Instagram បានរារាំងការបង្ហោះដោយប្រើ hashtag ដែលបង្ហាញពីការរំលឹកដល់ជនរងគ្រោះនៃការធ្លាក់យន្តហោះអ៊ុយក្រែន ដែលត្រូវបានគេបាញ់ទម្លាក់ដោយកងកម្លាំងសន្តិសុខអ៊ីរ៉ង់កាលពីពីរឆ្នាំមុន។
ក្រុមគ្រួសារនៃជនរងគ្រោះទាំង 176 នាក់បានរកឃើញការបង្ហោះដែលមាន hashtag #IWillLightACandletoo ក៏ដូចជាក្នុងភាសា Persian មិនអាចមើលឃើញដោយអ្នកប្រើប្រាស់បានទេ។ អ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតបាននិយាយថា វាហាក់ដូចជាប្រទេសអ៊ីរ៉ង់បានរៀបចំប្លុកដោយការ Report ពីការបង្ហោះនេះ។
អាកាសចរណ៍អ៊ុយក្រែន ជើងហោះហើរ PS752 ត្រូវបានវាយប្រហារដោយមីស៊ីលចំនួនពីរ បន្ទាប់ពីហោះចេញពីទីក្រុង Tehran កាលពីថ្ងៃទី 8 ខែមករា ឆ្នាំ 2020។ អ៊ីរ៉ង់បានស្តីបន្ទោសកំហុសរបស់មនុស្សចំពោះគ្រោះមហន្តរាយនេះ ដោយនិយាយថា អង្គភាពការពារដែនអាកាសបានច្រឡំយន្តហោះ Boeing 737-800 ជាមីស៊ីលរបស់សហរដ្ឋអាមេរិក។
សមាជិកនាវិក ៩ នាក់ត្រូវបានសម្លាប់ រួមជាមួយនឹងអ្នកដំណើរចំនួន ១៦៧ នាក់។ អ៊ុយក្រែនបានច្រានចោលការរកឃើញនៃការស៊ើបអង្កេតរបស់អ៊ីរ៉ង់លើការធ្លាក់យន្តហោះនេះថាជា "ការប៉ុនប៉ងដ៏ឃោរឃៅ" ដើម្បីលាក់បាំងការពិត។
សមាគមគ្រួសារជនរងគ្រោះបានចាប់ផ្តើមប្រើប្រាស់ hashtag #IWillLightACandletoo ជាការបង្ហាញពីសាមគ្គីភាពក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មុនពេលខួបលើកទី 2 នៃការធ្លាក់យន្តហោះ ប៉ុន្តែបានរកឃើញថាវាត្រូវបានប្លុក។
លោក Hamed Esmaeilion អ្នកនាំពាក្យសមាគមនេះ ក៏ជាអ្នកដែលបានបាត់បង់ប្រពន្ធ និងកូនស្រីរបស់គាត់នៅក្នុងហេតុការណ៍នោះ បាននិយាយថា៖ «វាពិតជាគួរឲ្យខកចិត្តយ៉ាងខ្លាំង មិនមានអ្វីដែលជាការប្រមាថចំពោះ hashtags នេះនោះទេ ប៉ុន្តែគួរឲ្យសោកស្ដាយដែលក្រុមហ៊ុនធំៗដូចជា Facebook [ដែលឥឡូវគេហៅថា Meta និងជាម្ចាស់ Instagram] ត្រូវបានបោកបញ្ឆោតយ៉ាងងាយ ដោយកងទ័ពអ៊ីនធឺណិតនៃរបបផ្តាច់ការ»។ ។
ការឆ្លើយតបដោយស្វ័យប្រវត្តិរបស់ Instagram បាននិយាយថា ការបង្ហោះបានដាក់កំហិត ដោយសារតែសហគមន៍បាន Report អំពីមាតិកាមួយចំនួន ដែលប្រហែលជាមិនស្របតាមគោលការណ៍ណែនាំរបស់ Instagram ។ វាមិនច្បាស់ថានរណាជាអ្នក report “hashtag” ឬហេតុអ្វីនោះទេ ប៉ុន្តែអ្នកជំនាញផ្នែកសន្តិសុខតាមអ៊ីនធឺណិតនៅមជ្ឈិមបូព៌ា លោក Amir Rashidi សង្ស័យថា វាត្រូវបានគេរៀបចំ។ ប្លុកនេះត្រូវបានដកចេញជិត 24 ម៉ោងហើយ តែដោយសារបន្ទាប់ពីសកម្មជន Persian និងអង្គការប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានទាក់ទងទៅ Instagram/Meta ប៉ុណ្ណោះ។
នៅក្នុងការឆ្លើយតបទៅនឹងការស៊ើបអង្កេតរបស់ BBC, អ្នកនាំពាក្យ Meta បាននិយាយថា "យើងបានដឹងហើយថា hashtags ទាំងនេះត្រូវបាន ”ដាក់កំហិតដោយសារកំហុសបច្ចេកវិជ្ជា” ហើយបានធ្វើការយ៉ាងឆាប់រហ័សដើម្បីជួសជុលវា។ ឥឡូវនេះអ្នកគួរតែអាចប្រើ hashtags ទាំងនេះបានជាធម្មតា ហើយយើងសូមអភ័យទោសចំពោះការរអាក់រអួល ឬការភាន់ច្រលំណាមួយដែលបង្កឡើង។"
ប៉ុន្តែនេះមិនមែនជាឧប្បត្តិហេតុតែមួយគត់ដែល hashtag ឬការបង្ហោះត្រូវបានកំណត់ដោយ Instagram នោះទេ។ យោងតាមអ្នកប្រើប្រាស់ជនជាតិអ៊ីរ៉ង់មួយចំនួន Instagram បានហាមឃាត់មាតិកាដែលបង្ហាញពីភាពឃោរឃៅរបស់ប៉ូលីសក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយលើកឡើងពីអំពើរឃោរឃៅនៃវីដេអូទាំងនោះ។
លោក Rashidi បាននិយាយថា "ប្រសិនបើពួកគេមិនចង់ប្រើជាឧបករណ៍សម្រាប់ការបង្ក្រាប, វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា Meta ត្រូវតែសហការជាមួយអង្គការសេរីភាពអ៊ីនធឺណិតដែលទុកចិត្តបាន និងមនុស្សដែលមានចំណេះដឹងក្នុងតំបន់អំពីបរិបទនយោបាយ និងវប្បធម៌នៃប្រទេសនីមួយៗ"។ "ទាំងនេះមិនមែនជាការសម្រេចចិត្តដែលអាចទុកសម្រាប់ម៉ាស៊ីនជាអ្នកវិនិច្ឆ័យនោះទេ"៕
អត្ថបទដកស្រង់ពី Rana Rahimpour
បកប្រែនិងកែសម្រួលដោយ Mr. Blue