្រាអែល IDF ហាក់ដូចជាកំពុងកម្រិតនៃការប្រើប្រាស់អាវុធស្ទាក់ចាប់មីស៊ីល Iron Dome ទៅវិញ។ តើនេះបណ្តាលមកពីមូលហេតុអ្វី? ប្រភពរបស់ Israel Radar បានបង្ហាញអោយដឹងថា ទាំងនេះអាចបណ្តាលមកពីហេតុផលកត្តា២យ៉ាង។ ហេតុផលទី1 គឺដោយសារដើម្បីរក្សាស្តុកអាវុធស្ទាក់ចាប់មីស៊ីលសំរាប់ប្រើប្រាស់នៅពេលក្រោយទៀត ដើម្បីបញ្ចៀសពីការប្រើប្រាស់អស់លឿនពេក។ យ៉ាងណាមិញនៅមានហេតុផលសំខាន់មួយទៀត…នោះគឺទី២ ដើម្បីកម្រិតការការពារ។ មានន័យថាវាគឺជាការក្រើនរំលឹកមួយដល់អ៊ីស្រាអែលថា នៅពេលមានមីស៊ីលវាយប្រហារមក សូមព្យាយាមស្វែងរកទីជំរកការពារ ដោយកុំពឹងផ្អែកលើប្រព័ន្ធការពារដែនអាកាសទាំងនេះ។ ព្រោះបើសិនជាករណីណាមួយដែលមានសង្រ្គាមទប់ទល់នឹងក្រុមហេសបូឡា អាវុធស្ទាក់ចាប់មីស៊ីល Iron Dome នឹងប្តូរទិសដៅទៅការពារតែទីតាំងគោលដៅយុទ្ធសាស្ត្រតែប៉ុណ្ណោះ។ ជនជាតិអ៊ីស្រាអែលត្រូវតែស៊ាំនឹងរឿងនេះអោយហើយ។ ប្រសិនបើមាន Iron Dome កាន់តែតិច នោះត្រូវមានជម្រកការពារពីគ្រាប់បែកកាន់តែច្រើន។
-
កងទ័ពអ៊ីស្រាអែលប្រកាសពីការរំដោះអ្នកទោសក្នុងប្រតិបត្តិការទន្ទ្រានចូល
យោងតាមសារព័ត៌មាន Ynet News ចុះផ្សាយថ្ងៃទី៣១ ខែតុលាបានអោយដឹងថា អ៊ីស្រាអែលបានប្រកាសកាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ីស្រាអែល IDF បានទទួលជោគជ័យក្នុងការរំដោះសមាជិកនៃកងកម្លាំង IDF ម្នាក់នៅក្នុងប្រតិបត្តិការទន្ទ្រានចូលតំបន់ហ្គាហ្សា ដែលត្រូវបានចាប់ធ្វើជាចំណាប់ខ្មាំងដោយក្រុមហាម៉ាសក្នុងអំឡុងពេលការវាយប្រហារភេរវកម្មកាលពីថ្ងៃទី 7 ខែតុលា។
សមាជិកនៃកងកម្លាំងអ៊ីស្រាអែលមួយរូបនោះ គឺទាហានស្រីដែលមានឈ្មោះថា Or Megidish ដែលបានបម្រើការជាអ្នកឃ្លាំមើលនៅតាមព្រំដែន Gaza ហើយត្រូវបានរកឃើញថាពេលនេះមានសុខភាពល្អ និងបានជួបជុំជាមួយគ្រួសាររបស់នាងឡើងវិញហើយ។
យោធាបានលើកឡើងថា ប្រតិបត្តិការដ៏គ្រោះថ្នាក់នេះត្រូវបានអនុវត្តឡើងដោយកិច្ចសហការជាមួយអង្គភាព Shin Bet និងជំនួយពីអង្គភាព Mossad របស់អ៊ីស្រាអែល។
-
ក្រុមហាម៉ាសចេញផ្សាយវិដេអូចំណាប់ខ្មាំងថ្កោលទោសរដ្ឋាភិបាលអ៊ីស្រាអែល
យោងតាមសារព័ត៌មាន WION ចុះផ្សាយថ្ងៃទី៣០ ខែតុលាបានអោយដឹងថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu បានថ្កោលទោសទៅលើវិដេអូមួយដែលចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធហាម៉ាសថាជាវិដេអូឃោសនា ខណៈដែលវិដេអូនេះមានបង្ហាញអំពីស្រ្តីចំណាប់ខ្មាំងបីនាក់ដែលត្រូវបានចាប់ខ្លួន កំពុងរិះគន់រដ្ឋាភិបាលចំពោះសង្រ្គាមដែលកំពុងបន្តនេះ។
ក្រុមភេរវករបានបញ្ចេញវីដេអូរយៈពេល 76 វិនាទី ដែលបង្ហាញឱ្យឃើញស្ត្រីជនជាតិអ៊ីស្រាអែលបីនាក់អង្គុយលើកៅអីជ័រ ហើយទល់មុខនឹងកាមេរ៉ា។
ឃ្លីបនោះបង្ហាញស្ត្រីម្នាក់ក្នុងចំណោមនោះ ដែលអង្គុយនៅកណ្តាល បានធ្វើការចោទប្រកាន់ឡើងចំពោះរដ្ឋាភិបាលអ៊ីស្រាអែលថាបានទុកប្រជាជនចោលអោយគ្មានទីពឹងនៅក្នុងអំឡុងពេលការវាយប្រហាររបស់ក្រុមហាម៉ាស។
ជាងនេះទៅទៀតនាងសូមអង្វរឲ្យមានការដោះដូរចំណាប់ខ្មាំងអ្នកទោសប៉ាឡេស្ទីនដែលឃុំខ្លួនក្នុងគុកអ៊ីស្រាអែលផងដែរ។
ទន្ទឹមនឹងនេះ លោក Netanyahu បានរិះគន់វីដេអូនេះ ដោយហៅវាថាជា"សង្គ្រាមចិត្តសាស្រ្តដ៏ឃោរឃៅពីក្រុមហាម៉ាស"។
លោក Netanyahu ក៏បានច្រានចោលការដោះដូរអ្នកទោសភ្លាមៗ ហើយបាននិយាយថា ការវាយលុកនៅតំបន់ហ្គាហ្សានឹងដាក់សម្ពាធលើក្រុមហាម៉ាសអោយពួកគេធ្វើសម្បទានជាមិនខាន។