កំពង់ស្ពឺ៖ សិស្សប្រឡងជាប់ មធ្យមសិក្សាទុតិយភូមិនិទ្ទេសAចំនួនជាង១៧០០នាក់ នឹងទទួលបាន IPad សម្រាប់ប្រើប្រាស់ក្នុងការសិក្សាពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា។ មានប្រសាសន៍ក្នុងពិធីបើកការដ្ឋានស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤១ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា សម្ដេចបានបញ្ជាទិញ IPad ត្រៀមប្រគល់ជូនដល់សិស្សនិទ្ទេសAចំនួនជាង១៧០០នាក់។ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរដល់ក្រសួងអប់រំយុវជន និងកីឡាអាជ្ញាធរដែលពាក់ព័ន្ធដែលបានដឹកនាំការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុបទទួលបានជោគជ័យខណៈអ្នកជាប់បាក់ឌុបឆ្នាំនេះមានប្រមាណជាង៧២ភាគរយ។
យ៉ាងណាក៏ដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានលើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់ឱ្យបន្តការសិក្សា ដើម្បីប្រឡងនៅឆ្នាំក្រោយទៀត ឬអាចរៀនថ្នាក់បរិញ្ញាបត្ររងក៏បានដែរ។ នៅក្នុងពិធីដដែលនេះសម្តេចតេជោ ហ៊ុន សែន បានប្រកាសថា សម្តេចនឹងជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA ដែលទើបប្រឡងជាប់បាក់ឌុបនៅក្នុងខែកុម្ភៈ ២០២៣ខាងមុខ។ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា បេក្ខជនប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ឆ្នាំ២០២២ សរុបចំនួន៩០៩៥០នាក់ត្រូវជា៧២.៣៣ភាគរយនៃចំនួនបេក្ខជនមកប្រឡង៕